ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង ឆ្លើយ​តប​ការ​រិះគន់​ជុំវិញ​រឿង​ឡើង​រេញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ចាស់រហស្សនាម​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះអេ ភូ​ថង ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​គ្រូបង្ហាត់​ប្រដាល់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ទៅហើយ​នោះ នឹង​ឡើង​ប្រកួត​ជាមួយ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ចាស់រហស្សនាម​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះអេ ភូ​ថង ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​គ្រូបង្ហាត់​ប្រដាល់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ទៅហើយ​នោះ នឹង​ឡើង​ប្រកួត​ជាមួយ​អ្នកប្រដាល់​ជើង​ចាស់​ថៃ​ឈ្មោះ​កាណុង ស័ក្តិ​លេ​កនៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​ក្នុង​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​នា​ថ្ងៃអាទិត្យ ទី​៤ មិថុនា ខាង​មុខ​នេះ ដើម្បី​យក​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ 

ជួប​ជាមួយ​កោះសន្តិភាព​កាលពី​ថ្ងៃ​ចន្ទ​ដើមស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក អេ ភូ​ថង បាន​ប្រាប់ឱ្យ​ដឹង​ថា ការ​ប្រកួត​របស់​លោក​លើក​នេះមិនមែន​ជា​ការ​សម្ដែង​ក្បាច់គុន​ដើម្បី​បញ្ឆោតភ្នែក​អ្នក​ទស្សនា​ទេ​គឺ​ប្រកួត​យក​ចាញ់​-​ឈ្នះមែនទែន​តែ​ម្ដង​ដោយសារ​តាំងពី​ដើម​រៀង​មកលោក​មិន​ដែល​លក់​ឧត្តមគតិ​ខ្លួនឯង​ទេ ដូច្នេះ​បើកាលណា​បាន​ឡើង​សង្វៀន​ហើយត្រូវ​តែ​វ៉ៃ ។ ជាក់ស្ដែង តាំងពី​មានការ​ផ្គូផ្គងរហូត​មក​ដល់​ពេល​នេះ លោក​ពិតជា​ប្រឹងប្រែងហ្វឹកហាត់​ឡើង​វិញ​សម្បើម​ណាស់​មិន​ហ៊ានប្រហែស​ឡើយ​ទាំង​បច្ចេកទេស​វាយ​និងការ​ប្រមូល​កម្លាំង​ទោះបី​ការ​ប្រកួត​លើក​នេះ
ធ្វើ​ឡើង​ត្រឹមតែ​៣​ទឹក​ក្ដី ។ ជាមួយ​គ្នា​នេះ​លោក​អេ ភូ​ថង បាន​បង្ហើប​ឱ្យ​ដឹងផង​ដែរ​ថា កាណុង ស័ក្តិ​លេ​ក ដែល​ត្រូវ​ប្រកួត​ជាមួយ​លោក​លើក​នេះ គឺជា​អតីត​កីឡាករ​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​ថៃ​ដែល​បច្ចុប្បន្ន​ក៏​ធ្វើ​ជា​គ្រូបង្ហាត់​ដូច​រូប​លោក​ដែរ ។

ទាក់ទិន​នឹង​ការ​ឡើង​ប្រកួត​យក​ប្រាក់​ជួយដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​របស់​លោក​អេ ភូ​ថង នេះ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ កាសែត គេហទំព័រ និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករួច​មក គេ​សង្កេត​ឃើញ​មានការ​ផ្ទុះចេញ​នូវ​ពាក្យ​រិះគន់​មួយ​ចំនួន​ទៅ​លើ​កីឡាកររូប​នេះ​ដូច​ជា​ថា​«​ខ្លួនឯង​មិន​ទាន់​មាន​ជីវភាពគ្រប់គ្រាន់​ផង បែរជា​និយាយ​ថា​ប្រកួត​យកប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទៅ​វិញ​» «​កុំ​ប្រើ​វិធី​ស្មោកគ្រោក​ដើម្បី​រក​លុយ​អី​»…​។

ពាក់ព័ន្ធ​នឹង​ពាក្យ​រិៈ​គន់​ទាំង​អស់នេះ លោកអេ ភូ​ថង ប្រាប់​ថា លោក​មិន​ខ្វល់​ឡើយ ចង់​អ្នក​ណា​ថា​អី​ក៏​ថា​ទៅ ព្រោះ​អ្វី​ដែល​លោក​សម្រេចចិត្ត​ធ្វើ​ក្នុង​ពេល​នេះ គឺជា​បំណងប្រាថ្នា​របស់​លោក​តាំងពី​យូរណាស់​មក​ហើយ ។ ម្យ៉ាងវិញទៀត ការ​ធ្វើ​បែប​នេះ​គឺជា​ការ​រួម​ចំណែក​មួយ​ដើម្បី​ជួយ​ដល់​សង្គម​និង​ប្រទេសជាតិ​របស់​យើង​ទៅ​វិញ​ទេ ។ លោក​ថា មាន​អ្នកខ្លះ​សួរ​លោក​ថា ហេតុ​អី​ក៏​លោក​មិន​យក​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត​នេះ​ទៅ​ជួយ​ដល់​កីឡាករ​ប្រដាល់​ដែល​ជួប​ការ​លំបាក​បែរជាយក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​ទៅ​វិញ ? លោក​បាន​ប្រាប់​វិញ​ថា កីឡាករ​ប្រដាល់​គេ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត​ខ្លួនឯង​បាន​ហើយ​ទោះ​លំបាក​បន្តិច​ក្ដី ចំណែក​កុមារ​តូច​ៗ​ត្រូវការ​យើង​ទាំងអស់គ្នា​ជួយ​ដល់​ពួក​គេ ។ សូ​ម្បី​តែ​លោក ឡុ​ង សាល​វ័​ន្ត ដែល​ជា​ប្រធាន​ក្លិប​សាល​វ័​ន្ត​កីឡា ក៏​ដូច​ជា​ក្រុម​គ្រួសារ និង​មិត្ត​រួម​អាជីព​ជា​ច្រើន​នាក់​ទៀត ក៏​បាន​គាំទ្រ​ដល់​ទ​ង្វើ​របស់​លោក​ដែរ​។

លោក​សំណព្វ ប្រធាន​គ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយ​ទូរ​ទស្ស​ភី​អិន​អិន ពេល​កោះសន្តិភាព​សួរ​ពី​តម្លៃ​ខ្លួន​ពិតប្រាកដ​របស់​លោក អេ ភូ​ថង ដែល​ទទួល​បាន​ពី​ការ​ប្រកួត​លើក​នេះ​លោក​មិន​ប្រាប់​ទេ​គ្រាន់តែ​បញ្ជាក់​ថា លោក​នឹង​ផ្ដល់​ឱ្យ​សក្ដិ​សម​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​របស់​លោក អេ ភូ​ថង ដែល​ជា​កីឡាករ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ។ ក្រៅពី​នេះ លោក​ថា បាន​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​បណ្ដា​ភូមិ​ជុំវិញ​ស្ថានីយ និង​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​បន្ថែម​ពី​សប្បុរសជន​ផង​ដែរ ដែល​រហូត​មក​ទល់​ពេល​នេះ មាន​សប្បុរសជន​មួយ​ចំនួន​បាន​ប្រកាស​ជួយ​ជា​បណ្ដើរ​ៗ​ហើយ ។

លោក​ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​តំណាង​ក្រុមហ៊ុនមួយ​ចំនួន​ដែល​ជា​ដៃគូ​ឧបត្ថម្ភ​កម្មវិធី​ប្រកួតប្រចាំ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ឱ្យ​ពួក​គាត់​មក​ចូលរួម​ទស្សនា ហើយ​សង្ឃឹមថានឹង​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត​ពី​ពួក​គាត់​មិន​ខាន ។ ដូច្នេះ ក្នុង​នាមរូប​លោក​តំណាង​ឱ្យ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន សូម​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ទស្សនា និង​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រកួត​ដែល​មិន​ធ្លាប់​មាន​នេះឱ្យ​បាន​ច្រើន​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

គួរ​រំលឹក​ផង​ដែ​ថា លោក អេ ភូ​ថង បាន​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​តាំងពី​ឆ្នាំ​១៩៩០​មក​ម៉្លេះ ។ លោក​ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ចំនួន​៤​ក្នុង​នោះ​ខ្សែក្រវាត់​ស្រា​បៀរ ABC​ទម្ងន់​៥៤​គីឡូក្រាម​១ ខ្សែក្រវាត់​ប៉ុស្តិ៍​លេខ​៥​ទម្ងន់​៦០​គីឡូក្រាម​១ និង​ខ្សែក្រវាត់​ពិភពលោក​ចំនួន​២​គឺ​ទម្ងន់​៧៣​គីឡូក្រាម​១​និង​ទម្ងន់​៨០​គីឡូក្រាម​១ ។ លោក​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៧​ជាមួយ​ភរិយា​ឈ្មោះ សាំង សុ​ម៉ា​លី ដែល​សព្វថ្ងៃ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ។ ចាប់តាំងពី​លោក​រៀប​ការ​មក​ទល់​នឹង​ពេល​នេះ លោក​មានកូន​ចំនួន​៤​នាក់​គឺ​ប្រុស​៣​ស្រី​១ ដោយ​កូន​ៗ​របស់​លោក​ទាំងអស់​សុទ្ធតែ​ជា​អ្នក​ប្រដាល់ ៕