ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អបអរ​ស្ថាប័ន​ឈ្នះ​មេដាយ​កីឡា​ជាតិ​ច្រើន និង​ក្រើនរំលឹក​ស្ថាប័ន​ឈ្នះ​មេដាយ​តិច ត្រូវ​ខំប្រឹង​អភិវឌ្ឍ​បន្ថែម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អបអរសាទរ​ក្រសួង​-​

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អបអរសាទរ​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ ហើយ​បាន​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​ធ្វើ​ពុំ​ទាន់​បាន​ល្អ ត្រូវ​ខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​រីក​ចម្រើន ដើម្បី​ត្រៀម​ការ​ប្រកួត​នា​ពេល​ខាង​មុខ​។

ការ​លើក​ឡើង​នេះ ស្រប​ពេល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ ឆ្នាំ​២០២២ នៅ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​។

សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍ថា ៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម និង​សូម​អបអរសាទរ​ចំពោះ​ក្រុម​កីឡាករ​-​កីឡាការិនី​ក្រសួង​-​ស្ថាប័ននិង​រាជធានី​-​ខេត្ត ដែល​បាន​ទទួល​ចំណាត់ថ្នាក់ល្អ និង​មេដាយ​ច្រើន​ជាងគេ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យ​បន្ត​យកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ជំនាញ​កីឡា និង​បំផុស​ចលនា​កីឡា​ក្នុង​ដែនសមត្ថកិច្ច​គ្រប់គ្រង​របស់​ខ្លួន​ឱ្យ​កាន់តែ​រីក​ចម្រើនថែម​ទៀត ។

ដោយឡែក​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​វិញ សូម​បន្ត​យកចិត្តទុកដាក់​កែ​លម្អ និង​ខិតខំ​ប្រឹងប្រែង​បន្ថែម ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ នៅ​ឆ្នាំ ២០២៤ ខាង​មុខ​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កីឡា​ជាតិ​លើក​ទី​៣ គឺ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣.៣៣៦​នាក់ មក​ពី​២៥​រាជធានី​-​ខេត្ត និង​៣​ក្រសួង ដោយ​ប្រកួត​លើ​៣៨​ប្រភេទ
កីឡា ស្មើនឹង​៣៣៤​វិញ្ញាសា​។ រីឯ​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២១៣​នាក់ មក​ពី​១៥​រាជធានី​-​ខេត្ត ដែល​ប្រកួត​លើ​៧​ប្រភេទ​កីឡា ស្មើនឹង​៤៥​វិញ្ញាសា​។

ចំពោះ​លទ្ធផល​បច្ចេក​ទេ​សរុប​នៃ​ការ​ប្រកួតកីឡា​ជាតិ លើក​ទី​៣ សម្រាប់​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដណ្ដើម​បាន​មេដាយ​ច្រើនជាងគេ រួម​មាន​ក្រសួងមហាផ្ទៃ ឈរ​ចំណាត់
ថ្នាក់​លេខ​១ ឈ្នះ​មេដាយមាស ១០៤, ប្រាក់ ៦១ និង​សំរឹទ្ធ​៤៩ សរុប​២១៤​គ្រឿង​។

ក្រសួងការពារជាតិ ឈរ​លេខ​២ ឈ្នះ​មេដាយមាស​៦០ ប្រាក់​៣៣ និង​សំរឹទ្ធ​៣១ សរុប ១២៤​គ្រឿង ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២៩, ប្រាក់ ២៤ និង​សំរឹទ្ធ ២៤ សរុប​៧៧​គ្រឿង ។ ខេត្តព្រៃវែង ឈរ​លេខ​៤ ឈ្នះ​មេដាយមាស ១៧ ប្រាក់ ២៨ និង​សំរឹទ្ធ ២៩ សរុប ៧៤ និង​ខេត្តសៀមរាប ឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១៥ ប្រាក់ ២២ និង​សំរឹទ្ធ ២១ សរុប ៥៨​គ្រឿង​។

ចំណែក​កីឡា​ជាតិ​ជន​ពិការ លើក​ទី​១ ក្នុង​ចំណោម ៤៥​វិញ្ញាសា គឺ​ខេត្តសៀមរាប ឈរ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្ដើម​បាន​មេដាយមាស ១៥ ប្រាក់ ៤ និង​សំរឹទ្ធ ៩ សរុប ២៨​គ្រឿង ។ ខេត្តស្វាយរៀង ឈរ​លេខ​២ ឈ្នះ​មេដាយមាស ៧ ប្រាក់ ៥ និង​សំរឹទ្ធ ១ សរុប ១៣​គ្រឿង ។ ខេត្តកំពត ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៤ និង​ប្រាក់ ៣ សរុប ៧​គ្រឿង​។ រាជធានី​ភ្នំពេញ ឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៩ និង​សំរឹទ្ធ ១០ សរុប ២២​គ្រឿង​។

ខេត្តកំពង់ស្ពឺ ឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៤ និង​សំរឹទ្ធ ៣ សរុប ១០​គ្រឿង និង​ខេត្តព្រៃវែង ឈរ​លេខ​៦ ឈ្នះ​មេដាយមាស ៣ ប្រាក់ ១ និង​សំរឹទ្ធ ៣ សរុប ៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ