ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​យក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​លើក​ឡើង​ថា ការ​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ធ្វើ​ជា​វត្ថុ​បញ្ចាំ នៅ​តែ​កើត​មាន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តូច​ៗ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​លើក​ឡើង​ថា ការ​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ធ្វើ​ជា​វត្ថុ​បញ្ចាំ នៅ​តែ​កើត​មាន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តូច​ៗ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​គុណភាព​ឥណទាន​ទេ ។ ទោះបី​យ៉ាងណា វា​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា ថា ពិតជា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​អនុវត្ត​បែប​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​គាត់ ព្រោះ​ពេល​ពួក​គាត់​គ្មាន​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ពួក​គាត់​អាច​ប្រឈម​នឹង​ការ​លំបាក​អនុវត្ត​ប្រចាំថ្ងៃ ដូច​ជា ការ​បោះ​ឆ្នោត ឬ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាដើម ។

លោក​បន្ត​ថា ៖ « ការ​យក​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ធ្វើ​ជា​វត្ថុ​បញ្ចាំ​ដើម្បី​ទទួល​បាន​ឥណទាន មិន​ប៉ះពាល់​ដល់​គុណភាព​ឥណទាន​នោះ​ទេ ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវការ​ឯកសារ​ទាំងនោះ​នៅ​ពេល​មាន​ធុ​រ​អ្វីមួយ » ។

កាលពីដើម​ស​ប្តា​ហ៍​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​លិខិត​ជម្រាប​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​អនុវត្ត​បែប​នេះ​ឲ្យ​បញ្ចប់​ផង​ដែរ និង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​មីក្រូហិរញ្ញវត្ថុ ឬ​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ណា ដែល​នៅ​តែ​បន្ត​យក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​វត្ថុ​បញ្ចាំ ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​និយាយ​ដែរ​ថា ការ​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កន្លង​មក មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយ​ចំនួន​បាន​អនុវត្ត​បែប​នេះ ប៉ុន្តែ​កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​តាមដាន​ការងារ​នេះ ហើយ​ការ​អនុវត្ត​បែប​នេះ​ក៏​បាន​បញ្ចប់​ផង​ដែរ ។

លោក​បន្ត​ថា ៖ « នៅ​ពេល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​អនុវត្ត​បែប​នេះ ប្រជាជន​ពួក​គេ​មិន​អាច​បំពេញ​កាតព្វកិច្ច​ចូលរួម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ឬ​ត្រូវធ្វើ​ការងារ​ចាំបាច់​ដទៃ​ទៀត » ។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​ឧកញ៉ា ហួត អេ​ង​តុង ថ្លែង​ថា សម្រាប់​ហត្ថា​កសិករ មិន​បាន​អនុវត្ត​បែប​នេះ​ទេ ប៉ុន្តែ​មានការ​អនុវត្ត​បែប​នេះ​របស់​គ្រឹះស្ថាន​តូច​ៗ​មួយ​ចំនួន តាម​រយៈ​ការ​យក​ប័ណ្ណគ្រួសារ ឬ​អត្តសញ្ញាណប័ណ្ណ​មក​ពិនិត្យ និង​កូ​ពី ដើម្បី​ដឹង​ពី​កន្លែង​រស់នៅ​ពិតប្រាកដ​របស់​អតិថិជន​ដែល​ត្រូវ​ទទួល​ឥណទាន ។ លោក​បន្ត​ថា លោក​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ណា ដែល​បាន​អនុវត្ត​បែប​នេះ ឬ​មិន​អនុវត្ត​ឡើយ ។

លោក​បន្ត​ថា ៖ « ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ដែល​រៀបរយ និង​មិន​រៀបរយ សូម​បញ្ឈប់​ការ​យក​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​របស់​ប្រជាពលរដ្ឋ ។ ការ​អនុវត្ត​បែប​នេះ នឹង​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ » ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ ឧសភា ធនាគារជាតិ​នៃ​កម្ពុជា បាន​ក្រើនរំលឹក​ដល់​ម្ចាស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រ​តិ​ប​តិ្ត​ករ​ឥណទាន​ជនបទ ចំពោះ​ការ​ហាមឃាត់​ទទួលយក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ សម្រាប់​ការ​ធានា​លើ​ការ​ផ្ដល់​ឥណទាន ។

ការ​ក្រើនរំលឹក​នេះ ដោយហេតុ​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​សង្កេត​ឃើញ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយ​ចំនួន​នៅ​តែ​បន្ដ​យក​អត្តសញ្ញាណប័ណ្ណ​, សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ សម្រាប់​តម្កល់​ជា​ឯកសារ​ដើម្បី​ទទួល​បាន​ឥណទាន បើ​ទោះបីជា​កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​សេចក្ដីជូនដំណឹង​ហើយ​ក៏​ដោយ ។

ការ​ក្រើនរំលឹក​នា​ពេល​នេះ ប្រសិនបើ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ណា​នៅ​តែ​បន្ដសកម្មភាព និង​មិន​យកចិត្តទុកដាក់​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងនោះ នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ និង​ឈាន​ទៅ​ការ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ចុះបញ្ជី ហើយ​បញ្ឈប់​សកម្មភាព​អាជីវ​កម្ម​តែ​ម្ដង ៕