ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​សីទ​​មហា​អនុ​តំបន់​ទន្លេ​មេ​គង្គ​គ្រោង​បើក​ធ្វើ​នៅ​សប្តាហ៍​ក្រោយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​​៩ មីនា ខាង​មុខ ​នៅ​សណ្ឋា​គារ​សូហ្វី​តែល​ភ្នំពេញ ផូ​កី​ត្រា នឹង​​​ប្រារព្ធ​ពិធី​បើក​​​សន្និ​សីទ​​មហា​អនុ​តំបន់​ទន្លេ​​មេគង្គ (GMS) សម្រាប់​ការ​អភិ​​វឌ្ឍ​ច្រក​​របៀង​សេដ្ឋ​កិច្ច​​ភាគ​ខាង​ត្បូង (SEC) ​ក្រោម​អធិបតី​ភាព​​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​​ពាណិជ្ជ​កម្ម និង​រដ្ឋ​មន្ត្រី​​ GMS ប្រចាំ​ប្រទេស​កម្ពុជា ។ សន្និ​សីទ​នេះ​​​រៀប​ចំ​ឡើង​ក្នុង​រយៈ​​ពេល​ពីរ​ថ្ងៃ ។ ​លោក Thomas Crouch អគ្គ​នាយក​រង​នៃ​នាយក​​ដ្ឋាន​អាស៊ី​​អាគ្នេយ៍​​​ របស់​​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) និង​លោក​ស្រី Megan Anderson ​ប្រធាន​ទី​ភ្នាក់​ងារ​​អូស្ត្រាលី​ដើម្បី​​ការ​អភិ​វឌ្ឍ​​អន្តរ​ជាតិ (AusAID) ប្រចាំ​កម្ពុជា នឹង​ផ្តល់​ទស្សន​វិស័យ​របស់​ដៃ​គូ​អភិ​វឌ្ឍ​សំខាន់ៗ​ទាំង​ពីរ (ADB និង AusAID) ដែល​​សកម្ម​​ក្នុង​ការ​អភិ​វឌ្ឍ​​មហា​អនុ​តំបន់​ទន្លេ​​មេ​គង្គ ។ លោក Oudet Souvannavong អគ្គ​លេខា​ធិការ​នៃ​វេទិកា​ពាណិជ្ជ​កម្ម GMS នឹង​បង្ហាញ​ពីទស្សនៈ​របស់​វិស័យ​ឯក​ជន​ទៅ​លើ​ច្រក​របៀង​សេដ្ឋ​កិច្ច​​ភាគ​ខាង​​​ត្បូ​ង​ផង​ដែរ ។

​សន្និ​សីទ​​ដែល​រៀប​ចំ​ដោយ ADB និង​ឧបត្ថម្ភ​​ថវិកា​ដោយ AusAID នេះ ​មាន​បំណង​​កំណត់ និង​ផ្សព្វផ្សាយ​​ផែន​ការ​វិនិ​យោគ​សាធា​រណៈ​ដែល​កំពុង​អនុ​វត្ត​ដោយ​រដ្ឋា​ភិបាល​​ថ្នាក់​ជាតិ និង​អាជ្ញា​ធរ​ក្នុង​តំបន់​​ ចែក​រំលែក​​ព័ត៌​មាន​អំពី​ឱកាស​​វិនិ​យោគ​ និង​សហ​ប្រតិ​បត្តិ​ការ​បង្ហាញ​ពី​ទស្សនៈ​របស់​វិស័យ​​ឯក​ជន​​ទៅ​លើ​ឱកាស​ និង​បញ្ហា​នៅ​ក្នុង​ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​​ខាង​ត្បូង ​ផ្តល់​ព័ត៌​មាន​ពី​គោល​នយោ​បាយ​​បរិ​ស្ថាន​ ​ដែល​ប៉ះ​ពាល់​​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​ការ​​វិនិ​យោគ​នៅ​តាម​ច្រក​របៀង​ និង​ពិនិត្យ​មើល​​ឡើង​វិញ ​នូវ​កិច្ច​សម្រប​សម្រួល​ពាណិជ្ជ​កម្ម ពាណិជ្ជ​កម្ម​ទ្វេ​ភាគី និង​បញ្ហា​​ដឹក​ជញ្ជូន​​ដែល​ប៉ះ​ពាល់​​ដល់​ការ​អភិ​វឌ្ឍ​​ច្រក​របៀង​សេដ្ឋ​កិច្ច​​ភាគ​​ខាង​ត្បូង ។

សន្និ​​សីទ​​នេះ ​មាន​ការ​ចូល​រួម​ពី​​តំណាង​អាជ្ញា​ធរ​ខេត្ត ​និង​មូល​ដ្ឋាន​ អ្នក​បង្កើត​គោល​នយោ​បាយ​​ថ្នាក់ជាតិ មក​ពី​ក្រសួង​ពាក់​ព័ន្ធ​ដូច​ជា​ ក្រសួង​​សាធារណ​ការ និង​ដឹក​ជញ្ជូន ​​​ពាណិជ្ជ​កម្ម​ ផែន​ការ និង​​ក្រសួង​ការ​បរទេស​ និង​មាន​តំណាង​​វិស័យ​ឯក​ជន​​ដែល​មក​ពី​សមា​គម​​ពាណិជ្ជ​កម្ម និង​សភា​​ពាណិជ្ជ​កម្ម​ នៃ​​បណ្តា​​ខេត្ត​ចំនួន​៤៣​​ ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​​ត្បូង ។ ​តំណាង​ដៃ​​គូ​អភិ​វឌ្ឍន៍​​ក៏​ត្រូវ​​បាន​អញ្ជើញ​​ឱ្យ​ចូល​រួម​​ផង​ដែរ ។ អភិ​បាល​ខេត្ត​មួយ​ចំនួន​​មក​ពី​ខេត្ត​នៅ​ជាប់​ព្រំ​​ដែន​នៃ​​​ច្រក​របៀង​នេះ នឹង​ធ្វើ​បទ​បង្ហាញ​​អំពី​ការ​ផ្តួច​ផ្តើម​​របស់​អាជ្ញា​ធរ​​មូល​ដ្ឋាន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ និង​សម្រ​ប​សម្រួល​​ការ​អភិ​វឌ្ឍ​​ច្រក​របៀង​​សេដ្ឋ​កិច្ច​ភាគ​ខាង​ត្បូង​ ​ផល​លំបាក​ដែល​ប្រឈម​ក្នុង​ការ​ពង្រីក​ វិនិ​យោគ និង​ពាណិ​ជ្ជ​កម្ម និង​លក្ខ​ខណ្ឌ​នានា​ដើម្បី​​ជម្រុញ​ផ្សព្វ​ផ្សាយ​ និង​សម្រប​សម្រួល​ការ​អភិ​វឌ្ឍ​រវាង​អាជ្ញា​ធរ​ក្នុង​តំបន់​ និង​តំណាង​​វិស័យ​​ពាណិជ្ជ​កម្ម ៕