ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ថ្មី​មួយ​នៅ​កា​តា នឹង​ត្រូវ​រុះរើ​ទាំងស្រុង ក្រោយ​ចប់​ជំនួប​រវាង​ប្រេ​ស៊ី​ល នឹង​កូរ៉េ​ខាងត្បូង

1 ឆ្នាំ មុន

កា​តា ៖ កីឡដ្ឋាន 974 ឬ Stadium 974 ដែល​ត្រូវ​បាន​សាងសង់​ឡើងជា​មួយ​ទូ​កុងតឺន័រ​ចំនួន ៩៧៤​ទូ

កា​តា ៖ កីឡដ្ឋាន 974 ឬ Stadium 974 ដែល​ត្រូវ​បាន​សាងសង់​ឡើងជា​មួយ​ទូ​កុងតឺន័រ​ចំនួន ៩៧៤​ទូ ដើម្បី​បម្រើ​ដល់​ការ​ប្រកួត World Cup 2022 នៅ​ប្រទេស​កា​តា នឹង​ត្រូវ​រុះរើ​ចេញ​តែ​ម្តង បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ នៅ​ក្នុង​កីឡដ្ឋាន​នេះ ដែល​ក្រុម​សាំ​បា ប្រេ​ស៊ី​ល បាន​យកឈ្នះ​ក្រុម​ខ្លា​កំណាច​អាស៊ី កូរ៉េ​ខាងត្បូង ដោយ​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ កន្លង​ទៅ​។

ប្រទេស​កា​តា បាន​ត្រៀមខ្លួន​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឆ្នាំ​នេះ ដោយ​បាន​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចំណោម​កីឡដ្ឋាន​សរុប​៨ ដែល​ទទួល​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។

ក្នុង​ចំណោម​នោះ គឺ​មាន​តែ​កីឡដ្ឋាន 974 ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ដូ​ហា តែ​មួយ​គត់ ដែល​សាងសង់​ឡើង​ដោយ​ប្រើ​ទូ​កុងតឺន័រ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ កីឡដ្ឋាន​នេះ នឹង​ត្រូវ​រលាយ​បាត់​រូបរាង​ទាំងស្រុង​តែ​ម្តង តាម​រយៈ​ការ​រុះ​រើស​ចេញ ក្រោយ​ចប់​ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល នឹង​កូរ៉េ​ខាងត្បូង​។

នៅ​ក្នុង​ការ​ប្រកួត World Cup 2022 កីឡដ្ឋាន 974 ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៤៤,០៨៩​នាក់ ដែល​មិន​ត្រូវ​ប្រកាស​អំពី​តម្លៃ​នៃ​ការ​សាងសង់ បាន​ទទួល​រៀបចំ​ការ​ប្រកួត​សរុប​ចំនួន ៧​ប្រកួត ចាប់តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រហូត​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បានឱ្យ​ដឹង​ថា កីឡដ្ឋាន 974 ត្រូវ​បាន​សាងសង់​ឡើងជា​ផ្នែក​ៗ ដោយ​ប្រើ​វត្ថុធាតុដើម​កែ​ច្នៃ រួម​ទាំង​ដែកថែប ជា​ពិសេស​ទូ​កុងតឺន័រ​ចំនួន ៩៧៤​ទូ ដូចនឹង​ឈ្មោះ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​កីឡដ្ឋាន​នេះ​។

អ្នក​រៀបចំ​បាន​បន្ត​ទៀត​ថា កីឡដ្ឋាន 974 នឹង​ត្រូវ​រុះរើ​ទាំងស្រុង​តែ​ម្តង ហើយ​ថែម​ទាំង​បញ្ជូន​បំណែក​របស់​វា​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ដែល​ត្រូវការ​ជា​ចាំបាច់ ខណៈ​កន្លង​មក អ្នកជំនាញ​ជា​ច្រើន​មក​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​បាន​សរសើរ​យ៉ាង​ខ្លាំង អំពី​ការ​រចនា​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​កីឡដ្ឋាន​មួយ​នេះ​។

គួរ​បញ្ជាក់​ជូន​ថា World Cup 2022 បាន​ក្លាយជា​ព្រឹត្តិការណ៍ ដែល​ម្ចាស់ផ្ទះ​ចំណាយ​ថវិកា​រៀបចំ​ច្រើន​បំផុត​មិន​ធ្លាប់​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់ ដែល​បង្កើត​ឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ ១៩៣០ មួយ​នេះ​។ ដោយ​កា​តា បាន​ចំណាយ​ថវិកា​ដ៏​មហាសាល​សរុប ២២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

យោង​តាម​ប្រភព​ពី​គេហទំព័រ Arabian Business បាន​បង្ហាញ​អំពី​ទឹកប្រាក់ ២២០​ពាន់​លាន​ដុល្លារ ដែល​កា​តា ត្រូវ​ប្រើប្រាស់​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍ World Cup 2022 ដែល​រួម​មាន​ដូច​ជា​៖ ការ​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ ក្នុង​ចំណោម​កីឡដ្ឋាន​ចំនួន ៨ ទទួល​រៀបចំ​ការ​ប្រកួត ដែល​សុទ្ធតែ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ទាំងអស់ ដោយ​ត្រូវ​ចំណាយ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​។ ខណៈ​ដែល ២១០​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​រួម​មាន ប្រើប្រាស់​លើ​ការ​អភិវឌ្ឍ​គ្រឿង​បរិក្ខារ​ថ្មី​ទំនើប​ៗ ផ្តល់​ជូន​អ្នកគាំទ្រ ក៏​ដូច​ជា​កីឡាករ​ផ្ទាល់​។

ការ​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​ផ្នែក​សេវា​ដឹក​ជញ្ជូន រួម​និង​ការ​អភិវឌ្ឍ​ទីក្រុង​ថ្មី ដែល​មានឈ្មោះ «Lusail City»​។ ដើម្បី​ឆ្លើយ​តប​តាម​ផែនការ​របស់​រដ្ឋាភិបាល​កា​តា ដែល​ប្រើប្រាស់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក លើ​ការ​វិនិយោគ​ដ៏​ធំ​រយៈពេល​វែង សម្រាប់​អនាគត​។

ខាងក្រោម​នេះ ជា​ការ​ចំណាយ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ លើ​ការ​រៀបចំ​ព្រឹត្តិការណ៍ World Cup គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក​៖
-​សហរដ្ឋអាមេរិក ឆ្នាំ​១៩៩៤ ៖ ៥០០​លាន​ដុល្លារ
-​បារាំង ឆ្នាំ​១៩៩៨ ៖ ២,៣​ពាន់​លាន​ដុល្លារ
-​កូរ៉េ​ខាងត្បូង ជប៉ុន ឆ្នាំ​២០០២ ៖ ៧​ពាន់​លាន​ដុល្លារ

-​អា​ល្លឺ​ម៉​ង់ ឆ្នាំ​២០០៦ ៖ ៤,៣​ពាន់​លាន​ដុល្លារ
-​អាហ្វ្រិក​ខាងត្បូង ឆ្នាំ​២០១០ ៖ ៣,៦​ពាន់​លាន​ដុល្លារ
-​ប្រេ​ស៊ី​ល ឆ្នាំ​២០១៤ ៖ ១៥​ពាន់​លាន​ដុល្លារ
-​រុ​ស្ស៊ី ឆ្នាំ​២០១៨ ៖ ១១,៦​ពាន់​លាន​ដុល្លារ
-​កា​តា ឆ្នាំ​២០២២ ៖ ២២០​ពាន់​លាន​ដុល្លារ​៕ (​ដកស្រង់​ចេញពី Arabian Business, Economic Times និង AFP)