ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ភ្លើង​ឆេះ​ផ្សារ​បំណក់​ទទួល​អំណោយ​ពី​កាក​បាទ​​ក្រហម​កម្ពុជា

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ អាជីវ​ករ​ដែល​ត្រូវ​​ភ្លើង​ឆេះ​តូប​នៅ​ផ្សារ​បំណក់​ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចំនួន​១០៥​គ្រួសារ ស្មើ​នឹង​១២០​តូប កាល​ពី​យប់​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១០ កន្លង​មក​នេះ ត្រូវ​បាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​ពោធិ៍​សាត់ នាំ​យក​អំណោយ​ទៅ​ចែក​ជូន​​​​នា​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​សារី កោសល្យ តំណាង​រាស្រ្ត​មណ្ឌល​ពោធិ៍​សាត់ និង​លោក​​ឧកញ៉ា ទុយ គី អនុ​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​កម្ពុជា

ខេត្ត​ពោធិ៍​សាត់ ៖ អាជីវ​ករ​ដែល​ត្រូវ​​ភ្លើង​ឆេះ​តូប​នៅ​ផ្សារ​បំណក់​ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចំនួន​១០៥​គ្រួសារ ស្មើ​នឹង​១២០​តូប កាល​ពី​យប់​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១០ កន្លង​មក​នេះ ត្រូវ​បាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​ពោធិ៍​សាត់ នាំ​យក​អំណោយ​ទៅ​ចែក​ជូន​​​​នា​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​សារី កោសល្យ តំណាង​រាស្រ្ត​មណ្ឌល​ពោធិ៍​សាត់ និង​លោក​​ឧកញ៉ា ទុយ គី អនុ​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​កម្ពុជា និង​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត ។

លោក​ទឹម សារិន អភិ​បាល​ស្រុក​ក្រគរ បាន​រាយ​ការណ៍​ថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​ផ្សារ​បំណក់​ត្រូវ​អគ្គី​ភ័យ​ឆាប​​ឆេះ ។ លើក​ទី​១ នៅ​ឆ្នាំ​​២០០៣ ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​ហើយ​​កាល​ណោះ​គឺ​ឆេះ​ទាំងស្រុង​បណ្តាល​ឱ្យ​ខូច​ខាត​ទំនិញ​​​លក់​ដូរ​របស់​អាជីវ​ករ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ។ ឯ​លើក​ទី​២នេះ នៅ​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១០ វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ដោយ​សារ​ដុត​​គំនរ​សំរាម​រាល​ទៅ​ឆេះ​តូប​ក្នុង​ផ្សារតៗ​គ្នា​​តែ​ម្តង នៅ​សល់​តូប​កៀនៗ​ជុំ​វិញ​ផ្សារ​ប៉ុន្មាន​តូប​ប៉ុណ្ណោះ ដោយ​សារ​បាន​រថយន្ត​ពន្លត់​អគ្គី​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​​ខេត្ត​ទៅ​​ជួយ​អន្តរា​គមន៍ ​​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​​ទៅ​ហើយ ហើយ​បើ​កុំ​តែ​បាន​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ទៅ​​ជួយ​បាញ់​​ទឹក​ពន្លត់​នោះ កុំ​អី​អគ្គី​ភ័យ​​នេះ​នឹង​ឆាប​ឆេះ​រាល​​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​នៅ​ជុំ​វិញ​ផ្សារ​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​​ផង​ក៏​មិន​ដឹង ។ លោក​អភិ​បាល​ស្រុក​មាន​ប្រសាសន៍​ថា ពេល​រៀប​ចំ​ផ្សារ​លើក​ក្រោយ​នឹង​រៀប​ជា​ជួរ​ឱ្យ​មាន​របៀប​រៀប​រយ​ និង​មាន​ប្រព័ន្ធ​ទុយោ​ទឹក​សំរាប់​ការ​ពារ​គ្រោះ​​អគ្គី​​ភ័យ​ដែល​តែង​​កើត​​ឡើង​ជាយថា​ហេតុ ។

លោក​ឧកញ៉ា ទុយ គី បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​បង​ប្អូន​អាជីវ​ករ​ផ្សារ​បំណក់​ទាំង​អស់​ ដែល​រង​គ្រោះ​​ដោយ​សារ​ភ្លើង​ឆេះ​ផ្សារ​ចំនួន​ពីរ​លើក​កន្លង​មក​នេះ ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ។ គ្រោះ​​ធម្ម​ជាតិ​តែង​កើត​ឡើង​ជាយថា​ហេតុ ប៉ុន្តែ​បើ​បណ្តាល​មក​ពី​អគ្គ​ី​ភ័យ​បង​ប្អូន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​នេះ​ជា​ការ​ធ្វេស​ប្រហែស ។ បន្ទាប់​ពី​​ដឹង​ថា បង​ប្អូន​អាជីវ​ករ​ផ្សារ​បំណក់​ត្រូវ​អគ្គី​ភ័យ​ឆេះ​​តូប​ផ្សារ​អស់​ភ្លាម លោក​ជំទាវ​បណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​ផ្តល់​អង្ករ​ក្នុង​ម្នាក់ៗ​៣០​គីឡូក្រាម ហើយ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​​ក៏​បាន​ផ្តល់​​តង់​១ មុង​១ ទឹក​ស៊ី​អ៊ីវ​១​យួរ និង​ថវិកា​១០.០០០​រៀល ។ ជា​មួយ​គ្នា​នេះ លោក​ឧកញ៉ា ក៏​បាន​ឧបត្ថម្ភ​​ម្នាក់​១០.០០០​រៀល ថែម​ទៀត ដែល​ជា​ថវិកា​របស់​លោក​ផ្ទាល់ ។

អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ពេល​នេះ​ ទោះ​បី​ជា​មិន​បាន​សម​តាម​បំណង​ប្រាថ្នា​ក្តី ប៉ុន្តែ​អាច​ជួយ​ដោះ​​ទ័ល​ក្នុង​រយៈ​ពេល​ខ្លី ​សំរាប់​ឱ្យ​​បង​ប្អូន​មាន​ឱកាស​គិត​គូរ​រៀប​ចំ​មុខ​របរ​ឡើង​វិញ ។ នេះ​គឺ​ជា​តួនាទី​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​​មាន​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​ តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​​បង​ប្អូន​គ្រប់​ពេល​វេលា ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​ ពូជ​សាសន៍ ពណ៌​សម្បុរ​អ្វី​ឡើយ ស្រប​​តាម​​គោល​ការណ៍​ទាំង​៧​ប្រការ​របស់​កាក​បាទ​ក្រហម ។ លោក​ឧកញ៉ា ទុយ គី ​បាន​ផ្តាំ​ផ្ញើ​សូម​ឱ្យ​អាជីវ​ករ​ និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់​លំនៅ​ឋាន​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ កុំ​ឱ្យ​គ្រោះ​​​អគ្គី​ភ័យ​កើត​មាន​ឡើង​ ព្រោះ​​ពាក្យ​ចាស់​ពោល​​ថា «ស៊ូ​ស្លាប់​បា​កុំ​ឱ្យ​ស្លាប់​មេ ​ស៊ូ​លិច​ទូក​កណ្តាល​​ទន្លេ​ កុំ​ឱ្យ​​តែ​ភ្លើង​ឆេះ​ផ្ទះ» ៕