ខេត្តកណ្តាល ៖ បុរសកំហូចម្នាក់បានលបឡើងលើផ្ទះស្ត្រីមេម៉ាយទាំងកាយអាក្រាត រួចចូលទៅបើកមុងធ្វើសកម្មភាពស្ទាបអង្អែលលើរូបរាងកាយប៉ុនប៉ងរំលោភ ប៉ុន្តែត្រូវស្ត្រីមេម៉ាយរូបនេះភ្ញាក់ដឹងខ្លួនទាន់ក៏បានទះ២កំផ្លៀង និងធាក់មួយជើងទៀត បណ្តាលឱ្យបុរសរូបនេះភ័យរត់ចោលខោខ្លីរបស់ខ្លួន ហើយស្ត្រីមេម៉ាយក៏បានទៅប្តឹងប៉ូលិសឱ្យចាប់ខ្លួនបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីរសៀលថ្ងៃទី១៧ មីនា ។ ហេតុការណ៍ប៉ុនប៉ងរំលោភនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ មីនា នៅលើផ្ទះស្ត្រីមេម៉ាយអាយុ៤២ឆ្នាំ ស្ថិតក្នុងភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ។ បុរសកំហូចដែលត្រូវបានចាប់ខ្លួនឈ្មោះហ៊ឹង ពែក អាយុ២៨ឆ្នាំ មានទីលំនៅក្បែរផ្ទះស្ត្រីមេម៉ាយខាងលើ ។
ទាក់ទិននឹងហេតុការណ៍ប៉ុនប៉ងចាប់រំលោភនេះ មន្ត្រីប៉ូលិសបានឱ្យដឹងដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីមេម៉ាយរូបនោះថា នៅយប់ថ្ងៃទី១៥ មីនា គាត់បានចូលដេកក្នុងមុងលើផ្ទះជាមួយកូនៗ ដោយភ្លេចដាក់គន្លឹះទ្វារ ខណៈពេលកំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានមនុស្សមករាវស្ទាបអង្អែលលើខ្លួនប្រាណគាត់ធ្វើឱ្យគាត់ភ្ញាក់ពីដំណេកទាំងភិតភ័យ ។ ភ្លាមនោះគាត់ក៏ស្ទុះទៅបើកភ្លើងបំភ្លឺមើលស្រាប់តែឃើញមុខច្បាស់អ្នកដែលស្ទាបខ្លួនប្រាណគាត់នោះ គឺឈ្មោះហ៊ឹង ពែក ជាអ្នកភូមិរស់នៅក្បែរគ្នាដោយជននេះស្រាតននលគក ។ ដោយខឹងពេកគាត់ក៏បានទះកំផ្លៀងជននោះពីរដៃ ហើយជននោះក៏បានវាយគាត់មួយដៃវិញដែរ ខណៈនោះគាត់ក៏បានធាក់សងវិញមួយជើងទៀត ទើបជននោះរត់ចោលខោខ្លី និងអាវនៅលើផ្ទះគាត់ ហើយគាត់ក៏បានទៅប្តឹងប៉ូលិសឱ្យចាប់ខ្លួនគេតែម្តង ។
ក្រោយពីត្រូវចាប់ខ្លួន ឈ្មោះហ៊ឹង ពែក បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។ មុនពេលកើតហេតុខ្លួនបានផឹកស្រាសជាមួយមិត្តភក្តិអស់ចំនួន៣លីត្រ ក៏ស្រវឹង ពេលបែកវង់ផឹកក៏នឹកចង់រួមភេទទើបបែកគំនិតលបឡើងលើផ្ទះស្ត្រីមេម៉ាយនោះ តែពេលខ្លួនស្ទាបអង្អែលរាងកាយស្ត្រីនោះដឹងខ្លួនក៏ស្រែកឆោឡោឡើង និងទះខ្លួនពីរកំផ្លៀង ថែមទាំងធាក់ខ្លួន១ជើងទៀត ធ្វើឱ្យខ្លួនភ័យក៏រត់ចេញពីទីនោះ បន្ទាប់មកក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យរូបនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ