ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​ស្រូប​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​នាក់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្តស្វាយរៀង​នៅ​ឆ្នាំ​២០០៥​មក ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រាប់​ម៉ឺន​នាក់​ទទួល​អត្ថប្រយោជន៍​ពី​តំបន់​នេះ ដោយ​យុវជន​ពេញកម្លាំង​បាន​ចូល​

ខេត្តស្វាយរៀង ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្តស្វាយរៀង​នៅ​ឆ្នាំ​២០០៥​មក ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រាប់​ម៉ឺន​នាក់​ទទួល​អត្ថប្រយោជន៍​ពី​តំបន់​នេះ ដោយ​យុវជន​ពេញកម្លាំង​បាន​ចូល​បម្រើ​ការ​ជា​កម្មករ កម្មការិនី​នៅ​ក្នុង​រោងចក្រ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ និង​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​ខេត្ត​ផ្សេង ឬ​ក្រៅប្រទេស​ឡើយ ។

បើ​តាម​លោក ខេន លី (Kan Lee) អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​មេន​ហាត​ធេ​ន នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ឲ្យ​ដឹង​ថា ចាប់ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បង្កើត​ឡើង​ក្នុង​ខេត្តស្វាយរៀង បាន​ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ប្រែក្លាយ​មុខមាត់​ខេត្ត ក៏​ដូច​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ ។ លោក​និយាយ​ថា ៖ « បើ​ប្រៀបធៀប​កាលពីមុន​និង​ឥឡូវ មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ កាលពីមុន តំបន់​នេះ​គឺជា​វាលស្រែ និង​កន្លែង​ស្ងាត់ជ្រងំ តែ​ពេល​នេះ វា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​តំបន់ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង និង​ខេត្ត​ផ្សេង​ដែល​មក​ធ្វើការ​នៅ​ទី​នេះ » ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មេន​ហាត​ធេ​ន មាន​រោងចក្រ​កំពុង​ដំណើរការ​ផលិត​ជាង​៣០​រោងចក្រ ក្នុង​នោះ​ភាគច្រើន​ជា​ការ​វិនិយោគ​ពី​ក្រៅប្រទេស​ដូច​ជា ៥០%​មក​ពី​តៃវ៉ាន់​, ៣០%​មក​ពី​ចិន ក្រៅពី​នោះ​មក​ពី​ហុងកុង វៀតណាម និង​សហរដ្ឋអាមេរិក​ជាដើម ។ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ បាន​ផ្ដល់​ឱកាស​ការងារ​ជូន​កម្មករ កម្មការិនី​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​រាល់​ថ្ងៃនេះ ។ លោក​និយាយ​ថា  ៖ «​ក្រៅពី​រោងចក្រ​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន គ្រោង​នឹង​វិនិយោគ​បន្ថែម​ទៀត​សម្រាប់​ផ្ទៃដី​ដែល​នៅ​សេសសល់ ដូច​ជា វិនិយោគ​រោង​ភាពយន្ត សួន​កម្សាន្ត និង​មជ្ឈមណ្ឌល​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាដើម » ។

លោក ម៉ែ​ន វិបុល អភិបាលខេត្ត មាន​ប្រសាសន៍​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង​មក រហូត​មក​ដល់​ពេល​នេះ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៧ ដែល​មាន​រោងចក្រ​សហគ្រាស​សរុប​ជាង​១៥០ និង​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ជាង​៦​ម៉ឺន​នាក់ ។ លោក​ថា ៖ « ក្រៅពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៧ ដែល​ដំណើរ​ការ​សព្វថ្ងៃ​នេះ ក៏​មាន​គម្រោង​ធំ​ៗ​មួយ​ចំនួន​ទៀត នឹង​មក​វិនិយោគ​នៅ​ក្នុង​ខេត្តស្វាយរៀង​ផង​ដែរ​។ ជាក់ស្ដែង គម្រោង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​លេចឡើង​នៅ​ខេត្តស្វាយរៀង ក្នុង​នោះ​ដែរ​នឹង​មាន​រោងចក្រ​ផលិត​រថយន្ត​និង​ម៉ូតូ គ្រោង​ដំណើរការ​នៅ​ខេត្តស្វាយរៀង​ទៀត​ផង​។ ដូចនេះ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ខេត្ត ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល » ។

លោក​បន្ត​ថា ដើម្បី​ឱ្យ​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត និង​ម៉ូតូ​ដំណើរការ​ឆាប់​ៗ គណៈ​គ្រប់គ្រង​ខេត្ត​ទាំងអស់​នឹង​ជួយ​សហការ​សម្រួល​ដល់​ការ​លំបាក​នានា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដើម្បី​ជំរុញ​ឱ្យ​ការ​ផលិត​បាន​ឆាប់រហ័ស ។ ជាក់ស្ដែង កាលពី​ខែ​មុន​នេះ ខាង​ខេត្ត​បាន​ណែនាំ​ក្រុមហ៊ុន សហការ​ជាមួយ​សាកលវិទ្យាល័យ​ស្វាយ​រៀង សម្រាប់​ជ្រើសរើស​ធនធានមនុស្ស និង​បណ្ដុះបណ្ដាល​បន្ថែម​លើ​បច្ចេកទេស​ផលិត​រថយន្ត និង​ម៉ូតូ ។

លោក​បន្ថែម​ថា កាលពីមុន ខេត្តស្វាយរៀង​បាន​ត​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​វៀតណាម ដែល​ជា​បញ្ហា​មួយ​សម្រាប់​វិនិយោគិន ប៉ុន្តែ​នៅ​ពេល​នេះ ដោយសារ​តែ​កម្ពុជា​បាន​ផលិត​អគ្គិសនី​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ត​បណ្ដាញ​ពី​រាជធានី​ភ្នំពេញ​រួច​នោះ វា​ជា​សញ្ញា​មួយ​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគិន ព្រោះ​រាល់​ការ​ផលិត​ទាំងអស់ តម្រូវការ​ចាំបាច់ គឺ​អគ្គិសនី​នេះឯង ៕