ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តមណ្ឌលគិរី ងាក​មក​ដាំ​ដំណាំ​ចេក

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី កំពុង​ងាក​មក​ដាំ​ដំណាំ​ចេក និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ភូមិសាស្ត្រ​ដី​មាន​ជីវជាតិ និង​អាកាសធាតុ​អំណោយផល​ច្រើន ដែល​អាច​ឲ្យ​ដំណាំ​នេះ​លូតលាស់​បាន​ល្អ​ជាង​ដំណាំ​

ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី កំពុង​ងាក​មក​ដាំ​ដំណាំ​ចេក និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ភូមិសាស្ត្រ​ដី​មាន​ជីវជាតិ និង​អាកាស​ធាតុ​អំណោយផល​ច្រើន ដែល​អាច​ឲ្យ​ដំណាំ​នេះ​លូតលាស់​បាន​ល្អ​ជាង​ដំណាំ​ផ្សេង​ៗ ។

ស្ត្រី​ជា​កសិករ​នៅ​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា ខេត្ត​ភាគ​ឦសាន​មួយ​នេះ​អំណោយផល​ច្រើន​លើ​ដំណាំ​ចេក ព្រោះ​ងាយស្រួល​ដាំ មិន​ចាំបាច់​ប្រើ​ជីគីមី​មក​បំប៉ន​បន្ថែម​ឡើយ ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ផ្លែ​ធំ​ៗ​ជាង​នៅ​ខេត្ត​ផ្សេង ។ អ្នកស្រី ផុ​ន ណា​រី  បន្ដ​ថា ៖ « កាលពីមុន ខ្ញុំ​ធ្លាប់​មាន​ចម្ការ​ចេក​នៅ​ខេត្តកំពង់ចាម តែ​ការ​ដាំ​នៅ​ទីនោះ​ចំណាយ​ទុន​ច្រើន ហើយ​ទទួល​បាន​ផល​តិច ខុស​ពី​នៅ​ខេត្តមណ្ឌលគិរី ខ្ញុំ​ដាំ​ដោយ​ធម្មជាតិ មិន​ប្រើ​ជីគីមី ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ទៀត ដោយ​ផ្លែ​វា​ធំ​ៗ និង​មាន​ស្និត​ច្រើន​ក្នុង​១​ស្ទង​ៗ » ។ ចំណែក​លោក តូច សំបូ ឈ្មួញកណ្ដាល​មក​ពី​ខេត្តស្វាយរៀង ដែល​មក​ទិញ​ចេក​ទៅ​លក់​បន្ដ​ឲ្យ​ដឹង​ថា ចេក​នៅ​ខេត្ត​មួយ​នេះ​មាន​តម្លៃ​ថោក​ជាង​នៅ​ខេត្ត​ដទៃ ហើយ​ផ្លែ​ធំ​ៗ និង​ល្អ​ជាង ងាយស្រួល​ខ្ញុំ​លក់​ចេញ​វិញ ។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បង្ហើប​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​បូក​សរុប​ផ្ទៃដី​ដែល​កសិករ​ដាំ​ដុះ​ដំណាំ​ចេក​នៅឡើយ​ទេ ប៉ុន្ដែ​អះអាង​ថា សព្វថ្ងៃ ប្រជាពលរដ្ឋ​កំពុង​ពេញ​និយម​ដាំចេក​ច្រើន​ជាង​ឆ្នាំ​កន្លង​មក ៕