ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​កម្រិត​B និង​C កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​តែ​រក្សា​កំណើន​ខ្ពស់ ។ ជាក់ស្តែង អគារ​ការិយាល័យ​កម្រិត​B និង​C បាន​កើនឡើង​ក្នុង​រង្វង់​ជាង​១០% ចាប់ពី​ឆ្នាំ​នេះ ដល់​ឆ្នាំ​២០១៩ ខាង​មុខ ។

ការ​សិក្សា​ធ្វើ​ឡើង​ដោយ

រាជធានី​ភ្នំពេញ ៖ ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​តែ​រក្សា​កំណើន​ខ្ពស់ ។ ជាក់ស្តែង អគារ​ការិយាល័យ​កម្រិត​B និង​C បាន​កើនឡើង​ក្នុង​រង្វង់​ជាង​១០% ចាប់ពី​ឆ្នាំ​នេះ ដល់​ឆ្នាំ​២០១៩ ខាង​មុខ ។

ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ប៊ុ​ណ្ណា រៀល​ធី​គ្រុប ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៩​ខាង​មុខ អគារ​ការិយាល័យ​កម្រិត​B នឹង​កើន​ពី​២១​ម៉ឺន​៨​ពាន់ ដល់​២៤​ម៉ឺន​៥​ពាន់​ម៉ែត្រការ៉េ កើនឡើង​១២% បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន ។ អគារ​ការិយាល័យ​កម្រិត C នឹង​កើន​ពី​ទំហំ​១៥.២០០ ដល់​១៧.២០០​ម៉ែត្រការ៉េ កើនឡើង​១៣% បើ​ធៀប​នឹង​ពេល​បច្ចុប្បន្ន ។

ចំណែក​អគារ​ការិយាល័យ​កម្រិត A នឹង​កើន​ពី​ទំហំ​ជាង​៩​ម៉ឺន​៨​ពាន់ ដល់​ជាង​៣២​ម៉ឺន​២​ពាន់​ម៉ែត្រការ៉េ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ផង​ដែរ​។ ការ​ព្យាករ​នេះ​ផ្អែក​លើ​គម្រោង​មាន​លក្ខណៈ​ចម្រុះ​ជា​ច្រើន​ដូច​ជា គម្រោង East Commercial, Exchange Square, The Bridge, The Peak, TK Royal One, The Grateway និង​គម្រោង Diamond Tween Tower ជាដើម ។

ការ​សិក្សា​រក​ឃើញ​ថា ៖ « បរិយាកាស​អាជីវកម្ម និង​ប្រព័ន្ធ​ការងារ​ដែល​មាន​ស្តង់ដា​របស់​ក្រុមហ៊ុន​នានា​បាន​ចាប់ផ្តើម​ចូល​ប្រើប្រាស់​អគារ​ការិយាល័យ​កាន់តែ​ច្រើន ជា​ពិសេស ការ​មក​ដល់​របស់​វិនិយោគិន​បរទេស ដែល​បាន​ចូល​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន » ។

តម្លៃ​នៃ​ការ​ជួល​អគារ​ការិយាល័យ​ជា​ទូទៅ​កើន​៥% ដោយ​អគារ​ការិយាល័យ​កម្រិត A មាន​តម្លៃ​ចន្លោះ​ពី​២២ ដល់​៣៦​ដុល្លារ​, អគារ​ការិយាល័យ​កម្រិត​B ចន្លោះ​ពី​៩​ដល់​២០​ដុល្លារ និង​អគារ​ការិយាល័យ​កម្រិត​C ចន្លោះ​ពី​៦ ដល់​២១​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ។ នេះ​បើ​តាម​របាយការណ៍ ។

នាយក​គ្រប់គ្រង​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន​VTRUST Property លោក ហុ​ន ម៉េ​ង​ហៀ​ង និយាយ​ថា ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ ដោយសារ​វិស័យ​នេះ​ទើប​ចាប់ផ្តើម​រីក​ចម្រើន​នៅ​កម្ពុជា និង​ការ​ហូរ​ចូល​មក​ដល់​នូវ​ក្រុមហ៊ុន​អន្តរជាតិ​ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​អគារ​ការិយាល័យ​កើនឡើង ។

លោក​បន្ត​ថា ៖ « ការ​វិនិយោគ​លើ​អគារ​ការិយាល័យ​ជា​ការ​វិនិយោគ​ល្អ ព្រោះ​វិនិយោគ​មិន​ចំណាយ​ទុន​ច្រើន តែ​បាន​ទទួល​ប្រាក់​ត្រឡប់​មក​វិញ​ច្រើន ខុស​ពី​ការ​វិនិយោគ​លើ​អា​ផាត​មិន​ដែល​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​បំពាក់​សម្ភារ​បរិក្ខារ ចំណាយ​លើ​ការ​ឌី​សាញ និង​ផ្នែក​ដទៃ​ទៀត » ។

លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​VTRUST GROUP ដែល​គ្រប់គ្រង​អគារ​ការិយាល័យ​ចំនួន​បី​នៅ​រាជធានី​ភ្នំពេញ ថ្លែង​ថា ទីផ្សារ​ការិយាល័យ​នៅ​តែ​មាន​តម្រូវការ​ច្រើន ពិសេស អគារ​ការិយា​ល័យ​កម្រិត B ដោយសារ​វា​មាន​តម្លៃ​សមរម្យ ហើយ​សម​ស្រប​នឹង​ក្រុមហ៊ុន​ដែល​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ថ្មី​ៗ ក៏​ដូច​ជា​ក្រុមហ៊ុន​ក្នុងស្រុក ដែល​ពួក​គេ​មិន​ចង់​ចំណាយ​លើ​អគារ​ការិយាល័យ​កម្រិត A មាន​តម្លៃ​ខ្ពស់ ៕