ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជជែក​ពី​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​ម្រេច ខណៈ​កំពុង​ជួប​បញ្ហា​ប្រឈម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និង​អង្គការ​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​ជជែក និង​ផ្សព្វផ្សាយ​ពី​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​ម្រេច ខណៈ​បច្ចុប្បន្ន នៅ​ជួប​បញ្ហា​ប្រឈម​ច្រើន​ត្រូវ​ដោះស្រាយ ។
ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និង​អង្គការ​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​ជជែក និង​ផ្សព្វផ្សាយ​ពី​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​ម្រេច ខណៈ​បច្ចុប្បន្ន នៅ​ជួប​បញ្ហា​ប្រឈម​ច្រើន​ត្រូវ​ដោះស្រាយ ។
ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​ម្រេច​កម្ពុជា នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​៣០ ឧសភា  លោក វ៉ា រុត​សាន ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹង​ថា ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ម្រេច​ទទួល​បាន​ជោគជ័យ ត្រូវ​ពឹងផ្អែក​ទៅ​លើ​គោលការណ៍​ធំ​ៗ​ពីរ គឺ​ធ្វើ​យ៉ាងម៉េច ឱ្យ​ថ្លៃដើម​នៃ​ការ​ផលិត​មាន​តម្លៃ​ទាប និង​ផ្ដល់​ទំនុកចិត្ត​លើ​គុណភាព​ម្រេច​របស់​កម្ពុជា ។

លោក​បន្ត​ថា ៖ « ក្រៅពី​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​ចំណាយ​ទាប​ហើយ ផ្នែក​រដ្ឋ​និង​ឯកជន​ត្រូវ​បង្កើន​ផលិតភាព​ដាំ​ដុះ ។ ទន្ទឹម​នឹង​នេះ យើង​មើល​ពូជ និង​បច្ចេកទេស​ដាំ​ដុះ ហើយ​រដ្ឋ​ត្រូវធ្វើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​ល្អ​បំផុត​រាល់​លិខិត​ស្នាម​នាំ​ចេញ ។ ជាមួយ​គ្នា​នេះ កុំ​ឲ្យ​មាន​ជាតិ​គីមី​នៅ​ក្នុង​ផលិតផល​ម្រេច ហើយ​យើង​ត្រូវធ្វើ​យ៉ាងណា ឱ្យ​កិច្ចការ​នេះ​បាន​ល្អ គឺថា​ម្រេច​របស់​យើង​អត់​គីមី ស្រប​តាម​ស្តង់ដា​កសិកម្ម ដោយ​ពលរដ្ឋ​ត្រូវ​បង្កើត​ជា​សហគមន៍​ងាយស្រួល​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ » ។

លោក​ជំទាវ សូ ស្រី​ម៉ិច អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា តាម​លទ្ធផល​ស្រាវជ្រាវ​ឃើញ​ថា ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​បាន​វិ​វត្ដ​ជា​លំដាប់ ។ កាលពី​ឆ្នាំ​១៩៦០ ម្រេច​ត្រូវ​បាន​ដាំ​ដុះ​តែ​នៅ​ក្នុង​ខេត្តកោះកុង និង​កំពត​ប៉ុណ្ណោះ ប៉ុន្តែ​មក​ដល់​ឆ្នាំ​១៩៦៣ ម្រេច​មាន​ដាំ​ដុះ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត ដូច​ជា​កំពង់ចាម ដែល​ផ្តល់​ទិន្នផល​សរុប​ប្រមាណ​ពី​ចំនួន​១.៥០០​ទៅ​២.៥០០​តោន​ក្នុង​មួយ​ឆ្នាំ ។

លោក​ជំទាវ​បញ្ជាក់​ថា ៖ « នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ដំណាំ​ម្រេច​ត្រូវ​បានឃើញ​រីក​ដុះដាល​រហូត​ដល់​ខេត្ត​ចំនួន​១៩ ចាប់ពី​តំបន់​និរតី រហូត​ដល់​ពាយ័ព្យ និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ​ជាង​៦.១២៤​ហិ​កតា និង​ផ្តល់​ទិន្នផល​១១.៨១៩​តោន » ។

លោក គិត ភា​រ៉ា ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ក្រសួងពាណិជ្ជកម្ម បង្ហាញ​ថា ការ​ដាំ​ដុះ​ម្រេច​នៅ​ជួប​បញ្ហា​ប្រឈម​ច្រើន​រួម​មាន បច្ចេកទេស​ដាំ​ដុះ ការ​ថែទាំ និង​ការ​ជ្រើសរើស​ពូជ ។ ចំណែក​តម្លៃ​ម្រេច​ប្រែប្រួល និង​មិន​ទាន់​មាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តាញ​ទំនាក់ទំនង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ។ គ្មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ច្បាស់លាស់ និង​មិន​ទាន់​មានការ​ទទួលស្គាល់​ច្រើន​លើ​ឆាក​អន្តរជាតិ ក្រៅពី​កេរ្តិ៍ឈ្មោះ​ល្អ​ទទួល​បាន​ពី GI ប៉ុន្តែ​បរិមាណ​នាំ​ចេញ​តិច និង​កង្វះខាត​ព័ត៌មាន​ពី​បច្ចេកទេស ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​ចុង​ក្រោយ គឺ​ចរន្ត​វិវឌ្ឍន៍​នៃ​ទីផ្សារ​ម្រេច​ពិភពលោក ។

ដើម្បី​ជំរុញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផលិតផល​ម្រេច​កម្ពុជា លោក​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ​បាន​ផ្ដល់​អនុសាសន៍​ដូច​ជា ៖

១-​ប្រទេស​វៀតណាម និង​ថៃ គឺជា​ទិស​ដៅ​នាំ​ចេញ​សម​ស្រប​បំផុត​សម្រាប់​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​មធ្យម ចំពោះ​ផលិតផល​ម្រេច និង​កសិកម្ម​ជា​វត្ថុធាតុដើម​ដទៃ​ទៀត ។ 
២-​គួរ​បង្កើន​ទំនាក់ទំនង និង​ធ្វើ​សហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ជា ការ​បើក​ទីផ្សារ​ព្រំដែន​ដើម្បី​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក ។
៣-​គួរ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ផ្នែក​ម្រេច​ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​ឱ្យ​រីក​ចម្រើន ។
៤-​គួរ​ចាប់ផ្តើម​ពង្រឹង​ផលិតកម្ម​ស្អាត​លើ​ផលិតផល​ម្រេច​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស ។

៥-​គួរ​ចាប់ផ្តើម​រៀបចំ​យន្តការ​ផ្សព្វផ្សាយ​ម្រេច​កម្ពុជា និង​ជំរុញ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ទាំង​រាជរដ្ឋាភិបាល ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ប្រើប្រាស់​ម្រេច​ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ជូន​ភ្ញៀវ និង​ពេល​ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស ។

៦-​អង្គភាព​ពាក់ព័ន្ធ​គួរ​ជួយ​រៀបចំ​មណ្ឌល​ប្រមូល​ទិញ​នៅ​តាម​ខេត្ត​គោលដៅ​ផលិតផល​ម្រេច​សំខាន់​ៗ ។

៧-​រាជរដ្ឋាភិបាល​គួរ​ជំរុញ​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់ និង​អភិវឌ្ឍន៍​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង តាម​រយៈ​ការ​រៀបចំ​ទិវា ឬ​វេទិកា​ម្រេច​ជាដើម ៕