ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកសិកម្ម មិនអាច​លក់ធូរថ្លៃជាង​សព្វថ្ងៃ​បានទេ​!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»​ នៅរសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឌិត ទីណា…

ភ្នំពេញ៖ ក្នុងកិច្ចសំណេះសំណាលជាមួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»​ នៅរសៀល​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសអំពាវនាវដល់​ក្រុមហ៊ុនណា ដែល​អាច​នាំយកជីកសិកម្ម មកលក់​ធូរថ្លៃ ដល់ប្រជា​កសិករ​​។ ប៉ុន្តែ​លោករដ្ឋមន្ត្រី បញ្ជាក់ថា តាមការសិក្សារបស់លោក គឺ​មិនមាន​ក្រុមហ៊ុន​ឯកជន​ណា ដែលអាចនាំជី ចូលមកលក់​ ឱ្យធូរថ្លៃជាងក្រុមហ៊ុនលក់​ជី​កសិកម្ម ក្នុងស្រុក​នាពេលសព្វថ្ងៃបានឡើយ។​

លោក ឌិត ទីណា ដែលទើបឡើង​កាន់តំណែង​ជារដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ៥០ថ្ងៃ គិតត្រឹមថ្ងៃទី៦ ខែធ្នូនេះ បានលើកឡើងថា «ជីហ្នឹង ខ្ញុំឱ្យពិនិត្យ​មើលអស់ហើយ! បាទ! បើមាននរណា នាំជី​មក ហើយថោក បានល្អ! នោះខ្ញុំនឹងប្រគល់​ឱ្យអ្នកនោះ នាំជី​ មកលក់​ឱ្យកសិករ​ភ្លាម! ភ្លាម! បាទ! ថោកជាងសព្វថ្ងៃនេះ គឺឱ្យនាំមកភ្លាមបាទ! ធ្វើឱ្យត្រឹមត្រូវ ជីមានគុណភាពគ្រប់គ្រាន់ ធ្វើឱ្យ​ត្រឹមត្រូវតាមការផលិត​មែន! ប្រគល់​ជូន​ឱ្យភ្លាម»។​

លោករដ្ឋមន្ត្រី ឌិត ទីណា បន្ថែមថា «ប៉ុន្តែឥឡូវនេះ ពិនិត្យសិក្សា ហៅក្រុមហ៊ុនផ្សេងៗ មកមើល ប៉ុន្តែចុងក្រោយទៅ អត់​នាំជីថ្មីមកទេ។ ពិនិត្យឃើញថា អត់ចំណេញទេ។ ស្ថានភាព​ភូមិ​សាស្ត្រ​នយោបាយនៃការឈ្លោះគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែនហ្នឹង គឺធ្វើឱ្យថ្លៃប្រេងឡើងថ្លៃ។ ប្រេង ដែលជា​វត្ថុធាតុដើមហ្នឹង សម្រាប់យកមកធ្វើជាជី គឺឡើងថ្លៃដូចគ្នា។ អីចឹង បើគាត់​យកជី​ពីណាថ្មី ពីណា​មកថែម ក៏ប្រកួតប្រជែង​មិនឈ្នះអ្នកលក់ក្នុងស្រុក ដែលមានស្រាប់​ទៅហើយ»​។

លោករដ្ឋមន្ត្រី ឌិត ទីណា បន្ថែម​ថា លោកបាន​លឺហើយនូវការលើកឡើងរបស់បងប្អូន​ប្រជា​កសិករ សំណូមពរ​ថា ធ្វើយ៉ាងណា ឱ្យជីចុះថោក។ ប៉ុន្តែ​លោករដ្ឋមន្ត្រី សូម​បញ្ជាក់ថា លោកបាន​រកអស់ហើយ មកដល់ពេលនេះ ហើយ​លោកក៏សូមប្រកាសជូនទៀតថា ក្រែង​លោ មាន​ក្រុមហ៊ុន​ណា គាត់ដឹងថា ទិញជីមកពីណាបានថោក។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោកបានជួប​ជាមួយ​ទូតឥណ្ឌា លោកក៏បានលើកឡើងជាមួយទូតឥណ្ឌា ថាបើឥណ្ឌាមានជីល្អ គឺ​លោក​ស្វាគមន៍ សូមឱ្យឥណ្ឌានាំជី​ចូលមកកម្ពុជា ដែល​កសិករយើង ត្រូវការ​ជី មានតម្លៃថោក​នោះ។

លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានប្រកាសហើយប្រកាសទៀត ស្វែងរក​អ្នក ដែលមានលទ្ធភាព​នាំចូល​​ជីកសិកម្ម ដែលមានគុណភាព និងតម្លៃ​ធូរថ្លៃជាងជីលក់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ហើយ​លោករង់ចាំទទួលជួប និងធានាជួយសម្រួល​ឱ្យអ្នកនោះ នាំជីកសិកម្ម មកកម្ពុជាឱ្យបាន​លឿន​បំផុត៕    ( រូបថតពីហ្វេសប៊ុកក្រសួងកសិកម្ម )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ