ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប ​ព្រមាន​ពីការកើតសង្គ្រាម​​ស៊ីវិល​​នៅកូតឌីវ័រ

15 ឆ្នាំ មុន

ប្រទេស​កូតឌីវ័រ​​ពេលនេះ​​កំពុងស្ថិត​​ក្នុងស្ថាន​​​ការណ៍ឆ្ពោះទៅ​​រក​​ការកើតសង្គ្រាម​​ស៊ីវិល​​ក្រោយ​ពី​ស្ត្រី​​​៧​នាក់ត្រូវបានបាញ់​ស្លាប​់​ក្នុង​អំឡុង​​​នៃ​​​ការ​ធ្វើបាតុកម្ម ។ ជាមួយគ្នា​​នេះ ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​កាលពីថ្ងៃ​ទី​​៣ មីនា កន្លងមក ​បានសម្តែង​​ការ​ព្រួយបារម្ភ​យ៉ា​ងខ្លាំង​ចំពោះ​​​ជម្លោះ​នៅ​​ប្រទេស​កូតឌីវ័រ​​ដែល​កំពុង​កើនឡើង​​ឆ្ពោះទៅ​រក​ការ​កើតសង្គ្រាម​​​ស៊ីវិល ហើយ​​បានអំពាវ​នាវ​​ដល់​កង​រក្សា​សន្ត​ិ​ភាព​ឱ្យ​​ធ្វើ​ការងារ​កាន់តែ​ច្រើន​​ថែមទៀត​​ដើម្បី​​​ការ​ពារ​ជនស៊ីវិល​​​ ។​
ប្រមុខ​​កង​រក្សា​សន្តិភាព អ.ស.ប ​បាន​ឱ្យ​​ដឹង​ពី​របៀប​​ដែលកង​កម្លាំង​​មាន​​ភក្តីភាព​ចំពោះ​​​លោក​ឡូរ៉ង់ ​ហ្សេបាបូ ​ប្រធានាធិបតី​​កូត​ឌីវ័រ ​ដែល​ផុតអាណត្តិ​​ ប៉ុន្តែ​នៅ​តែមិន​ព្រម​​ចុះ​ចេញ​ពី​តំណែង​ បាញ់ប្រហារ​​ដោយ​​ប្រើកាំ​ភ្លើង​​យន្ត​ធុន​ធ្ងន់លើ​បាតុករ​​ដែល​ភាគច្រើនជាស្ត្រី​​នៅ​ក្នុង​​ការ​ធ្វើបាតុកម្ម​​​លើ​ក​ចុងក្រោយ ញ៉ាំង​ឱ្យស​ហ​គមន៍​​អន្តរជាតិ​​មានការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង ។​
បេសក​ជន​​ជាន់ខ្ពស់​​​អាហ្វ្រិក​មួយរូប​​ថ្លែង​ថា ​គេ​គួរតែ​​ផ្តល់​​ពេលច្រើន​​ថែមទៀតដល់​សហ​ភាព​​អាហ្វ្រិក​​ ដើម្បីស្វែង​រក​​ដំណោះស្រាយ​​​​ជម្លោះ​​​រវាង​​​លោកហ្សេបាបូ និង​លោក​​អាឡា​ស​សាន ​អ៊ូអា​តារ៉ា ដែលឈ្នះ​ឆ្នោតប្រធានាធិបតី​​ ហើយ​​ទទួលស្គាល់​​ដោយសហគមន៍​អន្តរជាតិ ។​
ក្រសួងការ​​បរទេស​​សហរដ្ឋអាមេរិក ​និយាយ​ថា ​ការបាញ់​​សម្លាប់​ស្ត្រី​​​​៧​នាក់នោះ បង្ហាញ​​យ៉ា​ងច្បាស់​​ពីការ​​គ្មាន​សីលធម៌​​របស់​លោក​ហ្សេ​បាបូ​ ​ហើយក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​បានថ្កោលទោសយ៉ាង​ខ្លាំង​ចំពោះ​​ការ​គំរាម​​បង្ក​អំពើ​ហិង្សា​​ប្រឆាំងជនស៊ីវិល​​ដោយ​កង​កម្លាំង​​របស់​លោក​ហ្សេបាបូ ។​
ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​បានទទូច​​ដល់​​បេសក​កម្ម​របស់ អ.ស.ប នៅប្រទេ​សកូត​ឌីវ័រ ​​ឱ្យ​ប្រើប្រាស់​​មធ្យោបាយ​​ចាំ​បាច់​​​នានា​អនុវត្ត​តាម​​​អាណត្តិ​របស់​​ខ្លួនដើម្បី​​ការពារជនស៊ីវិល ។​
បច្ចុប្បន្ន​​ស្ថានការណ៍​​នៅប្រទេស​កូតឌីវ័រធ្លាក់​ចូល​ក្នុងស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ៕