ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មិត្ត​ពិតប្រាកដ​បាត់បង់ នៅ​ពេល​មិត្ត​ហ្វេ​ស​ប៊ុ​ក​កើនឡើង​ឬ?

6 ឆ្នាំ មុន

មនុស្ស​យើង​ឥឡូវ​មាន​មិត្ត​ច្រើន​ណាស់​តាម​ហ្វេ​ស​ប៊ុ​ក​។ ម្នាក់​ៗ​អាច​មាន​មិត្ត​ពី​រាប់រយ​ដល់​រាប់​ពាន់​។ អ្នកខ្លះ​ទៀត​បង្កើត​អាក់​ខោ​ន (account) រហូត​ដល់​ពីរ​បី ដើម្បី​ពង្រីក​បណ្តាញ​មិត្ត​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​

មនុស្ស​យើង​ឥឡូវ​មាន​មិត្ត​ច្រើន​ណាស់​តាម​ហ្វេ​ស​ប៊ុ​ក​។ ម្នាក់​ៗ​អាច​មាន​មិត្ត​ពី​រាប់រយ​ដល់​រាប់​ពាន់​។ អ្នកខ្លះ​ទៀត​បង្កើត​អាក់​ខោ​ន (account) រហូត​ដល់​ពីរ​បី ដើម្បី​ពង្រីក​បណ្តាញ​មិត្ត​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​រឹតតែ​ច្រើន​ទៀត​។

ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​បណ្តាញ​មួយ​សម្រាប់​ការ​ថែរក្សា​មិត្ត និង​ការ​បង្កើត​មិត្ត​ថ្មី​។ អ្នកខ្លះ​បាន​ក្លាយជា​មិត្ត​គ្នា​តាម​ហ្វេ​ស​ប៊ុ​កដោយ​មិន​ទាន់​ទាំង​ស្គាល់​មុខ​គ្នា​ពិតប្រាកដ​ផង​ក៏​មាន​។ ប៉ុន្តែ​ក៏​មាន​អ្នកមាន​សំណាង​ខ្លះ​បាន​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា​តាម​រយ​:​ការ​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​ដែរ​។

ដូច្នេះ​ហ្វេ​ស​ប៊ុ​ក គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​បង្កើត និង​បង្កើន​មិត្ត​ឱ្យ​មាន​ច្រើន​។

នៅ​ពេល​មនុស្ស​មាន​មិត្ត​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន គេ​ក៏​សង្កេត​ឃើញ​ថា មនុស្ស​នាំ​គ្នា​ងុប​ង​ល់​នឹង​ហ្វេ​ស​ប៊ុ​ក​នេះ​គ្រប់​ៗ​គ្នា​។ ចំណែក​ការ​ជួប​គ្នា​រវាង​មិត្ត និង​មិត្ត​ខ្លះ​ក៏​លែង​សូវ​កើត​មាន​ដោយ​គេ​គិត​ថា គេ​អាច​មាន​លទ្ធភាព​ជួប​គ្នា​ជជែក​គ្នា​សឹងតែ​រាល់ថ្ងៃ​ហើយ​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​នេះ​។ មិត្តភាព​របស់​មនុស្ស​ក៏​កាន់តែ​មិនសូវ​ស្និទ្ធស្នាល​។ ការ​ជួប​គ្នា​រវាង​មិត្ត និង​មិត្ត​ក៏​ត្រូវ​បាន​កាត់​បន្ថយ​។ ចំណែក​ពេល​ជួប​គ្នា​ទៀត​សោ​ធ ការ​ជជែក​គ្នា​សប្បាយ​រវាង​មិត្ត​និង​មិត្ត​ក៏​ត្រូវ​រំខាន ដោយសារ​តែ​មិត្ត​ម្នាក់​ៗ​រវល់​មើល​ហ្វេ​ស​ប៊ុ​ក ដោយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

ចំណងមិត្តភាព​រវាង​មនុស្ស និង​មនុស្ស​គួរតែ​ធ្វើ​ឡើង​តាម​រយ​:​ការ​ជួប​មុខ​គ្នា​ឱ្យ​បាន​ញឹកញាប់​។ ការ​ជួប​មុខ​គ្នា​ផ្ទាល់​អាច​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា កាន់តែ​យល់ចិត្ត​គ្នា និង កាន់តែ​ស្រឡាញ់​រាប់​គ្នា​។ ការ​រាប់អាន​គ្នា​តែ​តាម​ហ្វេ​ស​ប៊ុ​ក​នឹង​ធ្វើ​ឱ្យ​ភាព​ស្និ​ទ្ឋ​ស្នាល​របស់​មនុស្ស​នឹង​កាន់តែ​ឃ្លាតឆ្ងាយ​គ្នា​បន្តិច​ម្តង​ៗ​ដោយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​រវាង​មិត្ត និង​មិត្ត​។

វា​នឹង​ជា​ការ​ល្អ បើសិនជា​យើង​អាច​រក្សា​បាន​ទាំង​ទំនាក់ទំនង​ផ្ទាល់​រវាង​មិត្ត និង​មិត្ត​តាម​ការ​ជួប​គ្នា និង​ការ​បង្កើត​មិត្ត​តាម​ហ្វេ​ស​ប៊ុ​ក​៕