ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​និយាយ​ពី​ការ​ពុះ​ដី​ឡូត៍​លក់ និង​បញ្ហា​ប្រឈម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចរន្ត​នៃ​ការ​ពុះ​ដី​ឡូត៍​លក់​បាន​និង​កំពុង​ពេញ​និយម​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ស្ទើរ​ទូ​ទាំង​ប្រទេស ដែល​អ្នក​វិនិយោគ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា ដើម្បី​ទាក់ទាញ

រាជធានី​ភ្នំពេញ ៖ ចរន្ត​នៃ​ការ​ពុះ​ដី​ឡូត៍​លក់​បាន​និង​កំពុង​ពេញ​និយម​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ស្ទើរ​ទូ​ទាំង​ប្រទេស ដែល​អ្នក​វិនិយោគ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា ដើម្បី​ទាក់ទាញ​អតិថិជន និង​លក់​គម្រោង​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ​។ ក្នុង​នោះ តើ​ការ​ពុះ​ដី​ឡូត៍​លក់ និង​អ្នក​ដែល​បាន​ទិញ​តាម​វិធី​រំលស់ មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ប្រឈម​ហានិភ័យ​អ្វីខ្លះ? លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Mekong ដែល​មានបទពិសោធន៍​ខាង​វិស័យ​អចលនទ្រព្យ​ជា​ច្រើន​ឆ្នាំ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​អំពី​បញ្ហា​នេះ ។

តើ​ចរន្ត​នៃ​ការ​ពុះ​ដី​ឡូត៍​លក់ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ?
ការ​ពុះ​ដី​ឡូត៍​លក់​មាន​ចំណុច​វិជ្ជមាន​ច្រើន​ដូច​ជា ធ្វើ​ឲ្យ​មាន​សកម្មភាព​អភិវឌ្ឍន៍​ថ្មី​ៗ​នៅ​តំបន់​ជាយក្រុង ឬ​តំបន់​សក្ដានុពល​ដទៃ​ទៀត និង​ជំរុញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​អាច​មាន​លទ្ធភាព​ទិញ​បាន ដែល​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ណាមួយ​បាន​ឆាប់រហ័ស ។

តើ​អ្នកទិញ​ដី​ឡូត៍​ប្រឈម​បញ្ហា​អ្វីខ្លះ ?
អ្នកទិញ​ដី​ឡូត៍​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា ដី​ឡូត៍​គឺ​មាន​ទំហំ​តូច​ៗ មាន​ម្ចាស់​ខុស​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​សំណង់​សាងសង់​មិនសូវ​មាន​របៀបរៀបរយ​។ ចំណែក​ប្រព័ន្ធ​លូ ទឹក​ស្អាត និង​បណ្តាញ​អគ្គិសនី ក៏​គ្មាន​ស្តង់ដា​ដែរ ប្រសិនបើ​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​នោះ​មិន​បាន​ធ្វើការ​វិនិយោគ​លើ​វិស័យ​នេះ​ជា​មុន ។

តើ​អ្នកទិញ​ដី​ឡូត៍​គួរ​ប្រុង​ប្រយ័ត្ន​យ៉ាងដូចម្តេច ?
អ្នកទិញ​ដី​ឡូត៍ គួរ​សាកសួរ​អ្នក​វិនិយោគ​ឲ្យ​ច្បាស់​ពី​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ទឹក ភ្លើង និង​ផ្លូវច្បាប់ ដូច​ជា​ថា តើ​អ្នក​វិនិយោគ​ដី​ឡូត៍​មាន​ប្លង់​រឹង​ឬ​អត់0x017d7 ប្រសិនជា​មាន​ត្រូវ​ទាមទារ​ការ​កាត់​ប្លង់​រឹង ។ បើ​ម្ចាស់​ដី​ឡូត៍ មាន​ប្លង់​ទន់ ឬ​ប្លង់​ត្រឹម​ខណ្ឌ ត្រូវ​បញ្ជាក់​ពី​ខណ្ឌ និង​ទាមទារ​កាត់​ប្លង់​ត្រឹម​ខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ហានិភ័យ​នៅ​ពេល​អនាគត ។

តើ​អ្នក​ពុះ​ដី​ឡូត៍​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចៀស​ហានិភ័យ​ទៅ​អនាគត ?
អ្នក​ពុះ​ដី​ឡូត៍​លក់​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ទាក់ទង​នឹង​បញ្ហា​ផ្លូវច្បាប់ ដើម្បី​កុំ​ឲ្យ​មានការ​តវ៉ា​ពី​អ្នកទិញ​ដី​នា​ពេល​អនាគត ។ បើសិនជា​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់ ពួក​គេ​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​គម្រោង​របស់​ខ្លួន​មាន​និរន្តរភាព ដោយ​បំពាក់​ប្រព័ន្ធ​ទឹក ភ្លើង លូ ត្រឹមត្រូវ នឹង​ធ្វើ​ឲ្យ​មានការ​ចំណាយ​ខ្ពស់ ពេល​នោះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់ ប៉ុន្ដែ​ក៏​ពិបាក​លក់​ផង​ដែរ ដែល​នេះ​ជា​បញ្ហា​ប្រឈម​របស់​អ្នក​វិនិយោគ​លើ​ដី​ពុះ​ឡូត៍​លក់ ។

តើ​ការ​វិនិយោគ​លើ​ដី​ឡូត៍​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ឬទេ ?
ការ​ទិញ​ដី​ឡូត៍​ទុក​លក់​យកចំណេញ ពិតជា​អាច​ចំណេញ​បាន ប៉ុន្តែ​កម្រិត​នៃ​ប្រាក់​ចំណេញ អាស្រ័យ​លើ​ធនធាន​របស់​ពួក​គេ​ដែល​បាន​វិនិយោគ​លើ​ដី​ឡូត៍​នោះ ។ ជា​ទូទៅ​ការ​វិនិយោគ​លើ​ដី​ឡូត៍​ទុក​លក់​យកចំណេញ មិនសូវ​បាន​ចំណេញ​ខ្ពស់​នោះ​ទេ មិន​ដូច​ជា​ការ​ទិញ​ដី​ធំ​ៗ​ឡើយ ។ វា​ចំណេញ​តាម​ទំហំ​ទឹកប្រាក់ ដែល​អតិថិជន​បាន​វិនិយោគ​ជាក់ស្តែង និង​តំបន់​នោះ​មានការ​អភិវឌ្ឍ​ឆាប់ រហ័ស​កម្រិត​ណា​ប៉ុណ្ណោះ ៕