ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សេវាទូក​ទេសចរណ៍ និង​ក្រុម​អ្នកនេសាទ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចាប់ពី​ថ្ងៃ​ទី​២៤-២៧​ឧសភា​នេះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីជាន់ខ្ពស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​បន្ទុក​នគរបាល​ទេសចរណ៍ និង​ចរាចរណ៍​ផ្លូវទឹក

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រីជាន់ខ្ពស់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​បន្ទុក​នគរបាល​ទេសចរណ៍ និង​ចរាចរណ៍​ផ្លូវទឹក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៧​នេះ បាន​អំពាវនាវ​ដល់​​សេវាករ​ទូក​ទេសចរណ៍ និង​ក្រុម​អ្នកនេសាទ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃសមុទ្រ នា​ដើមរដូវ​វស្សា​នេះ ក៏​ដូច​ជា​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​។

ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​២៣ ឧសភា​នេះ​លោក ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា បាន​គូសបញ្ជាក់​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ក៏​ជា​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ទេសចរណ៍ និង​ចរាចរណ៍​ផ្លូវទឹក ក្រោម​ការ​ដឹកនាំ​ដោយ​រូប​លោក​ឧត្តមសេនីយ៍​ផ្ទាល់ បាន​ចុះ​ណែនាំ​អប់រំ ផ្សព្វផ្សាយ រួម​ជាមួយ​ការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដោយ​បាន​ស្នើ​ឲ្យ​ម្ចាស់​សេវាករ​ទូក​ទេសចរណ៍ និង ក្រុម​អ្នកនេសាទ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៧ ឧសភា​នេះ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ដែល​បាន​ប្រកាស​ថា ដោយឡែក​នៅ​តាម​តំបន់​មាត់សមុទ្រ មាន​ភ្លៀង​ខ្យល់​មាន​រលក​ធំ​ៗ ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៧ ឧសភា​នេះ ដែល​អាច​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។

ភ្ញៀវ​ទេសចរណ៍​មួយ​ក្រុម​មក​ពី​ខេត្តកំពង់ចាម​ដែល​មាន​បំណង ទៅ​កម្សាន្ត​តាម​កោះ បាន​ផ្អាក​ដំណើរ​កម្សាន្ត​លើ​ផ្ទៃសមុទ្រ ដោយ​បង្វែរ​មក​កម្សាន្ត​តាម​ឆ្នេរ​មួយ​ចំនួន​ដែល​រដ្ឋបាល​ខេត្ត​ទើប​ធ្វើការ​កែ​លម្អ​វិញ ដោយ​ពួក​គាត់​បាន​បង្ហាញ​ទស្សនៈ​ថា ក្រោយ​ពី​មានការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ក៏​ដូច​ជា​ការ​អំពាវនាវ​របស់​មន្ត្រី​នគរបាល​ខេត្ត ក្រុម​របស់​លោក​បាន​ផ្អាក​ដំណើរ​កម្សាន្ត​តាម​កោះ​វិញ ព្រោះ​ខ្លាច​ជួប​គ្រោះអាសន្ន​ជាយថាហេតុ​នៅ​លើ​ផ្ទៃសមុទ្រ​។ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ និង​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរណ៍ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​មន្ត្រី​នគរបាល​ទេសចរណ៍ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវទឹក ដែល​បាន​ប្រចាំការ ណែនាំ​ត្រួតពិនិត្យ និង​ការពារ​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​៕