ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​សំបក​ណែម​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ​ដោយសារ​ចំណូល​តិច

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ របរ​ផលិត​សំបក​ណែម​ដែល​ជា​អត្តសញ្ញាណ និង​ជា​កេរដំណែល​ដូនតា​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ អាច​ប្រឈម​នឹង​ការ​បាត់បង់​នា​ពេល​ខាង​មុខ បើ​ពុំ​មានការ​ជួយ​គាំទ្រ​ពី​អង្គការ​នានា ឬ

ខេត្តបាត់ដំបង ៖ របរ​ផលិត​សំបក​ណែម​ដែល​ជា​អត្តសញ្ញាណ និង​ជា​កេរដំណែល​ដូនតា​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ អាច​ប្រឈម​នឹង​ការ​បាត់បង់​នា​ពេល​ខាង​មុខ បើ​ពុំ​មានការ​ជួយ​គាំទ្រ​ពី​អង្គការ​នានា ឬ​អាជ្ញាធរ​មូលដ្ឋាន​ទេ ដោយសារ​តែ​ការ​ផលិត​សំបក​ណែម ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន និង​រក​ចំណូល​បាន​តិចតួច មិន​សមាមាត្រ​នឹង​ទុន​ដែល​បាន​ចំណាយ។

ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​ផលិត​សំបក​ណែម​នៅ​ភូមិ​នេះ​ស្ទើរ​ជាង​ពាក់កណ្ដាល​បាន​បោះបង់​ជិត​អស់ហើយ និង​នាំ​គ្នា​ធ្វើ​ចំណាក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយសារ​មុខរបរ​នេះ​មិន​កាក់កប និង​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន ។

ជុំវិញ​បញ្ហា​នេះ អ្នក​ផលិត​សំបក​ណែម លោក ឌុ​ក អ៊ា​ន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក បាន​រៀបរាប់​អំពី​ប្រវត្តិ​ខ្លះ​ៗ​ថា គ្រួសារ​លោក​បាន​ប្រកប​របរ​នេះ​បន្ត​ពី​ដូនតា​ច្រើន​ជំនាន់​ហើយ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

អ្នក​ធ្វើ​សំបក​ណែម​រូប​នេះ បាន​បន្ដ​ថា កន្លង​ទៅ​អ្នក​ធ្វើ​សំបក​ណែម​នៅ​ភូមិ​ដូនទាវ​មាន​ច្រើន​គ្រួសារ​ណាស់ តែ​ពេល​នេះ​បាន​បោះបង់​ជាង​ពាក់កណ្ដាល​ហើយ ដោយសារ​រក​ចំណូល​ពី​ការ​ធ្វើ​សំបក​ណែម​មិន​អាច​ទ្រទ្រង់​ជីវភាព​បាន ។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​៖ « ការ​ផលិត​សំបក​ណែម​មិន​ចំណាយ​ដើម​ច្រើន​ប៉ុន្មាន​ទេ តែ​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន ហើយ​ធ្វើ​គ្មាន​ពេលទំនេរ​ទេ រីឯ​ប្រាក់​ចំណេញ​តិចតួច » ។

លោក ឌុ​ក អ៊ា​ន បាន​បង្ហាញ​ពី​គំនិត​ខ្លះ​ៗ​ថា អាជ្ញាធរ​គួរតែ​យកចិត្តទុកដាក់​ជួយ​គាំទ្រ តាម​រយៈ​វិធានការ​ផ្សេង​ៗ​ដើម្បី​ទ្រទ្រង់​មុខរបរ​នេះ បើ​មិន​ដូច្នេះ​ទេ នៅ​ថ្ងៃ​អនាគត អាច​ប្រឈម​នឹង​ការ​បាត់បង់​ជា​មិន​ខាន ។

មិនមែន​តែ​លោក ឌុ​ក អ៊ា​ន ទេ​ដែល​បាន​ត្អូញត្អែរ​អំពី​ការ​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ​របរ​ផលិត​សំបក​ណែម​នេះ ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​មូលដ្ឋាន ក៏​បាន​លើក​ឡើង​អំពី​ផលវិបាក​ផង​ដែរ ។ អ្នក​ភូមិ​ភាគច្រើន​បាន​លើក​ហេតុផល​អំពី​ការ​ផលិត​សំបក​ណែម​នេះ​ដែល​មាន​ទីផ្សារ​តូច​ចង្អៀត ។ ការ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន តែ​រក​ចំណូល​បាន​តិច មិន​សមាមាត្រ​នឹង​ការ​ចំណាយ ។
អ្នក​ផលិត​បាន​និយាយ​ថា ៖ « វត្ថុធាតុដើម នៃ​ការ​ផលិត​សំបក​ណែម​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន យើង​ចំណាយ​ទុន​តែ​លើ​ការ​ទិញ​អង្ករ ទឹក​ស្អាត និង​អំបិល​ទេ រីឯ​អង្កាម ឬ​អាចម៍រណារ​សម្រាប់​ដុត មិន​ពិបាក​ចំណាយ​ទុន​ឡើយ តែ​ពេល​នេះ​គឺ​ត្រូវ​ចំណាយ​ទុន​ទាំងស្រុង » ។

ដោយឡែក​តម្លៃ​សំបក​ណែម​នៅ​លើ​ទីផ្សារ មិន​មានការ​ប្រែប្រួល​ទេ និង​កាន់តែ​រួម​តូច​ជាង​មុន មិនសូវ​មាន​ម៉ូយ​មក​ទិញ​ឡើយ ដែល​ជា​ការ​ប្រឈម​បំផុត​សម្រាប់​អ្នក​ផលិត ។

ពួក​គាត់​បាន​សំណូមពរ​សុំ​ឲ្យ​អង្គការ សមាគម​នានា ឬ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ទ្រទ្រង់​ដល់​មុខរបរ​នេះ​ផង ដើម្បី​ចៀសវាង​បាត់​អត្តសញ្ញាណ ព្រោះ​សិប្បកម្ម​ផលិត​សំបក​ណែម​នៅ​ភូមិ​នេះ​ជា​មុខរបរ​បន្ត​កេរ​ពី​ដូនតា​ច្រើន​ជំនាន់​ហើយ​។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា បើ​តាម​ការ​កត់សម្គាល់​នា​បច្ចុប្បន្ន​នេះ សិប្បកម្ម​ផលិត​សំបក​ណែម​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​អំពី​សកម្មភាព​នៃ​ការ​ធ្វើ​សំបក​ណែម​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ក្នុងស្រុក​ឯក​ភ្នំ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​បាន​ប្រាក់​ចំណូល​តិចតួច​ពី​ការ​លក់​សំបក​ណែម ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ អាច​បង្កើន​មុខរបរ​បាន​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ ឬ​ចំណីអាហារ​នានា​ដល់​ភ្ញៀវ​ទៀត​ផង ពេល​ភ្ញៀវ​ធ្វើ​ដំណើរ​ទៅ​ទស្សនាការ​ធ្វើ​សំបក​ណែម​នេះ ប៉ុន្តែ​បើ​មុខរបរ​ធ្វើ​នេះ​ដួល​រលំ មុខរប​ប្រចាំ​ថ្ងៃ​តូចតាច​ដទៃ​ទៀត​របស់​អ្នក​ភូមិ ក៏​រង​ផល​ប៉ះពាល់​ដែរ។ ដូច្នេះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គួរតែ​រិះរក​វិធីសាស្ត្រ​ដើម្បី​ជួយ​ទ្រទ្រង់​ថែរក្សា ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សិប្បកម្ម​មួយ​នេះ​ដួល​រលំ ព្រោះ​វា​ជា​មុខរបរ​ប្រវត្តិសាស្ត្រ​តំណ​ពី​ដូនតា ហើយ​ក៏​ជា​និមិត្ត​រូប ​សម្រាប់​អត្តសញ្ញាណ​ខេត្តបាត់ដំបង មួយ​ដែរ ។

ជាមួយនឹង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​ផលិត​សំបក​ណែម​នៅ​ភូមិ​ដូនទាវ​នេះ មេឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ លោក តាំង រើ​ន បាន​ផ្ដល់​បទ​សម្ភាសន៍ ជាមួយ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ៖ « បញ្ហា​សិប្បកម្ម​សំបក​ណែម​នេះ យើង​បាន​ប្រជុំ​ពិភាក្សា​គ្នា​ច្រើន​លើក​ដែរ​ជាមួយនឹង​អង្គការ​នានា ដើម្បី​ចងក្រង​ជា​សមាគម​មួយ ក្នុង​គោលដៅ​ជួយ​ថែរក្សា​អត្តសញ្ញាណ​សំបក​ណែម​នេះ តែ​ទៅ​មិន​រួច ដោយសារ​គ្មាន​ថវិកា​ដើម្បី​ទ្រទ្រង់ » ។

លោក​មេឃុំ​បាន​បញ្ជាក់​ថា កាល​ដើម​ឡើយ​ពលរដ្ឋ​នៅ​ភូមិ​ដូនទាវ​ដែល​ប្រកប​របរ​ធ្វើ​សំបក​ណែម​មាន​ប្រមាណ​ជាង​៧០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៣០០​គ្រួសារ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ពលរដ្ឋ​ប្រហែល​ជិត​៣០​គ្រួសារ​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ប្រកប​របរ​នេះ រីឯ​ជាង​ពាក់កណ្ដាល​ទៀត​បាន​បោះបង់​ដោយសារ​រក​ចំណូល​បាន​តិចតួច​ពេក ។

លោក តាំង រើ​ន បាន​បញ្ជាក់​ផង​ដែរ​អំពី​បញ្ហា​ការ​ប្រឈម​របស់​ពលរដ្ឋ ដោយ​លោក​ប្រាប់​ថា​៖ « អាជ្ញាធរ​ហាក់​មិន​ទាន់​មាន​វិធីសាស្ត្រ​ឬ​គម្រោង​ថ្មី ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​ប្រកប​មុខរបរ​ធ្វើ​សំបក​ណែម​ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​អត្តសញ្ញាណ​នោះ​នៅឡើយ​ទេ សំខាន់​គឺ​គ្មាន​ដៃគូ​ដើម្បី​សហការ » ៕