ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​សាកសួរ និង​ស្រាវជ្រាវ​លំ​ៗ​​បាន​​ទេរឿងនេះ…

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​បង្ហាញអត្តសញ្ញាណ​ជន​សង្ស័យ​៤​នាក់ ដែល​បាន​ឃាត់ខ្លួន​ក្រោយ​មានការ​ចូល​បា.ញ់ប្រហារ ក្នុង​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា កំពុង​សាកសួរ​យ៉ាង​យកចិត្តទុកដាក់ ព្រោះតែ​ជនសង្ស័យ​ទាំងនោះ​មិន​ទាន់​សារភាព ។

​ខេត្តកំពង់ឆ្នាំង ៖ ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​បង្ហាញអត្តសញ្ញាណ​ជន​សង្ស័យ​៤​នាក់ ដែល​បាន​ឃាត់ខ្លួន​ក្រោយ​មានការ​ចូល​បាញ់ប្រហារ ក្នុង​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា កំពុង​សាកសួរ​យ៉ាង​យកចិត្តទុកដាក់ ព្រោះតែ​ជនសង្ស័យ​ទាំងនោះ​មិន​ទាន់​សារភាព ។

នៅ​ថ្ងៃ​ទី​២៥ ឧសភា គេ​សង្កេត​ឃើញ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​មក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ជួយ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ​ដែរ ព្រោះ​ជា​រឿង​ក្តៅ ដែល​មិន​អាច​សាកសួរ​ស្រាវជ្រាវ​លំ​ៗ​បាន​ទេ ដោយសារ​តែ​ការ​ចូល​បាញ់​ប្រហារយ៉ាង​សាហាវ​នេះ ​បណ្តាល​ឱ្យ​ជីវិត​មនុស្ស​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ដល់​ទៅ​៣​នាក់ ។

តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា កាំភ្លើង​អាកា​ចំនួន​៣​ដើម ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហូត​ពី​ជនសង្ស័យ ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​មាន​១​ដើម​ត្រូវ​គ្នា​នឹង​សំបក​គ្រាប់​ដែល​ប្រមូល​បាន​ពី​កន្លែង​កើតហេតុ ។ ប្រភព​ដដែល​បញ្ជាក់​ថា កាំភ្លើង​វែង​ធុន​អាកា​ទាំង​៣​ដើម មាន​១​ដើម ដែល​ជន​ដៃដល់​បាន​យក​ចេញពី​ក្នុង​ស្នាក់​ការ របស់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា ក្នុង​ពេល​ធ្វើ​សកម្មភាព​ចូល​បាញ់ប្រហារ ដែល​មុន​នេះ​បាន​ផ្សាយ​ថា​បាន​បាត់​កាំភ្លើង​អាកា​១​ដើម​នៅ​ក្នុង​ស្នាក់​ការ ។

ដូច​គ្នា​នេះ​ដែរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​សមត្ថកិច្ច​នគរបាល បាន​កោះហៅ​មនុស្ស​២​នាក់​មក​សាកសួរ​ផង​ដែរ គឺ​ស្ត្រី​ម្នាក់​និង​ប្រុស​ម្នាក់ ដែល​ជំហាន​ដំបូង​ថា​ជា​អ្នក​ដាំបាយ​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា ។ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ស្ត្រី​នោះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ហើយ​ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ទាហាន​កងកាំភ្លើងធំ​ម្នាក់ ក្នុង​ចំណោម​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ។

ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កម្លាំងយោធា​កងកាំភ្លើងធំ​ទាំង​៣​នាក់​នេះ ត្រូវ​បាន​កងរាជអាវុធហត្ថ​ប្រាប់​ថា ការ​ឃាត់ខ្លួន​នេះ​អាច​នឹង​សុំ​ទៅ​តុលាការ​ដើម្បី​សុំ​ពន្យារពេល​ឃាត់ខ្លួន​បន្ត​ទៀត ប្រសិនបើ​ការ​កសាង​សំណុំរឿង និង​ប្រមូល​ឯកសារ​ភស្តុ​តាង នៅ​មិន​ទាន់​គ្រប់គ្រាន់ និង​ចប់​សព្វគ្រប់  ។

សូម​រឭក​ថា កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា មាន​ខ្មាន់កាំភ្លើង​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម​បាន​ចូល​បាញ់ប្រហារ​ក្នុង​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រាំង​ស្គា ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បណ្តាល​ឱ្យ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​នោះ​មាន​មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​ទឹកផុស​ម្នាក់ មន្ត្រី​យោធា​ជា​ម្ចាស់​ស្ថានីយ​ប្រេង​នៅ​មុខ​ស្នាក់​ការ​មេព្រៃ​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​នៅ​ពិសា​របាយ​ជុំ​គ្នា ក្នុង​ស្នាក់​ការ​មេព្រៃ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​យោធា​កងកាំភ្លើងធំ​៣​នាក់ ក្រោយមក​បាន​ឃាត់​ម្នាក់​ទៀត និង​ថ្ងៃ​ម្សិលមិញ​បាន​ឃាត់ខ្លួន​ម្នាក់​ទៀត សរុប​៥​នាក់ ដែល​តាម​ប្រភព​សម្ងាត់​ថា ពាក់ព័ន្ធ​រឿង​ខ្ចី​កាំភ្លើង​គ្នា ។ យោង​តាម​សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ បាន​និយាយ​ថា តាម​នីតិវិធី​ចម្លើយ​សារភាព​គ្រាន់តែ​ជា​ចំណែក​មួយ​ប៉ុណ្ណោះ សំខាន់​ទៀត​នោះ​ទោះ​ជនសង្ស័យ​មិន​សារភាព បើ​ផ្អែក​តាម​វត្ថុ​តាង សាក្សី​ដាក់បន្ទុក​ជា​ច្រើន គឺ​មាន​ពិ​រុ​ទ្ធភាព​គ្រប់គ្រាន់ ដែល​អាច​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត គ្មាន​ឱ្យ​ជនល្មើស​រួចខ្លួន​ទេ ៕