ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​បក្ខពួក​ជនសង្ស័យ កា.ប់​ប្លន់​ម៉ូតូ​បាន​ម្នាក់​ទៀត

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កា.ប់​ប្លន់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​ជន​នេះ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ខ្លួនឯង

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​ជន​នេះ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ខ្លួនឯង ក្រោយ​ធ្វើ​សកម្មភាព​រួច​មក​។ ជនសង្ស័យ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ញៀន​ពេញ​ខ្លួន​តែ​ម្តង​។ ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ ជា ពិសិដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ឈូក​កៀប ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​២២ ឧសភា ២០១៧​តាម​ចម្លើយ​របស់​ជនសង្ស័យ​ជា​មុខសញ្ញា ឈ្មោះ ស៊ូ សុខ​នៅ (​ហៅ​ព្រីង​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ ជា ពិសិដ្ឋ បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រ​ព្រឹ​ត្រ​ដូច​ការ​លើក​ឡើង​របស់​ឈ្មោះ ស៊ូ សុខ​នៅ នោះ​ទេ ហើយ​ខ្លួន​ក៏​មិន​ដែល​ស្គាល់ឈ្មោះ ស៊ូ សុខ​នៅ នេះ​ដែរ​។ បើ​ទោះជា​ជន​នេះ​មិន​ព្រម​សារភាព​ក៏​ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ស៊ូ សុខ​នៅ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​។ ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​របស់​ជនសង្ស័យ​ឃើញ​ថា​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ញៀន​ពេញបន្ទុក​តែ​ម្តង​។ បើ​តាម​ការ​ឆ្លើយ​សារភាព​ពី​សំណាក់​ជនសង្ស័យ​ឈ្មោះ ស៊ូ សុខ​នៅ គឺ​រូបគេ​រួម និង​ឈ្មោះ សិ​ដ្ឋ បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ហើយ​យក​ម៉ូតូ​ដោះ​ស្លាក​លេខ​ចេញ ជិះ​យក​ទៅ​កន្លែង​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ផ្សារ​ត្រពាំង​អណ្តើក ដោយ​សុំ​ដូរ​យក​ម៉ូតូ​និ​ច​ពី​អ្នកលក់​ដោយ​កុហក់​ថា កាត​គ្រី​នៅ​ម្តាយ​របស់​គេ​។

ក្នុង​ការ​ដូរ​នេះ​ដែរ​រូបគេ​បាន​សុំ​ឲ្យ​ម្ចាស់​កន្លែង​ទិញ​លក់​ថែមលុយ​ដល់​គេ​ចំនួន​៧០០​ដុល្លារ​ទៀត​ផង តែ​ឲ្យ​បាន​១០០​ដុល្លារ​ប៉ុណ្ណោះ រូបគេ​ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្តង​។ បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​អណ្តើក ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្នើ​សុំ​សហការ​ពី​លោក​អនុសេនីយ៍ឯក ឃុន សុផល​អធិការរង​នគរបាល​ស្រុក​ប​សេដ្ឋ កម្លាំង​ជំនាញ​បាន​ចុះ​ជាប់​ជា​ប្រចាំ​នៅ​កន្លែង​លក់​ម៉ូតូ​រហូត​ប្រទះ​ឃើញ​ជនសង្ស័យ​យក​ម៉ូតូ​សេ​១២៥​មក​សុំ​ដូរ​យក​ម៉ូតូ​និ​ច ហើយ​តម្រូវ​ឲ្យ​ខាង​អ្នកទិញ​ម៉ូតូ​ថែមលុយ​ឲ្យ​គេ​ទៀត​ផង​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ូ សុខ​នៅ នេះ​ប្រាប់​ថា កាត​គ្រី​នៅ​ម្តាយ​របស់​គេ ចាំ​គេ​យក​មក​ឲ្យ​នៅ​ពេល​ក្រោយ​។ ដោយ​ដឹង​ច្បាស់​ថា​ជន​នេះ​ជា​មុខសញ្ញា​សង្ស័យ​ហើយ​ខាង​អនុ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​អណ្តើក​បាន​ទាក់ទង​ជាមួយ​លោក​អធិការរង ឃុន សុផល ដើម្បី​យក​លុយ​មក​ឲ្យ​ជនសង្ស័យ​រូប​នេះ ពេល​នោះ​លោក​អធិការរង​បាន​ចំណាយ​លុយ​១០០​ដុល្លារ​ទៅ​ឲ្យ​ជន​នេះ ហើយ​សន្យា​ថា​នឹង​ឲ្យ​គ្រប់​នៅ​ពេល​ដែល​យក​កាត​គ្រី​មក​ប្រគល់​ដល់​ដៃ​អ្នកទិញ​(​សមត្ថកិច្ច​)​។ នៅ​ពេល​ដែល​កំណត់​មុខសញ្ញា​បាន​ហើយ​ខាង​នគរបាល​ស្រុក​ប​សេដ្ឋ​ក៏​ឃាត់​ជនសង្ស័យ​រូប​នេះ​នៅផ្ទះ​របស់​គេ​បាន​តែ​ម្តង​។

មានការ​សាទរ​ពី​សំណាក់​មហាជន​ផង​ដែរ​ចំពោះ​សមត្ថកិច្ច​នគរបាល​ក្នុង​ការ​បំបែក​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​បែប​នេះ​។ ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ថា ជា​ធម្មតា​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​ពួក​គេ​តែងតែ​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​ជា​រឿង​ធម្មតា​ទៅ​ហើយ ករណី​នេះ​សមត្ថកិច្ច​បាន​ខិតខំ​បំបែក​បាន​ហើយ​ក្រោម​ការ​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត មហាជន​សង្ឃឹមថា​ព្រលឹង​របស់​ជន​រង​គ្រោះ​នឹង​ស្ងប់​សុខ​ជាក់​ជា​មិន​ខាន​ឡើយ​។ សូម​រំលឹក​ថា ជនសង្ស័យ​រួម និង​បក្ខពួក​បាន​ស្ទាក់ផ្លូវ​ជន​រង​គ្រោះ​ឈ្មោះ ប៊ុត រេ​ម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លាភ ឃុំ​ផុង ស្រុក​ប​សេដ្ឋ ដោយ​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះជា​ច្រើន​ពូថៅ​សម្លាប់​ប្លន់​យក​ម៉ូតូ កាលពី​យប់​ថ្ងៃ​ទី​១៥ ឧសភា ២០១៧ នៅ​ចំណុច​ប្រឡាយ​ទឹក​ក្បែ​លូរ ភូមិ​ត្រពាំង​លាប ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​៕