ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​បារម្ភ​ពី​ទិន្នផល​សណ្ដែកបាយ​ធ្លាក់​ចុះ​ដោយសារ​អាកាសធាតុ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កសិករ​ប្រកប​របរ​ដាំ​ដំណាំ​សណ្ដែកបាយ​នៅ​ស្រុក​ពេ​ជ្រា​ដា កំពុង​កើតក្ដី​បារម្ភ​ទៅ​លើ​ការ​បង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​ក្នុង​ឆ្នាំ​២០១៧​នេះ អាច​នឹង​ទទួល​បាន​ទិន្នផល​តិច ដោយសារ​មាន​បញ្ហា​អាកាសធាតុ

ខេត្តមណ្ឌលគិរី ៖ កសិករ​ប្រកប​របរ​ដាំ​ដំណាំ​សណ្ដែកបាយ​នៅ​ស្រុក​ពេ​ជ្រា​ដា កំពុង​កើតក្ដី​បារម្ភ​ទៅ​លើ​ការ​បង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​ក្នុង​ឆ្នាំ​២០១៧​នេះ អាច​នឹង​ទទួល​បាន​ទិន្នផល​តិច ដោយសារ​មាន​បញ្ហា​អាកាសធាតុ​មិនសូវ​ល្អ​ដូច​ឆ្នាំ​មុន ។ ទោះបី​យ៉ាងណា មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នេះ​អះអាង​ថា មិនមែន​ទាំងស្រុង​នោះ​ទេ គឺ​កើតឡើង​តិចតួច​ប៉ុណ្ណោះ ដោយសារ​កសិករ​មួយ​ចំនួន​ដាំ​ដុះ​ទាំង​ប្រថុយប្រថាន ។

កសិករ​នៅ​ភូមិ​មេ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ត្អូញត្អែរ​ថា ដំណាំ​សណ្ដែកបាយ​ឆ្នាំ​នេះ​លូតលាស់​មិនល្អ​ដូច​ឆ្នាំ​កន្លង​ទៅ​ទេ ដោយសារ​តែ​ជួប​បញ្ហា​រាំង​ស្ងួត​នៅ​ដើមរដូវ និង​ធ្លាក់​ភ្លៀង​ច្រើន​ពេក​នៅ​ពាក់កណ្ដាល​រដូវ​ដាំ​ដុះ ធ្វើ​ឲ្យ​ដំណាំ​សណ្តែកបាយ​ដុះ​មិនល្អ ខ្លះ​រលួយ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់​រាល់ថ្ងៃ ។

លោក លី គ្រៀង កំពុង​ដាំ​សណ្ដែក​លើ​ផ្ទៃដី​ចំនួន​២​ហិ​កតា និយាយ​ថា លោក​ដាំ​ដំណាំ​នេះ​២​ដង​ក្នុង​១​ឆ្នាំ ដោយ​ប្រមូល​ផល​ក្នុង​១​ហិ​កតា​ទទួល​បាន​ជាង​១​ពាន់​គីឡូក្រាម​ក្នុង​១​ឆ្នាំ ខណៈ​ដែល​តម្លៃនៅលើទីផ្សារ​អាច​ទទួលយក​បាន ។

លោក​បន្ដ​ថា ៖ « តម្លៃ​សណ្ដែកបាយ​បាន​ថ្លៃ​គួរសម​ដែរ កាលពី​ឆ្នាំ​កន្លង​ទៅ​គេ​លក់​បាន​ពី​៤​ទៅ​៥​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ហើយ​គាត់​ប្រមូល​ផល​បាន​ចំនួន​ពី​១​ពាន់​ទៅ​១,២​ពាន់​គីឡូក្រាម​ក្នុង​ហិ​កតា ប៉ុន្ដែ​ឆ្នាំ​នេះ ខ្ញុំ​គិត​ថា អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​បែប​នេះ សណ្ដែកបាយ​មិន​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​នោះ​ទេ » ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​នៅ​ទូ​ទាំង​ខេត្ត គិត​ត្រឹម​ដំណាច់​ខែឧសភា ឆ្នាំ​២០១៧ កសិក​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន​២.០៩១​ហិ​កតា ។

លោក​បន្ដ​ថា ចំពោះ​ដំណាំ​សណ្ដែកបាយ​ឆ្នាំ​នេះ បើ​តាម​ពិនិត្យ​ជាក់ស្ដែង គឺ​គ្មាន​ជួប​បញ្ហា  ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​បើ​មាន គឺ​តិចតួច​ប៉ុណ្ណោះ ។ លោក​ថា ៖ «​មាន​មួយ​ចំនួន​តិច​ទេ គឺ​ជួប​បញ្ហា​កាលពី​ដើមរដូវ ដោយសារ​ពលរដ្ឋ​មួយ​ចំនួន​នោះ​ប្រថុយប្រថាន​ដាំ​សណ្ដែក ហើយ​ដើម្បី​ជួយ​ដល់​ពួក​គាត់​ដែល​ជួបនឹង​ការ​រាំង​ស្ងួត​រយៈពេល​ខ្លី ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​ចែក​គ្រាប់ពូជ​ចំនួន​៤០០​គីឡូក្រាម​នៅ​ឃុំ​ចំនួន​ពីរ​នៅ​ស្រុក​ពេ​ជ្រា​ដា គឺ​ឃុំ​ពូ​ជ្រៃ និង​ឃុំ​ស្រែ​អំ​ពូ​ម » ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​បញ្ជាក់​ថា នៅ​ខេត្ត​នេះ មាន​តែ​ស្រុក​ពេ​ជ្រា​ដា​មួយ​ប៉ុណ្ណោះ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​៥ ។ លោក​បន្ត​ថា ៖ « សម្រាប់​ដំណាំ​សណ្ដែកបាយ​ក្នុង​១​ហិ​កតា អាច​ប្រមូល​ផល​បាន​ចំនួន​១.២០០​គីឡូក្រាម និង​ប្រើ​រយៈពេល​ដាំ​ដុះ​ពី​៧០​ទៅ​៩០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ដាំ » ៕