ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ថ្មី ព្រម​កាត់​បន្ថយ​ប្រាក់ខែ ដើម្បី​ជួយ​សម្រួលការ​លំបាក​ប្រជាជន

1 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ថ្មី លោក Anwar Ibrahim បាន​លើក​ឡើង បន្ទាប់​ពី​បាន​ធ្វើ​ជា​

ម៉ា​ឡេ​ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ថ្មី លោក Anwar Ibrahim បាន​លើក​ឡើង បន្ទាប់​ពី​បាន​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើក​ដំបូង កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ កន្លង​ទៅ ថា គណៈរដ្ឋមន្ត្រី​របស់​លោក ក្នុង​រដ្ឋាភិបាល​រួបរួម​របស់​ម៉ា​ឡេ​ស៊ី បាន​យល់ព្រម​កាត់​បន្ថយ​ប្រាក់ខែ ២០% ជា​ប្រចាំខែ​របស់​ពួក​គេ ចំ​ពេល​ដែល​ប្រជាជន​កំពុង​ប្រឈម​នឹង​ការ​លំបាក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន CNA បាន​ចេញផ្សាយ​។ គួររំលឹកថា មេដឹកនាំ​បក្ស​ប្រឆាំង​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ក្រោយ​ជាប់​គាំង​អស់​៥​ថ្ងៃ

លោក Anwar បាន​ថ្លែងប្រាប់​សន្និសីទ​សារព័ត៌មាន នៅ​ឯ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ថា «​គណៈរដ្ឋមន្ត្រី​របស់​លោក បាន​យល់ព្រម​កាត់​បន្ថយ​ប្រាក់ខែ ២០% ជា​ប្រចាំខែ​របស់​ពួក​គេ ព្រោះតែ​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា ដែល​ប្រជាជន​កំពុង​ប្រឈម​មុខ​។ ការ​កាត់​បន្ថយ​ប្រាក់ខែ​នេះ នឹង​បន្ត​រហូត​ដល់​សេដ្ឋកិច្ច​ប្រទេស​ងើបឡើង​វិញ ហើយ​ប្រសិនបើ​សេដ្ឋកិច្ច​ងើបឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ នោះ​យើង​នឹង​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ​»​។

«​ការ​កាត់​បន្ថយ​ប្រាក់ខែ គឺជា​រឿង​មិន​សម​ស្រប​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​អរគុណ​ពួក​គេ ចំពោះ​ឆន្ទៈ​លះបង់​បន្តិចបន្តួច​នេះ​។ មាន​អ្នកខ្លះ​និយាយ​ថា Anwar មិន​យក​ប្រាក់ខែ​នាយក​រដ្ឋមន្ត្រី​ទេ គាត់​នឹង​យក​ប្រាក់ខែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ នោះ​ជា​រឿង​មិន​ពិត ព្រោះ​ខ្ញុំ​មាន​ប្រាក់ខែ​តែ​មួយ​ប៉ុណ្ណោះ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Anwar ដែល​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ផង និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​នោះ ដែល​ត្រូវ​បាន​អម​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក Ahmad Zahid Hamidi និង​លោក Fadillah Yusof ព្រមទាំង​ប្រធាន​លេខាធិការ​រដ្ឋាភិបាល លោក Mohd Zuki Ali អំឡុង​ពេល​សន្និសីទកាសែត​នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​។

អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​សកល​នា​ពេល​ថ្មី​ៗ​នេះ លោក Anwar បាន​សន្យា​ថា នឹង​លះបង់​ប្រាក់បៀវត្សរ៍​របស់​គាត់ ដោយ​សាមគ្គីភាព​ជាមួយ​ប្រជាជន​ម៉ា​ឡេ​ស៊ី ដែល​កំពុង​ជួប​ស្ថានភាព​លំបាក​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន លោក Anwar បាន​បង្ហាញមុខ​សមាសភាព​រដ្ឋមន្ត្រី​ចំនួន ២៨​នាក់ ដែល​មាន​ចំនួន​តិច​ជាង​រដ្ឋបាល​អាណត្តិ​មុន​ៗ ហើយ​លោក Anwar ក៏​ធ្លាប់​បាន​បញ្ជាក់​ពី​ចេតនា​របស់​លោក ក្នុង​ការ​កាត់​បន្ថយ​សមាជិក​មួយ​ចំនួន ដោយ​លោក​បាន​និយាយ​ថា លោក​នឹង​លុប​ចោលការ​តែងតាំង​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ជា​ទម្រង់​ថែម​ទៀត​ផង​។

គួរ​រំលឹក​ថា គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​កន្លង​មក ដោយ​លោក Ismail Sabri Yaakob នាយក​រដ្ឋមន្ត្រី​លើក​ទី​៩ មាន​រដ្ឋមន្ត្រី​ចំនួន ៣១​នាក់ និង​តំណាងរាស្ត្រ​ចំនួន ៣៨​រូប​។ ចំណែកឯ​អាណត្តិ លោក Muhyiddin Yassin ដែល​ជា​នាយក​រដ្ឋមន្ត្រី​លើក​ទី​៨ មាន​រដ្ឋមន្ត្រី​ចំនួន ៣២​រូប និង​តំណាងរាស្ត្រ​ចំនួន ៣៨​រូប​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ បញ្ជី​ឈ្មោះ​អនុរដ្ឋមន្ត្រី សម្រាប់​រដ្ឋាភិបាលចម្រុះ​របស់​លោក Anwar នៅ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ