ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​លើ​ផលិតផល​ខ្លួន​នឹង​បង្ហាញ​វត្តមាន​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកតម្កើង និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ឲ្យ​ផលិតផល​នាំ​ចូល​ពី​បរទេស រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ខិតខំ​បង្កើត

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកតម្កើង និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ឲ្យ​ផលិតផល​នាំ​ចូល​ពី​បរទេស រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ខិតខំ​បង្កើត​កម្មវិធី និង​យុទ្ធនាការ​នានា ធ្វើ​យ៉ាងណា​ជំរុញ​ផលិតផល​ជាតិ​ចូល​ក្នុង​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ និង​ឈាន​ទៅ​នាំ​ចេញ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ក្នុង​នោះ​កម្ពុជា​រំពឹង​ថា ផលិតផល​ខ្មែរ​នឹង​បន្ត​បង្ហាញ​វត្តមាន​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​នានា ជា​ពិសេស ផ្សារ​ទំនើប​ធំ​ៗ​នៅ​ក្នុង​ប្រទេស និង​ផ្សារ​អន្តរជាតិ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ ។

ថ្លែង​ក្នុង​ពិធី​បិទ​ពិព័រណ៍​ផលិតផល​ខ្មែរ​ឆ្នាំ​២០១៧ ដែល​បាន​រៀបចំ​នៅ​ខេត្តបាត់ដំបង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា ការ​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​នា​ពេល​នេះ គឺជា​យុទ្ធសាស្ត្រ​ជំរុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​ក្រសួងពាណិជ្ជកម្ម​នឹង​នៅ​តែ​បន្ត គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន តាម​រយៈ​ការ​ចរចា​បើក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​ជូន​ផលិតករ និង​ពាណិជ្ជករ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ផលិតផល​ឲ្យ​បាន​អតិបរមា ដើម្បី​នាំ​មក​នូវ​ប្រាក់​ចំណូល​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​ជាតិ ។

លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្តបាត់ដំបង ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ​ឡើង ក្នុង​គោលបំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ជំនួស​ផលិតផល​នាំ​ចូល​ពី​បរទេស ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​នៅ​ខេត្តបាត់ដំបង​នេះ បាន​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​ទទួល​បានការ​ចូលរួម​ពី​សហគ្រាស​ធុន​តូច​-​មធ្យម​មក​ពី​គ្រប់​រាជធានី​-​ខេត្ត​ចំនួន​១២០​ស្តង់ និង​ទាក់ទាញ​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ទៀត នៅ​លើ​ទឹកដី​ខេត្តស្វាយរៀង​នា​ខែមិថុនា នៅ​រាជធានី​ភ្នំពេញ​នា​ខែតុលា និង​នៅ​ខេត្ត​កែប​នា​ខែធ្នូ ខាង​មុខ​នេះ ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ថ្លែង​ថា លោក​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ផលិតផល និង​ជំរុញ​ការ​ទិញ​ផលិតផល​ខ្មែរ ។

ជាមួយ​គ្នា​នេះ លោក​សួរ​ថា តើ​ពិព័រណ៍​បែប​នេះ​ធ្វើ​មួយ​ឆ្នាំ​ប៉ុន្មាន​ដង ហើយ​ក្រសួង​បែរជា​បើកដៃ​ឲ្យ​ថៃ​ដើរ​លក់ទំនិញ​តាម​ភូមិ ស្រុក ដែល​ជា​ការ​សម្លាប់​អ្នក​ក្នុងស្រុក​ទៅ​វិញ ។

លោក​បន្ត​ថា ៖ « មិនមែន​សមាហរណកម្ម​អាស៊ាន បើក​ឲ្យ​គេ​មក​លក់ទំនិញ​ដោយ​សេរី ហើយ​សម្លាប់​អ្នក​ក្នុងស្រុក​នោះ​ទេ » ៕