ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ស្ទើរ​ស្រក់​ទឹកភ្នែក​..! វ័យ​ចំណាស់​ពិការ​មាន​ជំងឺ​ប្រចាំ​កាយ​វេទនា​គួរ​ឱ្យ​អាសូរ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ពិការ​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​រស់នៅ​កំព្រា​ឯកោ​ម្នាក់ឯង បន្ទាប់​ពី​ម្តាយ​ជរា​បាន​ស្លា.ប់​ចោល​កាលពី​ជាង​៣​ខែ​កន្លង​ទៅ​ដោយ​រស់នៅ​វេទនា​កំសត់​គួរឱ្យ​អាសូរ​

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ពិការ​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​រស់នៅ​កំព្រា​ឯកោ​ម្នាក់ឯង បន្ទាប់​ពី​ម្តាយ​ជរា​បាន​ស្លាប់​ចោល​កាលពី​ជាង​៣​ខែ​កន្លង​ទៅ​ដោយ​រស់នៅ​វេទនា​កំសត់​គួរឱ្យ​អាសូរ​ហើយ​បាន​អ្នក​ជិតខាង​ឃើញ​ក៏​ផ្តល់​អាហារ​ស្ទើរ​រាល់ថ្ងៃ​ផង​ដែរ ។ បុរស​ពិការ​រស់នៅ​ឯកោ​ម្នាក់ឯង​មានឈ្មោះ ឆាយ ឆៃ អាយុ​៦០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ មានស្រុក​កំណើត​រស់នៅ​ភូមិ​គោក​ក្រសាំង ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ មាន​ម្តាយ​ឈ្មោះ យ៉ៃ អាំ អាយុ​៨០​ឆ្នាំ​(​ស្លាប់​) ដោយ​ចូល​ទៅ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ 

ប្រភព​ព័ត៌មាន​ពី​បុរស​ខាងលើ​បានឱ្យ​ដឹង​ថា គាត់​អត់​មាន​បងប្អូន​នោះ​ទេ​ហើយ​បាន​សុំ​ដី​គេ​សង់ផ្ទះ​ស្នាក់​នៅ​ពីរ​នាក់​ម្តាយ​ក្បែរ​ផ្ទះ​អ្នក​ជិតខាង​លុះដល់​ម្តាយ​ស្លាប់​កាលពី​ជាង​៣​ខែ​កន្លង​ទៅ​ដោយសារ​វ័យ​ចំណាស់​ទើប​ធ្វើ​ឱ្យ​គាត់​មានការ​លំបាក​យ៉ាង​ខ្លាំង ។ គាត់​បន្ត​ទៀត​ថា កាល​រស់នៅ​ជាមួយ​ម្តាយ​គាត់​មិន​អាច​ធ្វើ​ការងារ​អ្វី​កើត​នោះ​ទេ​ព្រោះ​ពិការ​ដៃជើង ខណៈ​មាន​ជំងឺ​ដំបៅ​ស៊ី​រូង​ដៃ និង​ជើង​មើល​មិនជា​ទាល់តែ​សោះ ។  គាត់​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​បាន​អ្នក​ជិត​ខាងគេ​ហុច​បាយ​ម្ហូប​ឱ្យ​រាល់ថ្ងៃ​ទម្រាំ​នឹង​ដល់​ថ្ងៃ​ស្លាប់​ចាកចោល​លោក​នេះ ហើយ​គាត់​មិន​ប្រាថ្នា​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​ចង់បាន​ម្ហូបអាហារ​ទទួលទាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​នោះ​ស្លាប់​ទៅ​ពិតជា​បិទ​ភ្នែក​ជិត​ហើយ ។ ​ម្យ៉ាងវិញទៀត​ជំងឺ​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​រាលដាល​មើល​មិនជា​នោះ​ឡើយ ហើយ​ពេល​គេ​ឃើញ​មាន​បញ្ហា​បែប​នេះ​ជួនកាល​ក៏​ខ្ពើមរអើម​ផង​ដែរ ។

ចំណែក​អ្នក​ជិតខាង​ម្នាក់​បានឱ្យ​ដឹង​ថា គាត់​ពិតជា​មានការ​អាណិតអាសូរ​ដល់​បុរស ចំណាស់​ពិការ​ខាងលើ​ខ្លាំង​ណាស់​ហើយ​ជា​រៀង​រាល់​ព្រឹកល្ងាច​តែងតែ​ឱ្យ​កូន​ដួស​បាយ​ម្ហូប​យក​ទៅ​ជូន​គាត់​ពិសារ​ដោយ​យក​តែ​បុណ្យ​ប៉ុណ្ណោះ ។ ប្រភព​បន្ត​ទៀត​ថា កាលពី​ម្តាយ គាត់​នៅ​រស់​ខាង​កាកបាទក្រហម​ខេត្ត​ប៉ៃលិន​ធ្លាប់​ជួយ​ទំនុកបម្រុង​ដែរ​ក្នុង​១​ខែ​ទទួល​បាន ថវិកា​ចំនួន​១០​ម៉ឺន​រៀល តែ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ​ដោយ​មាន​ដំណឹង​ថា អាច​នឹង​ជួយ​ដល់​បុរស​ពិការ​នោះ​បន្ត​ទៀត ។ លើស​ពី​នេះ​បើសិនជា​មាន​សប្បុរសជន​នៅ​ក្នុង​ប្រទេស ឬ នៅ​ក្រៅប្រទេស​ណា​មាន​បំណង​ជួយ​ទំនុកបម្រុង​ការ​រស់នៅ​របស់​បុរស​ខាងលើ​នេះ​ក៏​កាន់ តែ​វិសេស​ទៅ​ទៀត​ផង​ដែរ ៕