ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីរកស៊ីម៉ាស្សា និងតាមក្លិបកម្សាន្តត្អូញរឿងលុយធីប

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ លែង​ជា​ឧបសគ្គ ឬ​ជា​ការ​ភ័យ​ខ្លាច​សម្រាប់​អ្នក​បម្រើសេវា​កម្សាន្ត​មួយ​ចំនួន​ទៀត​នោះ​ទេ​។​ពួក​គេ​និយាយ​ថា មិន​ខ្លាច​ជំងឺ​នេះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ​អ្វី​ដែល​ពួក​គេ​ខ្លាច​បំផុត គឺ​ការ​គ្មាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។​ដ្បិតអី​ជាង​ពីរ​ឆ្នាំ​កន្លង​មកនេះ ពួក​គេ​បាន​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩​យ៉ាងធ្ងន់ធ្ងរ​។ ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ កូ​វី​ដ​១៩ លែង​ជា​ឧបសគ្គ ឬ​ជា​ការ​ភ័យ​ខ្លាច​សម្រាប់​អ្នក​បម្រើសេវា​កម្សាន្ត​មួយ​ចំនួន​ទៀត​នោះ​ទេ​។​ពួក​គេ​និយាយ​ថា មិន​ខ្លាច​ជំងឺ​នេះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ​អ្វី​ដែល​ពួក​គេ​ខ្លាច​បំផុត គឺ​ការ​គ្មាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។​ដ្បិតអី​ជាង​ពីរ​ឆ្នាំ​កន្លង​មកនេះ ពួក​គេ​បាន​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​១៩​យ៉ាងធ្ងន់ធ្ងរ​។

រូបតំណាង

ស៊ី​ណា វ័យ​២២​ឆ្នាំ ដែល​ជានា​រី​ម៉ាស្សា​ម្នាក់​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ រូប​នាង​មិន​ខ្វល់​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ​។​នាង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភ្ញៀវ ដោយ​មិន​បារម្ភ​ពី​ជំងឺ​កូ​វី​ដដែល​ឆ្លង​តាម​ផ្លូវដង្ហើម​នេះ​ឡើយ​។​ប៉ុន្តែ​នារី​ម៉ាស្សា​រូប​នេះ​ត្អូញ​ថា ការ​រក​ប្រាក់​ចំណូល នា​ពេល​បច្ចុប្បន្ន​បាន​តិច មិន​ដូច​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​១៩​នោះ​ឡើយ​។នារី​ម៉ាស្សា​ខាងលើ​នេះ​អះអាង​ថា អាជីវកម្ម​ម៉ាស្សា​បាន​ដំណើរ​ឡើង​វិញ​សឹង​ធម្មតា​វិញ​អស់ហើយ ប៉ុន្តែ​ភ្ញៀវ​ជា​ច្រើន​បាន​ត្អូញ​ថា មិនសូវ​មាន​ថវិកា​ទេ ដោយសារ​ពួក​គាត់​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​កូ​វី​ដ​១៩​។

រូបតំណាង

ស៊ី​ណា​បញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ​ខ្ញុំ​ក៏​មិន​ខ្លាច​កូ​វី​ដ​១៩ ហើយ​ភ្ញៀវ​ក៏​ពួក​គាត់​មិន​ខ្លាច​ដែរ​។​បើ​គាត់​ខ្លាច​ពួក​គាត់​មិន​មក​រក​សេវា​ម៉ាស្សា​នោះ​ទេ​។ តែ​ជា​ទូទៅ​ពួក​គាត់​មិនសូវ​ចាយ​លុយ ឬ​អោយ​ធីប​យើង​ច្រើន​នោះ​ទេ ដោយសារ​គាត់​មាន​បញ្ហា​សេដ្ឋកិច្ច​ដែរ​។​កាលពីមុន​ជា​ទូទៅ​ភ្ញៀវ​ម្នាក់​អាច​ឱ្យ​លុយ​ធីប​ខ្ញុំ​ពី​១០​ទៅ​២០​ដុល្លារ តែ​ពេល​នេះ​គាត់​ឱ្យ​ច្រើន​ត្រឹម​៥​ដុល្លារ​ប៉ុណ្ណោះ​»​។

ម៉ាស្សា​ជា​របរ​មួយ​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយសារ​មនុស្ស​ត្រូវ​នៅ​ជិត​គ្នា​។​នារី​ម៉ាស្សា និង​ភ្ញៀវ​ដែល​ជិត​គ្នា​ប៉ះពាល់​គ្នា​ដែល​អាច​នឹង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បាន​យ៉ាង​ងាយ​បំផុត ប្រសិនជា​នារី​ណា​ម្នាក់​មាន​កូ​វី​ដ​១៩​នោះ​។​កាលពី​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ខ្លាំង មានការ​លើក​ឡើង​ថា​របរ​ម៉ាស្សា​អាច​នឹង​ស្លា​.​ប់​ជា​រៀង​រហូត​ដោយសារ​កូ​វី​ដ​១៩​និង​មានការ​ស្នើ​ឱ្យ​អ្នករក​ស៊ី​របរ​ម៉ាស្សា​ផ្លាស់​ប្តូរ​ការងារ​ផង​ដែរ​។

រូបតំណាង

ស៊ី​ណា​និយាយ​ថា នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ខ្លាំង ដែល​អាជីវកម្ម​ម៉ាស្សា​បាន​បិទទ្វារ​នោះ នាង​បាន​វិល​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​ធ្វើស្រែ និង​ចិញ្ចឹម​មាន់​ជាមួយ​ក្រុម​គ្រួសារ​។ «​ពីរ​ឆ្នាំ​មកនេះ ខ្ញុំ​មាន​ផល​លំបាក​ខ្លាំង​ដែរ ដោយសារ​ត្រូវ​រង​ប្រាក់​បង់​តុងទីន​ផង និង​ផ្គត់ផ្គង់​កូន​រៀន​ផង​។ នៅ​ស្រុកស្រែ​យើង​បាន​ស៊ី​អត់​ស៊ី​ខ្លាច ហើយ​ចិញ្ចឹមសត្វ និង​ដាំ​បន្លែ​គ្រាន់​បាន​ចំណូល​ខ្លះ​ៗ​បង់​តុងទីន​ឱ្យ​គេ​»​។

អ្នក​ប្រកប​របរ​សេវា​កម្សាន្ត​នៅ​កម្ពុជា​មាន​ច្រើន​ម៉ឺន​នាក់​ដែល​បាន​ធ្វើការ​នៅ​ក្នុង​ហាង ខារ៉ាអូខេ ហាង​ម៉ាស្សា បៀរហ្គាឌិន ក្លិប​កម្សាន្ត​ជាដើម​។​កាលពី​អំឡុង​ផ្ទុះ​កូ​វី​ដ​១៩​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ខ្ទប់​តំបន់​មួយ​ចំនួន​នោះ នារី​បម្រើសេវា​កម្សាន្ត​មួយ​ចំនួន​បាន​ចេញ​បាតុកម្ម​ទាមទារ​មានការ​ផ្តល់​ជំនួយ​ដល់​ពួក​គេ​ពី​រដ្ឋាភិបាល​ត្បិត​អី​ពួក​គេ​មិន​ត្រូវ​បាន រាប់​បញ្ចូល​ក្នុង​ចំណោម​វិស័យ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ ដូច​អ្នកធ្វើការ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាដើម​នោះ​។

រូបតំណាង

ទំនង​មិន​មាន​តែ​ស៊ី​ណា​ម្នាក់​ទេ ដែល​អះអាង​ថា អតិ​ថ​ជន​របស់​ពួក​គេ​ឥឡូវ​មិនសូវ​ហ៊ាន​ចាយ​លុយ​ដូច​មុន​កូ​វី​ដ​១៩​ផ្ទុះ​នោះ​។​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ករណី​ផ្អើល​ពេញ​បណ្តាញ សង្គម​ដោយសារ​នារី​ខារ៉ាអូខេ​ម្នាក់​បាន​បង្ហោះ​សារ​ពី​ការ​ដែល​ទទួល​បាន​ប្រាប់​ធីប​ពី​ភ្ញៀវ​ត្រឹម​៥​ដុល្លារ​។​នារី​ខារ៉ាអូខេ​រូប​នោះ​បាន​បញ្ជាក់​ថា ប្រាក់​ធីប​៥​ដុល្លារ​នេះ​តិច​ណាស់ មិន​គ្រប់ការ​ចំណាយ​របស់​គាត់​ក្នុង​ការ​តុបតែង​ខ្លួន​ម្តងនោះ​ទេ​។គេ​បានដឹង​គ្រប់​គ្នា​ថា កូ​វី​ដ​១៩ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាស​កល​។​ពលរដ្ឋ​រហូត​ដល់​រដ្ឋ​បាន​ធ្លាក់​សេដ្ឋកិច្ច​បាត់​ចំណូល ដែល​គេ​អាច​នឹង​ប្រើ​ពេល​ច្រើន​ឆ្នាំ​ទៀត ដើម្បី​ស្តា​រការ​ខូចខាត​ដោយសារ​កូ​វី​ដ​១៩​នេះ​បាន​។

លោក បូ​រា វ័យ​៤២​ឆ្នាំ ដែល​ចូល​ចិត្ត​ទៅ​ស្ទី​ម និង​ម៉ាស្សា នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​នៅ​ភ្នំពេញ និយាយ​ថា ជា​ធម្មតា​ទេ ពេល​រក​លុយ​បាន​ច្រើន យើង​ក៏​ចាយ​ច្រើន​។​ពេល​រក​លុយ​បាន​តិច យើង​ក៏​បន្ថយ​ការ​ចាយវាយ​។

រូបតំណាង

លោក​និយាយ​ថែម​ទៀត​ថា មិនមែន​មាន​តែ​រូប​លោក​ទេ ដែល​បន្ថយ​ការ​ចំណាយ​ចំពោះ​លុយ​ធីប មិន​ថា សម្រាប់​អ្នក​ម៉ាស្សា ឬ​ក៏​អ្នកបម្រើ​ការងារ​នៅ​កន្លែង​កម្សាន្ត​ផ្សេង​ទៀត​។​មិត្តភក្តិ​របស់​លោក​ដែល​ចូល​ចិត្ត​ទៅ​ស្ទី​ម និង​ម៉ាស្សា ក៏​បន្ថយ​ការ​ចំណាយ​ទៅ​លើ​លុយ​ធីប និង​ការ​មិន​ចាំបាច់​ផ្សេង​ទៀត​ដែរ​។​នេះ​ជា​ផល​ប៉ះពាល់​ត​គ្នា​។

ដូច្នេះ​ទុក្ខសោក​របស់​ស្ត្រី​ធ្វើការ​នៅ​ហាង​ម៉ាស្សា និង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត​នឹង​ស៊ីពេល​ច្រើន​ឆ្នាំ​ទៀត​ទើប​អាច​ធូរស្បើយ​វិញ​បាន​ដូច​មុន​កូ​វី​ដ​១៩៕​ដោយ សា​រ៉ា​ន់

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ