ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិន និងអូស្ត្រាលី ជីករកមាសនៅខេត្តបីរបស់កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រ៉ែ​មាស​កម្ពុជា​បាន​ក្លាយជា​ប្រភព​ចំណូល​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​។​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​សកម្ម​ជាងគេ​ក្នុង​ការ​ជីក​រុករក និង ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​នៅ​កម្ពុជា​។រ៉ែ​មាស គឺជា​កំណប់​ភោគទ្រព្យ​ធម្មជាតិ​មួយ​ដែល​មាននៅ​កម្ពុជា ហើយ​នៅ​ពេល​នេះ វា​កំពុង​តែ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​ចំនួន​បួន ដូច្នេះ​នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ស្រុកម្ចាស់​ប្រទេស​យើង​ក៏​គួរ​ដឹង​អំពី​វា​ខ្លះ​ដែរ​។ តាម​ព័ត៌មាន​ពី​ក្រសួង​រ៉ែ…

រាជធានី​ភ្នំពេញ ៖ រ៉ែ​មាស​កម្ពុជា​បាន​ក្លាយជា​ប្រភព​ចំណូល​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​។​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​សកម្ម​ជាងគេ​ក្នុង​ការ​ជីក​រុករក និង ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​នៅ​កម្ពុជា​។រ៉ែ​មាស គឺជា​កំណប់​ភោគទ្រព្យ​ធម្មជាតិ​មួយ​ដែល​មាននៅ​កម្ពុជា ហើយ​នៅ​ពេល​នេះ វា​កំពុង​តែ​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន​ចំនួន​បួន ដូច្នេះ​នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ស្រុកម្ចាស់​ប្រទេស​យើង​ក៏​គួរ​ដឹង​អំពី​វា​ខ្លះ​ដែរ​។

តាម​ព័ត៌មាន​ពី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ស្ថាប័ន​កំពុង​តែ​គ្រប់គ្រង​ធនធាន​រ៉ែ​ទាំងអស់ បូក​រួម​ទាំង​វិស័យ​ថាមពល ជា​ពិសេស​អគ្គី​ស​នី​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន ៤.៨២៥ គីឡូក្រាម​ហើយ ដោយ​ក្រុមហ៊ុន​ចំនួន​៤ នៅ​ក្នុង​ខេត្ត​បី គឺ ដែល​រួម​មាន គឺ ខេត្តព្រះវិហារ​, ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០២២ បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ហើយ​កំពុង​តែ​ចម្រាញ់​បានជា​មាស គឺ​មាន​ក្រុមហ៊ុន​ចិន​២ ក្រុមហ៊ុន​អូស្ត្រាលី និង​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​មួយ​ដែល​រួម​ហ៊ុន​ជាមួយនឹង​ក្រុមហ៊ុន​ចិន​។

ក្រុមហ៊ុន​ទី​មួយ​ដែល​បាន​កំពុង​តែ​ធ្វើ​អាជីវកម្ម​នោះ គឺ​ក្រុមហ៊ុន​ជី​ង​យួន កាង​យៀង (Xing Yuan Kanng Yeak) មា​នទី​តាំងនៅ​តំបន់​អូរ​ខ្លិ​ក​ខ្ល​ក់ ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​ក្រុមហ៊ុន​នេះ​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន​២២​គីឡូក្រាម ដែល​ជា​មាស​ទឹក​១០ និង​លក់​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទី​ពីរ គឺ​ក្រុមហ៊ុន​ឧស្សាហ៍កម្ម ស៊ី​ង​សាន ( Xinshan Industrial Cambodia) មា​នទី​តាំងនៅ​តំបន់​ភ្នំ​ម្លុ​ង ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន​៤៥​គី​ឡួ​ក្រាម​។

ក្រុមហ៊ុន​ទី​បី គឺ​ក្រុមហ៊ុន ដែល​ខុ​ម​កម្ពុជា ( Delcom Kampuchea) មា​នទី​តាំងនៅ​តំបន់​ភ្នំ​អន្លុង ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​ចម្រាញ់​រ៉ែ​មាស បាន​ចំនួន​១៦០​គីឡូក្រាម និង​ក្រុមហ៊ុន​ទី​៤ គឺ​ក្រុមហ៊ុន​រ៉ែ រឺ​ណេ​សង់ ( Renaissance Minerals)​ជា​ក្រុមហ៊ុន​អូស្ត្រាលី មា​នទី​តាំងនៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដោយ​ចម្រាញ់​រ៉ែ​មាស បាន​ច្រើន​ជាងគេ​ពោល គឺ​រហូត​ដល់​ចំនួន​៤.៥៩៨​គីឡូក្រាម​។

ក្រៅពី​ក្រុមហ៊ុន​ទាំងនេះ​ក៏​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដែល​កំពុង​តែ​រុករក និង​អាច​កំពុង​តែ​ធ្វើ​អាជីវកម្ម​ផង​ដែរ ប៉ុន្តែ​ព័ត៌មាន​អំពី​ភោគទ្រព្យ​ធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ទីផ្សារ​ដ៏​ពេញ​និយម​ទាំងនេះ​ហាក់​ទទួល​បាន​មិនសូវ​ជា​ទទួល​បាន​ទូលំទូលាយ​ប៉ុន្មាន​ឡើយ ។ទិន្នន័យ​ក៏​ដូច​ជា ព័ត៌មាន​អំពី​ការ​ធ្វើ​អាជីវកម្ម​លើ​ភោគទ្រព្យ​ធម្មជាតិ​ជា​ពិសេស​រ៉ែ​មាន​តម្លៃ ដូច​ជា​រ៉ែ​មាស​ទាំងនេះ វា​គឺជា​របស់​ជាតិ​ហើយ​វា​ក៏​អាច​ជា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ដូច្នេះ​ព័ត៌មាន​ក៏​ដូច​ជា​ទិន្នន័យ​អំពី​ធនធាន​ប្រភេទ​នេះ​គួរតែ​បើកចំហរ​បន្ថែម​ទៀត​ពីព្រោះ​ក្រៅពី​តម្លៃ​វា​ក៏​នៅ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ដែល​អាច​កើត​មាន​ដល់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​បរិស្ថាន​នៅ​ក្នុង​តំបន់​។

តាម​ឯក​សារបាន​បង្ហាញ​ថា មុន​នឹង​ទទួល​បាន​ដុំ​មាស​មួយ​គីឡូក្រាម​ៗ ដើម្បី​យក​ទៅ​លក់ ឬ​ចរាចរណ៍​នៅ​លើ​ទីផ្សារ វា​បាន​ឆ្លងកាត់​ដំណាក់កាល​ជា​ច្រើន​។​មក​ដល់​ពេល​នេះ ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ឧស្សាហកម្ម​មួយ​ក្នុង​ចំណោម​ឧស្សាហកម្ម ដែល​បំផ្លិចបំផ្លាញ​បំផុត​នៅ​ក្នុង​ពិភពលោក​។ រាល់​ដំណាក់កាល​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​អាច​នាំ​ឲ្យ​សហគមន៍​ត្រូវ​ផ្លាស់​ទីលំនៅ បំពុល​ទឹក ប៉ះពាល់​ដល់​កម្មករ និង​បំផ្លាញ​បរិស្ថាន​ដ៏​បរិសុទ្ធ​។​សារធាតុ​គីមី ដែល​គេ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​រ៉ែ​មាស​នេះ​មក​នោះ គឺ​វា​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សត្វ មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​។

អ្នក​បរិស្ថាន​បាន​អះអាង​ថា ទោះជា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​បែប​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ដ៏​ទំនើប​ណាមួយ​ក៏​ដោយ​ក៏​សង្វា​ក់​ផលិតកម្ម​នៃ​ការ​ទាញ​យក​មាស គឺ​វា​បាន​បំផ្លាញ​បរិស្ថាន និង​បង្កើត​កាក​សំណល់​ពុល​យ៉ាងច្រើន​។ គេ​ដឹង​ថា ដើម្បី​បាន​មាស​ទម្ងន់ ០,៣៣ អោន គេ​បាន​ប្រើ​សារធាតុ​គីមី​ផ្សេង​ៗ ដែល​អាច​បង្កើត និង​បន្សល់​កាក​សំណល់​ពុល​ដល់​ទៅ​២០ តោន​ឯណោះ​។

នៅ​កម្ពុជា​មិន​ទាន់​មាន​សេចក្តីរាយការណ៍​នេះ​នៅឡើយ​ទេ ដោយសារ​តែ​យើង​ទើបតែ​ចាប់ផ្តើម​ធ្វើ​អាជីវកម្មរ​រ៉ែ​មាស​នេះ កាលពី​ខែមិថុនា ឆ្នាំ​២០២១ ប៉ុណ្ណោះ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ដឹង និង​ជ្រាប​ពី​ករណី​ទាំងនេះ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បី​ធ្វើ​យ៉ាងណា​រក្សា និង​បន្សាប​ជាតិពុល​ពី​កាក​សំណល់​ទាំងនេះ​កុំអោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​។

សរុបសេចក្តី​ទៅ ទន្ទឹម​នឹង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ត្រេកអរ​សម្រាប់​ជាតិ​យើង​ក៏​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​ហើយ​នៅ​ពេល​ដែល​យើង​ទទួល​ព័ត៌មាន​អាក្រក់​អំពី​វា ហើយ​ក៏​សង្ឃឹមថា អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បន្ត​ផ្តល់​បច្ចុប្បន្នភាព​អំពី​ធនធាន​រ៉ែ​នេះ​ជា​ប្រចាំ​ស្រប​ពេល​ដែល​អ្នកជំនាញ និង​ក្រុមហ៊ុន​ក៏​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​កាក​សំណល់​ពុល​ដែល​ចេញពី​រ៉ែរ​ទាំងនោះ និង​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​កុំអោយ រំខាន​ដល់​បរិស្ថាន ជីវចម្រុះ និង​ជីវភាព ក៏​ដូច​ជា ជីវិត​របស់​ពលរដ្ឋ​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ