ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រកានាគ​ពូជ​តៃវ៉ាន់​​កំពុង​ទទួលផល​បណ្ដើរ​ៗ​ហើយ

6 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ផ្លែ​ស្រកានាគ​ពូជ​តៃវ៉ាន់ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយម​ដាំ​នៅ​តាម​ដី​ភូមិ និង​ចម្ការ​ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ។ នៅ​រដូវភ្លៀង​ធ្លាក់​នេះ ស្រកានាគ​កំពុង​តែ​ហុច​ផល​ជា​បណ្តើរ​ៗ​ហើយ ។

ខេត្ដកំពង់ចាម ៖ ផ្លែ​ស្រកានាគ​ពូជ​តៃវ៉ាន់ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយម​ដាំ​នៅ​តាម​ដី​ភូមិ និង​ចម្ការ​ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ។ នៅ​រដូវភ្លៀង​ធ្លាក់​នេះ ស្រកានាគ​កំពុង​តែ​ហុច​ផល​ជា​បណ្តើរ​ៗ​ហើយ ។

ចំពោះ​ផល​ដែល​ទទួល​បាន អាច​លក់​១​គីឡូក្រាម​ពី​៥.០០០​រៀល​ទៅ​៧.០០០​រៀល ហើយ​អ្នកដំណើរ​មក​ពី​គ្រប់​ទិស​ទី តែងតែ​ឈប់​ទិញ​ជា​ហូរហែ ។ ប្រជា​កសិក​បាន​ប្រាប់​ថា ដំណាំ​នេះ​ងាយ​នឹង​ដុះ​ណាស់ ។

លោក អឿ​ន វ៉ា អាយុ​៦៥​ឆ្នាំ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា​ថា ក្នុង​ពេល​គាត់ចាប់ផ្តើម​ដាំ​ដំបូង​មាន​ចំនួន​តិច​ដើម​ទេ ។ លុះ​ទទួល​បាន​ផល​ល្អ​និង​មាន​រសជាតិ​ផ្អែម ក៏​បាន​ពង្រីក​ដាំ​បន្ត​ទៀត​ជាមួយនឹង​ប្រពន្ធ​របស់​គាត់​ដែល​កើនឡើង​រហូត​ដល់​១៦០​គុម្ព​សុទ្ធ​សឹង​ជា​ប្រភេទ​ពូជ​តៃវ៉ាន់ ។

កសិករ​រូប​នេះ​បន្ត​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ដោយសារ​តែ​អាកាសធាតុ​ល្អ​មាន​ភ្លៀង​ធ្លាក់​ទៀងទាត់ មិនសូវ​ក្តៅ ធ្វើ​ឲ្យ​ស្រកានាគ​របស់​គាត់ ទទួល​បាន​ផល​គ្រាន់បើ សម្រាប់​ផ្លែ​ណា​ល្អ​គឺ​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​៧.០០០​រៀល ហើយ​ពេល​បេះ​ម្តង​ៗ​បាន​ពី​៣០០​ទៅ​៤០០​គីឡូក្រាម ។

គាត់​មិន​បាន​ដឹក​យក​ទៅ​លក់​នៅឯណា​ឆ្ងាយ​ទេ គឺ​យក​មក​ដាក់​លក់​នៅ​ខាង​មុខ​ផ្ទះ ដែល​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​តូច​ធំ​ឈប់ ទិញ​យក​ទៅ​ទទួលទាន ។ គាត់​បន្ដ​ថា យ៉ាង​យូរ​១​ស​ប្តា​ហ៍​ទៀត​នឹង​មាន​ផ្លែ​ច្រើន​ហើយ គាត់​នឹង​រីករាយ​ពេល​ទទួល​ប្រាក់​ចំណូល​ដែល​បាន​មក គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ធូរស្រាល​ច្រើន ។

ស្រកានាគ​ដែល​ដាំ​នោះ គឺ​ក្នុង​១​គុម្ព​មាន​ចំនួន​៤​ដើម ដែល​អាច​ហុច​ផល​ពី​៥​ទៅ​៧​គីឡូក្រាម ។ នៅ​ឆ្នាំ​២០១៧​នេះ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ពេក ធ្វើ​ឲ្យ​ដើម​រាង​ពណ៌​លឿង​បន្តិច ត្រូវ​ឧស្សាហ៍​​បាញ់​ទឹក​ដាក់​ដើម​ឲ្យ​ត្រជាក់ ហើយ​ឆ្នាំ​នេះ​សង្ឃឹមថា​ទទួល​បាន​ផល​តិច​ជាង​ឆ្នាំទៅ ។ ចាប់តាំងពី​ដាំ​ដុះ​មក​មាន​រយៈពេល​៤​ឆ្នាំ​ហើយ ចំពោះ​ជី​វិញ​ប្រើ​តែ​លាមក​គោ​ដាក់​នៅ​តាម​គុម្ព​នីមួយ​ៗ ។

លោក ស្រ៊ុ​ន ទី​គា អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដំបូង​គាត់​បាន​ទិញ​ពូជ​តៃវ៉ាន់​យក​មក​ដាំ​ដុះ​លើ​ផ្ទៃដី​ជាង​២​ហិ​កតា ប៉ុន្តែ​ដាំ​តែ​១០០​ទៅ​២០០​គុម្ព​ទេ តែ​នៅ​ពេល​ផល​ចេញ​មក​ល្អ​នោះ គាត់​ក៏​បាន​ពង្រីក​ការ​ដាំ​ដុះ​រហូត​ពេញ​ដី​តែ​ម្តង ។

គាត់​អាច​បោះ​ឲ្យ​ម៉ូយ​បាន​១​គីឡូក្រាម​៥.០០០​រៀល ដោយ​គេ​មក​ទិញ​ដល់​ចម្ការ​តែ​ម្តង មិន​ពិបាក​យក​ទៅ​លក់​នៅ​ឆ្ងាយ​ដល់​រាជធានី​ភ្នំពេញ​ឡើយ ។

ស្រកានាគ​នេះ​នៅ​ពេល​ណា​ចាប់ផ្តើម​ធ្លាក់​ភ្លៀង ផ្កា​ចេញ​និង​មាន​ផ្លែ​រហូត​ទាល់តែ​ដាច់​ទឹកភ្លៀង​ទើប​លែង​ផ្លែ​ដែរ ។ សព្វ​ថ្ងៃនេះ បាន​ដាំ​កើន​ដល់​ទៅ​ជាង​៣.០០០​គុម្ព ដែល​ក្នុង​១​គុម្ព​អាច​ទទួល​បាន​ជាង​១០​ដុល្លារ ៕