រាជធានីភ្នំពេញ ៖ ជនជាប់ចោទជាស្ត្រីជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ឧសភានេះ ពាក់ពន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ជនជាប់ចោទឈ្មោះ ZHOU WE (ស៊ូ វ៉េ) ភេទស្រី អាយុ៤១ឆ្នាំ មុខរបរជាអាជីវករ ស្នាក់នៅផ្ទះលេខ៣៤៧ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រុកកំណើតនៅប្រទេសចិន។
សមត្ថកិច្ចបានឲ្យដឹងថា នេះជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក សេង លាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលជនជាប់ចោត្រូវបានវិនិច្ឆ័យសេចក្តីផ្តន្ទាទោសរួចហើយឲ្យសងប្រាក់ទៅដើមបណ្តឹងចំនួន៦ម៉ឺនដុល្លារអាមេរិក និងមានប្រាក់ពិន័យមួយចំនួនទៀត។ សាលក្រមនេះត្រូវបានជំនុំជម្រះជាសាធារណៈ កាលពីថ្ងៃទី២០ មករា ២០១៧ និងប្រកាសជាសាធារណៈនៅថ្ងៃទី២៥ មករា ដោយកំបាំងមុខជនជាប់ចោទ តែចំពោះមុខមេធាវីដើមបណ្តឹង។
ក្រោយពីសាលក្រមចូលស្ថាពរជនជាប់ចោទមិនបានយកប្រាក់សងដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលជាថវិការរដ្ឋទេ ថែមទាំងគេចវេសទៀតផង។ ហេតុដូច្នោះហើយបានជាចៅក្រមចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន ពេលនេះជនជាប់កំពុងស្ថិតការសាកសួររបស់ចៅក្រម ៕
ចែករំលែកព័តមាននេះ