ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេមេគង្គ​ក្រោម ពោះម៉ាយ​ជិត​៥​ឆ្នាំ​ហើយ​…

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​នៅ​ចំណុច​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក​ខេត្តកណ្តាល បាន​បាក់​ស្រុត​ជា​បន្តបន្ទាប់​រហូត​ដល់​ដាច់​ផ្លូវ​កៅស៊ូ

ខេត្តកណ្តាល ៖ គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម​នៅ​ចំណុច​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក​ខេត្តកណ្តាល បាន​បាក់​ស្រុត​ជា​បន្តបន្ទាប់​រហូត​ដល់​ដាច់​ផ្លូវ​កៅស៊ូ ពោះម៉ាយ​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ រហូត​មក​ទល់​ពេល​នេះ​ពលរដ្ឋ​កំពុង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពុំ​ទាន់​ធ្វើ​អ្វី​សោះ​។ ពលរដ្ឋ​និយាយ​ថា គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​បាន​បាក់​ម្តង​បន្តិច​ៗ​រហូត​ដល់​ដាច់​ផ្លូវ​កៅស៊ូ​(​ផ្លូវជាតិ​លេខ​១៤) ចូល​ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​មួយ​កន្លែង​ត្រង់​ចំណុច​ភូមិ​ឃុំ​ខាងលើ​នេះ​គឺ​មាន​រយៈពេល​ជិត​៥​ឆ្នាំ​ហើយ បណ្តាល​ឲ្យ​ដីចម្ការ និង​ដី​លំនៅ​ឋាន​របស់​ពលរដ្ឋ​រាប់​ហិ​កតា​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​បាតទន្លេ​ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​បង្ខំចិត្ត​រុះរើ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ពលរដ្ឋ​បន្ត​ទៀត​ថា ការ​បាក់​ច្រាំង​ទន្លេ​ដាច់​ផ្លូវ​នេះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​មើល​ជា​បន្តបន្ទាប់ ហើយ​បាន​និយាយ​ប្រាប់​ពួក​គាត់​ថា​នឹង​សិក្សា​ធ្វើ​ផ្លូវ​វាង ស្រាប់តែ​ឥឡូវ​ស្ងាត់ឈឹង​រហូត​។ ការ​ដាច់​ផ្លូវ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង និង​ធ្វើ​ឲ្យ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​បាត់បង់​នូវ​សេដ្ឋកិច្ច​ចំណូល​ថវិកាជាតិ​យ៉ាងធ្ងន់ធ្ងរ​។

ប្រជាពលរដ្ឋ​ក៏​សូម​សំណូមពរ​យ៉ាង​ទទូច​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​មេត្តា​ជួយ​ធ្វើ​ច្រាំង​ទេ ដើម្បី​កុំ​ឲ្យ​បាក់​ដល់​ដី​របស់​ពួក​គាត់​បន្ត​ទៀត និង​ជួយ​ធ្វើ​ផ្លូវ​វាង​ឲ្យ​បាន​ឆាប់​ៗ​នេះ​ផង​ព្រោះ​ស្រុក​លើក​ដែក​គឺជា​ស្រុក​មួយ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ហើយ​ពលរដ្ឋ​ភាគច្រើន​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ​ដល់​ពេល​បាន​ផល​ត្រូវ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​គ្រាន់​បាន​ចំណេញ​ប្រាក់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ កាលណា​ដាច់​ផ្លូវ​ដូច​ផ្តាច់ជីវិត​របស់​ពួក​គាត់​អ៊ីចឹង​៕