ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup 2022 ៖ បារាំង និង អង់គ្លេស ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ជា​លើក​ដំបូង​បំផុត

1 ឆ្នាំ មុន

កា​តា ៖ បារាំង និង អង់គ្លេស បន្ត​ឡើង​ទៅ​តទល់​គ្នា នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ FIFA

កា​តា ៖ បារាំង និង អង់គ្លេស បន្ត​ឡើង​ទៅ​តទល់​គ្នា នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កា​តា បន្ទាប់​ពី​រកបាន​ជ័យជម្នះ​រៀងខ្លួន នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ​។

ក្រុម​មាន់គក បារាំង ដែល​ជា​ក្រុម​ការពារ​តំណែង​ជើងឯក និង​ជា​ក្រុម​បញ្ចប់​ទៅ នៅ​កំពូល​តារាង​ពូ​ល D បាន​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ស ប៉ូ​ឡូញ ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល C ដោយ​លទ្ធផល ៣-១ នៅ​ឯ​កីឡដ្ឋាន Al Thumama​។ ខ្សែប្រយុទ្ធ Kylian Mbappé សម្រេច​បាន​២​គ្រាប់​ម្នាក់ឯង និង​ការ​រួមចំណែក​១​គ្រាប់​ទៀត ពី​សំណាក់​ខ្សែប្រយុទ្ធ Olivier Giroud ផង​ដែរ សម្រាប់​បារាំង ក្រោម​ការ​ដឹកនាំ​របស់​លោក Didier Deschamps ខណៈ​ដែល​១​គ្រាប់​របស់​ប៉ូ​ឡូញ ក្រោម​ការ​ដឹកនាំ​របស់​លោក Czesław Michniewicz រកបាន​ដោយ​ខ្សែប្រយុទ្ធ Robert Lewandowski នៅ​ក្នុង​ម៉ោង​បន្ថែម វគ្គ​ទី​២ តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។

ខ្សែប្រយុទ្ធ Kylian Mbappé កំពុង​បង្ហាញ​ភាព​លេចធ្លោ​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 ដោយ​គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ប៉ូ​ឡូញ ខ្សែប្រយុទ្ធ​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប​អ្នកមាន​បារាំង PSG រូប​នេះ កំពុង​ឈរ​បណ្តោះអាសន្ន​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ ពោល​ចំនួន​៥​គ្រាប់​។

ស្ថិត​ក្នុង​វ័យ​២៣​ឆ្នាំ Mbappé បាន​វ៉ា​ដាច់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​តាម​ស្មើ​កំណត់​ត្រា​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi សម្រាប់​គ្រាប់​បាល់​បញ្ចូល​ទី​សរុប នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ។

-Mbappé ៖ ៩​គ្រាប់ ១១​ប្រកួត
-Messi៖ ៩​គ្រាប់ ២៣​ប្រកួត
-Ronaldo ៖ ៨​គ្រាប់ ២០​ប្រកួត

ក្រឡេក​ទៅ​កាន់ការ​ប្រកួត​១​គូ​ទៀត នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្រុម​តោ​កំណាច អង់គ្លេស ដែល​ជា​ក្រុម​កំពូល​តារាង​ពូ​ល B បាន​បំបាក់​ក្រុម​សិង្ហ​តេ​រ៉ាំ​ហ្គា សេ​ណេ​ហ្គា​ល់ ដែល​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល A នៅ​ឯ​កីឡដ្ឋាន Al Bayt ដោយ​លទ្ធផល ៣-០​។

ជ័យជម្នះ​របស់​អង់គ្លេស ក្រោម​ការ​ដឹកនាំ​របស់​លោក Gareth Southgate សម្រេច​បាន​ដោយ​ខ្សែបម្រើ Jordan Henderson ប្រធាន​ក្រុម Harry Kane និង​ខ្សែបម្រើ​ស្លាប Bukayo Saka ដើម្បី​ទម្លាក់​សេ​ណេ​ហ្គា​ល់ ក្រោម​ការ​ដឹកនាំ​របស់​លោក Aliou Cissé ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

នេះ​ជា​លើក​ទី​៩ សម្រាប់​បារាំង ដែល​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៅ​ព្រឹ​ត្ត​ការណ៍ World Cup ចំណែកឯ​អង់គ្លេស គឺជា​លើក​ទី​១០ ខណៈ​ដែល​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ គឺ​លើក​ដំបូង​បំផុត​រវាង​ក្រុម​ទាំង​២ ដែល​ប៉ះ​គ្នា​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្នុង​ចំណោម​ការ​ជួប​គ្នា​២​លើក​កន្លង​មក នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup​។

ក្រុម​ទាំង​២ ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា​សរុប ៣១​លើក ក្នុង​នោះ​បារាំង​ឈ្នះ ៩​លើក អង់គ្លេស​ឈ្នះ ១៧​លើក និង​ស្មើគ្នា ៥​លើក ខណៈ​ការ​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍ World Cup មាន​តែ​២​លើក​ប៉ុណ្ណោះ ពោល​គឺ ៖

-World Cup 1966 នៅ​អង់គ្លេស ៖ អង់គ្លេស ២-០ បារាំង (​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​)
-World Cup 1982 នៅ​អេ​ស្ប៉ា​ញ ៖ អង់គ្លេស ៣-១ បារាំង (​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​)
ដោយឡែក ខាងក្រោម​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖

-​ជប៉ុន ត្រូវ​ប៉ះ ក្រូ​អាត វេលា​ម៉ោង ១០:០០​នាទី​យប់ នៅ​កីឡដ្ឋាន Al Janoub
-​ប្រេ​ស៊ី​ល ត្រូវ​ប៉ះ កូរ៉េ​ខាងត្បូង វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែធ្នូ នៅ​ឯ​កីឡដ្ឋាន Stadium 974 ៕ (​ដកស្រង់​ចេញពី FIFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ