ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាឪពុកនិងកូនបានស្លាប់ និងម្នាក់ទៀតសន្លប់ ក្នុងហេតុការណ៍ឆក់ខ្សែភ្លើងក្នុងពេលមេឃកំពុងធ្លាក់ភ្លៀងរលឹម កើតឡើង កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៦ ឧសភា ស្ថិតនៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះធឿន ម៉ុន អាយុ៣១ឆ្នាំ (ស្លាប់) ២-ឈ្មោះម៉ុន ម៉ៃ អាយុ១០ឆ្នាំ (ស្លាប់) និង៣-ឈ្មោះរ៉េត ធី អាយុ២៧ឆ្នាំ (សន្លប់) ដែលទាំង៣នាក់ មានទីលំនៅក្នុងភូមិកើតេហតុ ។
ប្រភពបន្តថា មុនពេលកើតហេតុ ខណៈពេលមេឃធ្លាក់ភ្លៀងរលឹមស្រិចៗនោះ កូនប្រុសបានដើរទៅលើផ្ទះ ដោយកាន់តោងបង្កាន់ដៃដែក ដោយមិនដឹងថា មានចរន្ធភ្លើងនោះទេ ។ ស្រាប់តែឆក់កូនប្រុសភ្លាមៗ ពេលនោះឪពុកឃើញក៏រត់ឡើងទៅជួយ ហើយក៏ឆក់ទាំងឪពុកទៀត បណ្តាលឱ្យស្លាប់ទាំង២នាក់តែម្តង ។ លុះបុរសម្នាក់ទៀត ឃើញក៏បានរត់ឡើងទៅជួយ ក៏បណ្តាលឱ្យរហូតសន្លប់តែម្តង ។ ក្រោយហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលពេញភូមិ ដោយម្នាក់ៗនាំគ្នារត់មកជួយសង្គ្រោះ តែអ្វីៗបានហួសពេលទៅហើយ ។
ចែករំលែកព័តមាននេះ