ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ល្បុក្កតោ​នឹង​ក្លាយជា​និមិត្តរូប​ដ៏​សំខាន់ នៃ​ការ​ជួបជុំ​នៅ​អង្គរ​សង្ក្រាន្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ​នូវ​ការ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ជា​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ នៃ​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ សម្ដេច​តេ​ជោ​បាន​ថ្លែង​នូវ​ការ​អបអរ​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជន​ពិការ​ជាតិ លើក​ទី​១ ​នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​នូវ​ចំណុច​៣​សំខាន់ ដែល​ទាក់ទង​នឹង​មោទនភាព​របស់​យើង ដំបូង​គឺ «​ផឹកទឹក​ឱ្យ​នឹក​ប្រភព​ទឹក​»​។ យើង​គួរតែ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​ដូនតា​គ្រប់​ជំនាន់ ដែល​បាន​ខិតខំ​បន្សល់​ស្នាដៃ​ទុក​ឱ្យ​យើង និង​ក្មេង​ជំនាន់​ក្រោយ ។ ប្រសិនបើ​ដូនតា​របស់​យើង មិន​មាន​បន្សល់​ទុក​អ្វី​ៗ​ឱ្យ​យើង​នោះ​ទេ យើង​ក៏​គ្មាន​លទ្ធភាព​ឯណា​យក​ទៅ​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឬ​ក៏​ដាក់​ទៅ​ជា​រូបី និង​អរូបី​នោះ​ផង​ដែរ ។

ចំណុច​ទី​២ យើង​គួរតែ​អរគុណ​ចំពោះ​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​បាន​ខិតខំ​ងើបឈរ​ឡើង ប្រមូល​ដើមទុន ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ឆ្នាំ​១៩៧៩ ។ អ្នក​ទាំងនោះ បាន​ខិតខំ​ងើបឈរ​ឡើង​ប្រមូល​ទុន ពីព្រោះ​ថា​អ្វី​ៗ​ត្រូវ​បាន​បំផ្លាញ​ក្នុង​ជំនាន់​ប៉ុ​ល​ពត គ្មាន​វិធី​ណា​ល្អ​ជាង​ក្រៅពី​ការ​ប្រមូល​ដើមទុន​មក​វិញ​គ្រប់​ផ្នែក​ទាំងអស់ ដូច​ជា សិល្បៈ កីឡា និង​ផ្នែក​ដទៃ​ទៀត សុទ្ធតែ​ត្រូវការ​ប្រមូល​ដើមទុន​មក​វិញ​។ មួយ​ចំនួន​ក៏​បាន​រស់រាន​មានជីវិត​ដល់​ពេល​នេះ មួយ​ចំនួន​ទៀត​ក៏​បាន​ទទួល​មរណកាល​ហើយ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែង​នូវ​ការ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ទៅ ហើយ​ក៏​សូម​កោតសរសើរ​ចំពោះ​កីឡាករ កីឡាការិនី គ្រូបង្វឹក ដែល​បាន​ខិតខំ​ព្យាយាម​រក្សា​នូវ​អត្តសញ្ញាណ​ជាតិ​មួយ​នេះ តាម​រយៈ​រុញ​ជា​បណ្តើរ​ៗ ហើយ​រហូត​ទៅ​ដល់​យើង​យក​ក្បាច់គុន​ល្បុក្កតោ​ដាក់​ចូល​ជា​ក្បាច់គុន​នៃ​កង​យោធពលខេមរភូមិន្ទ ដែល​ជា​មោទនភាព​ដ៏​សំខាន់​របស់​យើង​។

សម្តេច​តេ​ជោ​បន្ថែម​ថា វត្តមាន​កីឡា​ល្បុក្កតោ​នៅ​អង្គរ​សង្ក្រាន្ត ជា​រៀង​រាល់​ឆ្នាំ កាលពីមុន គឺ​ពិតជា​បាន​បង្ហាញ​ឱ្យ​យើង​ជំរុញ​ល្បឿន នៃ​ការ​ដាក់​ក្បាច់គុន​នេះ ចូល​ទៅ​ឱ្យ​មានការ​ទទួលស្គាល់​ពី​អង្គការ​យូ​ណេ​ស្កូ ។ ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​ឱ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ យើង​នឹង​ធ្វើ​អង្គរ​សង្ក្រាន្ត​សា​ជា​ថ្មី​ម្តងទៀត ។ សង្ឃឹមថា «​កីឡា​ល្បុក្កតោ​របស់​យើង​នឹង​ក្លាយទៅជា​និមិត្តរូប​ដ៏​សំខាន់ នៃ​ការ​ជួបជុំ​ក្នុង​អង្គរ​សង្ក្រាន្ត​នៅ​ពេល​នោះ​»​។

ចំណុច​ទី​៣ សម្តេច​សូម​យក​ឱកាស​នេះ​អរគុណ​ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ខិតខំ​ជំរុញ​កិច្ច​ការងារ​នេះ រហូត​បាន​សម្រេច​មុន​ពេល​ប្រជុំ​អាស៊ាន ។ សម្ដេច​តេ​ជោ​បន្ត​ថា សម្ដេច​បាន​ទទួល​របាយការណ៍​រួច​ជា​ស្រេច​ហើយ អំពី​ការ​អនុម័ត​ដោយ​អង្គការ​យូ​ណេ​ស្កូ នៅ​ទី​ក្រុងប៉ារីស ។ ក៏​ប៉ុន្តែ​យើង​មិន​អាច​បំពាន​នីតិវិធី​បាន​ទេ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​រយៈពេល​ប្រមាណ​៣​ស​ប្តា​ហ៍ ។ ហើយ​ទើបតែ​២០​ម៉ោង​មុន​នេះ​ទេ ដែល​គណៈកម្មការ​បាន​គោះ​ជួង​ទទួលយក នូវ​ក្បាច់គុន​ល្បុក្កតោ​របស់​យើង​ទៅ​ជា​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​។

សម្តេច​តេ​ជោ បញ្ជាក់​បន្ថែម​ថា តាំងពី​ឆ្នាំ​២០០៨ រហូត​ដល់​ពេល​នេះ ជាង​មួយ​ទសវត្សរ៍​កន្លះ​រួច​មក​ហើយ ដែល​យើង​បាន​បញ្ចូល​ជា​បន្តបន្ទាប់ ជា​បេតិកភណ្ឌ​សម្រាប់​មនុស្សជាតិ ទាំង​រូបី អរូបី ។ ក្នុង​ឱកាស​នោះ​ដែរ សម្ដេចតេ​ជោ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ក្រសួង​វប្បធម៌ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ធ្វើ​កិច្ចការ​ដ៏​ល្អ​សម្រាប់​ប្រទេស​យើង ហើយសង្ឃឹមថា យើង​នឹង​បញ្ចូល​តទៅ​ទៀត នូវ​ទ្រព្យសម្បត្តិ​ដូនតា​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ