ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រឡងបាក់ឌុប បញ្ចប់​ដោយរលូន ខណៈបេក្ខជន​អវត្តមាន ២៤០០នាក់ និង​មានបញ្ហាសុខភាព ៧០នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៦ ខែធ្នូនេះ​។ ក្រសួង​អប់រំ បាន​ប្រកាស​ថា…

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប រយៈពេល ២ថ្ងៃ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៦ ខែធ្នូនេះ​។ ក្រសួង​អប់រំ បាន​ប្រកាស​ថា ការប្រឡងបាក់ឌុប ២ថ្ងៃនេះ បានបញ្ចប់​ដោយរលូន ទោះជាបេក្ខជនខ្លះ មានបញ្ហាសុខភាព។

ក្រសួងអប់រំ យុវជន និង​កីឡា ​បាន​​​ប្រ​កា​ស​​​ថា ស្ថាន​ភាព​ជារួម​នៃការប្រឡងបាក់ឌុប រយៈ​ពេល ២​​ថ្ងៃនេះ គឺ​មាន​​​ស​ភាព​ស្ងប់​ស្ងាត់ ​និង​មាន​សណ្ដាប់​​ធ្នាប់​របៀប​រៀប​រយ​ល្អ​។​ ប្រឡង ២ថ្ងៃនេះ បេក្ខជន​អវត្តមាន ២៤០០នាក់ ត្រូវជា ១,៨៧ភាគរយនៃបេក្ខជនសរុប។ បេក្ខជន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល មាន ៤ករណី និងសង្ស័យ​វិជ្ជមានកូវីដ ៤ករណី​។ បេក្ខជន​ ដែលមិនអាច​ដំណើរការសំណេរ ដោយសារបញ្ហាសុខភាព មាន ៣ករណី។ រីឯគណៈមេប្រយោគ មានបញ្ហាសុខភាព ចំនួន ១៤នាក់ ហើយក្នុងនោះ ម្នាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​។

ក្រសួងអប់រំ បានបន្ត​ថា នៅតាមមណ្ឌល​ប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ បានអនុវត្តតាមសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួង។ ក្នុងនោះ ទោះបីនៅតាម​ខេត្តមួយចំនួន មានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែ​មិនប៉ះពាល់ដល់ដំណើរការ​សំណេររបស់បេក្ខជនឡើយ។ បេក្ខជន បានគោរព​បទប្បញត្តិ​នៃការប្រឡងបានយ៉ាងល្អ។ តែមានបេក្ខជន​ប្រព្រឹត្តកំហុសឆ្គង ចំនួន ១ករណី។​

ជារួម ក្រសួងអប់រំ បញ្ជាក់ថា ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃនេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផល​អាចទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះ គឺជាប់»។​

ការប្រឡងបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជិត ១៣ម៉ឺននាក់។ លទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ