ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចី​ឥណទាន​អចលនទ្រព្យ​កើនឡើង​ខ្ពស់​នៅ​តំបន់​ទំនាប​កណ្ដាល និង​ខ្ពង់រាប

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កម្ចី​ឥណទាន​សម្រាប់​ប្រើប្រាស់ ការ​ស្នើ​សុំ​កម្ចី​អចលនទ្រព្យ​មាន​សន្ទុះ​ខ្លាំង​ជាងគេ ក្នុង​នោះ​តំបន់​ទំនាប​កណ្ដាល និង​ខ្ពង់រាប​មាន​កំណើន​ខ្ពស់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដី​ពី​ស​ន្ទ​ស្សន៍​

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កម្ចី​ឥណទាន​សម្រាប់​ប្រើប្រាស់ ការ​ស្នើ​សុំ​កម្ចី​អចលនទ្រព្យ​មាន​សន្ទុះ​ខ្លាំង​ជាងគេ ក្នុង​នោះ​តំបន់​ទំនាប​កណ្ដាល និង​ខ្ពង់រាប​មាន​កំណើន​ខ្ពស់ ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចុង​ក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា CBC ។

របាយការណ៍​ដដែល​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ចំនួន​នៃ​ការ​ស្នើ​សុំ​ឥណទាន​បាន​បន្ដ​កើនឡើង​រហូត​ដល់​២៩%​សមាមាត្រ​នឹង​កំណើន​ទំហំ​ឥណទាន​ស្នើ​សុំ​ប្រមាណ​៣០% ។

កំណើន​នេះ​អាស្រ័យ​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន កម្ចី​អចលនទ្រព្យ​កើនឡើង​៤៧% និង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កើនឡើង​២៨% ។ តំបន់​ទំនាប​កណ្ដាល​កើនឡើង​ខ្លាំង​ទៅ​លើ​កម្ចី​អចលនទ្រព្យ ដោយ​កើនឡើង​៨៧% បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​មុន មាន​កំណើន​១៩% ។ ដោយឡែក តំបន់​ខ្ពង់រាប​មាន​កំណើន​៤៩% បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ឆ្នាំ​មុន មាន​ត្រឹមតែ​៩%​ប៉ុណ្ណោះ​។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ស្ដីទី​របស់​ការិយាល័យ​ឥណទាន​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « ការ​ស្នើ​សុំ​ឥណទាន​បាន​ត្រឡប់​មក​ធម្មតា​វិញ បើ​ធៀប​នឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ បន្ទាប់​ពី​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​មុន​។ ក្នុង​នោះ​ចំនួន​ការ​ស្នើ​សុំ​ឥណទាន​កើនឡើង​២៩% ហើយ​ទំហំ​នៃ​ការ​ស្នើ​សុំ​ឥណទាន​កើន​៣០% ដែល​គាំទ្រ​ដោយ​កម្ចី​អចលនទ្រព្យ​មាន​កំណើន​៤៧%»។

ស្រប​ជាមួយ​នេះ​ដែរ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​លំនៅ​ឋាន​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ធនាគារ​អេ​ស៊ី​លី​ដា​បាន​បញ្ចេញ​ប្រាក់​៤០​លាន​ដុល្លារ​ទៅ​ដល់​អតិថិជន ខណៈ​ឆ្នាំ​២០១៦​ទាំងមូល​មាន​ចំនួន​២១០​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​នេះ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ថា នៅ​ដំណាច់ឆ្នាំ​មុន អេ​ស៊ី​លី​ដា បាន​ផ្តល់​ឥណទាន​ទំហំ​ទឹកប្រាក់​២១០​លាន​ដុល្លារ​ក្នុង​វិស័យ​លំនៅ​ឋាន ហើយ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​នេះ ឥណទាន​អេ​ស៊ី​លី​ដា​បាន​បញ្ចេញ​ទឹកប្រាក់​៤០​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ក្នុង​ដៃ​សរុប​៤៣,៣​ម៉ឺន​នាក់ ដែល​បាន​និង​កំពុង​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នេះ ។

យ៉ាងណា​ក៏​ដោយ ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​នេះ ធនាគារ​ត្រូវ​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​ផ្ដល់​ឥណទាន​ដើម្បី​បង្ការ​ហានិភ័យ​ណាមួយ​ដែល​អាច​កើតឡើង ។

លោក​ថា ៖ « ការ​ផ្តល់​ឥណទាន​របស់​យើង​មិន​មានការ​រឹត​បន្តឹង​នោះ​ទេ ប៉ុន្តែ​យើង​មិន​ផ្តល់​ឥណទាន​សម្រាប់​អ្នកទិញ​ផ្ទះ​ទុក​លក់​ឬ​ជួល​ទេ ព្រោះ​ប្រសិនជា​ពួក​គេ​ជួល​មិន​បាន ពួក​គេ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​សង​ត្រឡប់ »​។ លោក​បន្ត​ថា ៖ « ឥណទាន​របស់​អេ​ស៊ី​លី​ដា ផ្តោត​តែ​លើ​អ្នកទិញ​លំនៅ​ឋាន​យក​មក​រស់នៅ​ប៉ុណ្ណោះ​» ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ឥណទាន​ក្នុង​ការ​ទិញ​អចលនទ្រព្យ ពិសេស​វិស័យ​លំនៅ​ឋាន​បាន​កើន​ឡើងជា​ប្រចាំ ដោយសារ​លក្ខខណ្ឌ​នៃ​កម្ចី​កាន់តែ​ងាយស្រួល ហើយ​ប្រជាជន​កម្ពុជា​មាន​ភាព​វ័យក្មេង​ច្រើន​។ ហេតុនេះ នៅ​ពេល​ពួក​គេ​បង្កើត​គ្រួសារ ឬ​បែក​ពី​គ្រួសារ ក៏​ត្រូវការ​លំនៅ​ឋាន​ថ្មី​ដែរ ហើយ​ភាគច្រើន​ពុំ​មាន​លទ្ធភាព​បង់លុយ​ទិញ​ផ្ទះ​ទាំងស្រុង​បាន​ទេ ៕