ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ​សោះ​! ពូ​ណុ​យ លាតត្រដាង​រឿងរ៉ាវ​ជំពាក់​​បំណុល​គេ​៣​ម៉ឺន​ដុល្លារ ដោយសារ​មូលហេតុ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ពន្លក​ថ្មី​ដែល​កំពុង​តែ​ល្បី​លើ​វិ​ថី​សិល្បៈ ពូ​ណុ​យ ដែល​ពុក​ម៉ែ​បងប្អូន​ធ្លាប់​បាន​ស្គាល់​តារា​កំប្លែង​រូប​នេះ​តាម​រយៈ​កាយវិការ ពាក្យ​សម្តី​កំប្លុកកំប្លែង បង្កើត​នូវ​ទស្សនីយភាព​ប្លែក​ៗ​បម្រើ​ទស្សនិកជន​នោះ បាន​លាតត្រដាង​រឿងរ៉ាវ​ជីវិត​ដែល​ធ្លាប់​រុំ​ព័ទ្ធ​ទៅ​ដោយ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ពន្លក​ថ្មី​ដែល​កំពុង​តែ​ល្បី​លើ​វិ​ថី​សិល្បៈ ពូ​ណុ​យ ដែល​ពុក​ម៉ែ​បងប្អូន​ធ្លាប់​បាន​ស្គាល់​តារា​កំប្លែង​រូប​នេះ​តាម​រយៈ​កាយវិការ ពាក្យ​សម្តី​កំប្លុកកំប្លែង បង្កើត​នូវ​ទស្សនីយភាព​ប្លែក​ៗ​បម្រើ​ទស្សនិកជន​នោះ បាន​លាតត្រដាង​រឿងរ៉ាវ​ជីវិត​ដែល​ធ្លាប់​រុំ​ព័ទ្ធ​ទៅ​ដោយ​បំណុល​យ៉ាង​សន្ធឹក​នោះ កាលពី​ពេល​ថ្មី​នេះ តារា​កំប្លែង​ពូ​ណុ​យ ដែល​ជាតា​រា​កំប្លែង​មាន​ទេព​កោសល្យ​ខ្ពស់ ដោយ​លោក​អាច​សម្តែង​បាន​សឹងតែ​គ្រប់​ទម្រង់​ទាំងអស់ មិន​ថា​តួអង្គ​ឪពុក តួអង្គ​ជា​ម្តាយ តួអង្គ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​តួ​អ្វី​នោះ​ទេ គឺ​លោក​អាច​សម្តែង​បាន​យ៉ាង​ល្អ​។

ថ្មី​ៗ​នេះ តារា​កំប្លែង ពូ​ពុ​យ ដែល​មានឈ្មោះ​ពិតប្រាកដ​ថា បាន់ សំណាង បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អំពី​ជីវិត​របស់​លោក​មុន​ចូល​សិល្បៈ និង​ក្រោយ​ពេល​ចូល​សិល្បៈ ជា​ពិសេស​គឺ​រឿង​កន្លង​មក​ដែល​លោក​ធ្លាប់​ជំពាក់​បំណុល​គេ​តែ​ម្តង តែ​យ៉ាងណាមិញ ដោយសារ​តែ​ភាព​ជោគជ័យ​លើ​វិ​ថី​សិល្បៈ តារា​កំប្លែង​រូប​នេះ​អាច​ដោះស្រាយ​បំណុល​ដែល​ជំពាក់​គេ​ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​។

ជា​ការ​ពិត​ណាស់ តារា​កំប្លែង ពូ​ពុ​យ បានឱ្យ​ដឹង​ថា កាលពី​លោក​មិន​ទាន់​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ គឺ​លោក​មាន​អាជីព​តួនាទី​ជា CEO មួយ​រូប ដោយ​លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​កន្លែង​។ ខណៈ​ពេលធ្វើការ​ក្នុង​តំណែង​ជា CEO លោក បាន់ សំណាង បែរជា​មាន​បំណុល​វ័ណ្ឌ​.​ក ក៏​ព្រោះតែ​លោក​បាន​ចាយវាយ​លុយកាក់​ខុស​ខ្ទង់ ដោយ​បាន​យក​លុយ​របស់​គេ​មក​ចាយ​ជា​បន្តបន្ទាប់ ហើយ​ចំនួន​លុយ​នោះ​ចេះ​តែ​ច្រើន​ឡើង​ៗ ដូច្នេះ​ទើប​លោក​ពុំ​អាច​គ្រប់គ្រង​ស្ថានការណ៍ ធ្វើ​ឱ្យ​ជំពាក់​បំណុល​គេ​រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ក្រោយមក​រឿង​ជំពាក់​លុយ​គេ​នោះ មិន​ឈប់​ត្រឹម​លុយ​១​ម៉ឺន​ដុល្លារ​នោះ​ទេ ត្រង់នេះ​គឺ​មាន​ន័យ​ថា បំណុល​ចេះ​តែ​កើនឡើង​រហូត​ដល់ ៣០ ០០០​ដុល្លារ ដោយសារ​មូលហេតុ​ការ​ប្រាក់​កើន​មួយ​ជា​ពីរ ឬ​ជា​បី​។

តារា​កំប្លែង​មាឌ​រាង​ធំ សម្បុរ​ស្រអែម​ស្រស់ ពូ​ណុ​យ បានឱ្យ​ដឹង​បន្ត​ថា នៅ​ពេល​លោក​ជំពាក់​គេ​រហូត​ដល់​ចំនួន​ដែល​លោក​មិន​អាច​សងបំណុល​គេ​អស់នោះ លោក​ក៏​បាន​គេចវេស​ផង​ដែរ ដោយសារ​លោក​​មិន​មាន​លទ្ធភាព​ក្នុង​ការ​សង ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​ដឹង​ដែរ​ថា ការ​គេចវេស​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នោះ​ទេ ហើយ​ពេល​ខ្លះ​លោក​ចង់​គិត​ខ្លី​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ​។ អំឡុង​ពេល​គេចវេស​នោះ ជំងឺ​កូ​វី​ដ​ក៏​បាន​ផ្ទុះ​ឡើង ហើយ​ពេល​នោះ​រូប​លោក​មិន​មានការ​ងារ​អ្វី​ធ្វើ​នោះ​ទេ ហើយ​ក៏​ត្រូវ​ឈប់​មួយ​រយៈ​សិន ពេល​ដែល​ជំពាក់​គេ​លោក​មិន​ហ៊ាន​ចេញ​ក្រៅ​នោះ​ទេ ដោយ​ខ្លាច​ម្ចាស់បំណុល​តាម​ទារ​។ ប្រាកដ​ណាស់ សំណាង​មនុស្ស​មើល​មិនឃើញ​នោះ​ទេ ឬ​អាច​និយាយ​បាន​ថា ជីវិត​ធ្លាក់​ដល់​ចំណុចសូន្យ បែរជា​ជួប​ប្រទះ​នឹង​លាភ​ទៅ​វិញ​។

តារា​កំប្លែង ណុ​យ បាន​បន្ត​ទៀត​ថា អំឡុង​ពេល​លោក​លាក់ខ្លួន ដោយសារ​មិន​ទាន់​មាន​លុយ​សង​ម្ចាស់បំណុល​នោះ គឺ​នៅ​សុខ​ៗ លោក (​ពូ​ណុ​យ​) បាន​យក​ទូរស័ព្ទ​មីង​របស់​លោក​មក​លេង Tik Tok ដោយ​សម្តែង​លេង​ៗ​សោះ តែ​បែរជា​ការ​សម្តែង​របស់​លោក​គឺ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​គ្រាន់តែ​ប៉ុន្មាន​វី​ដេ​អូ​សោះ អាច​ធ្វើ​អោយ​គេ​ស្គាល់​លោក​កាន់តែ​ច្រើន​។

តារា​កំប្លែង ពូ​ណុ​យ បន្ត​ទៀត​ថា នៅ​ពេល​ដែល​លោក​បង្ហោះ​វី​ដេ​អូ​ជា​លើក​ដំបូង​របស់​លោក គឺ​មាន​មិត្តភក្តិ អ្នក​ជិតខាង បាន​និយាយ​ថា លោក​ជំពាក់​គេ​ច្រើន​ពេក បែរជា​បែកគំនិត​ទៅ​សម្តែង​របៀប​ឆ្កួត​ៗ បីកូន​តូច​ដូច​មនុស្ស​មាន​សតិ​មិនល្អ​ជាដើម​។ អាច​និយាយ​បាន​ថា ពេល​នោះ​អ្នក​ដែល​ស្គាល់​លោក​រិះគន់​លោក​យ៉ាង​ចាស់ដៃ​ទាក់ទង​ជាមួយ​ការ​សម្តែង​របស់​លោក​។ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ គឺ​តាម​រយៈ​ការ​សម្តែង​របស់​លោក បែរជា​មាន​គេ​ចាប់អារម្មណ៍ និង​ចូល​ចិត្តច្រើន រហូត​ដល់​មាន​ពេល​មួយ​នោះ លោក​ត្រូវ​បាន​ខាង​ស្ថានីយទូរទស្សន៍​មួយ ហៅ​លោក​ទៅ​សម្តែង​តែ​ម្តង​។

អតីត CEO ដែល​ធ្លាប់​ជំពាក់​បំណុល​គេ​រាប់​ម៉ឺន​ដុល្លារ បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​លោក​ឡើង​សម្តែង និង​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចប់​ទូរទស្សន៍​ជា​លើក​ដំបូង​នោះ ស្រាប់តែ​ម្ចាស់បំណុល​បានឃើញ ហើយ​បាន​តេ​ទាក់ទង​មក​លោក ដោយ​និយាយ​ថា «​ប្រសិនបើ​លោក​មិន​សងបំណុល​នោះ​ទេ នោះ​គេ​នឹង​មក​តាម​លោក​ដល់​ទូរទស្សន៍​ហើយ​»​។ ការ​គំ​រា​.​ម​របស់​ម្ចាស់បំណុល​ធ្វើ​ឡើង គឺ​នៅ​ពេល​ដែល​បងស្រី​របស់​លោក និង​ម្តាយ​កំពុង​តែ​អំពាវនាវ​លក់​ដី ដើម្បី​យក​លុយ​នោះ​ទៅ​សង​ម្ចាស់បំណុល​ក៏​ដោយ​។ ដោយនៅ​ពេល​នោះ លោក​ក៏​បាន​សុំ​អង្វរ​គេ​គ្រប់​បែប​យ៉ាង អោយ​តែ​គេ​យល់ព្រម​សម្រាប់​ការ​ពន្យា​ពេល​ការ​សងបំណុល​នោះ​។

ស្តាប់​ទៅ​ជីវិត​ពូ​ណុ​យ ថា​កំសត់ ក៏​ដូច​ជា​មិន​កំសត់ ថា​រង​ទុក្ខ ក៏​មិនជា​រង​ទុក្ខ​ខ្លាំង តែ​អាច​និយាយ​បាន​ថា ខ្សែជីវិត​បាន​រុញច្រាន​រូប​លោក​ពី​អាជីព​ការងារ​នៅ​មីក្រូហិរញ្ញវត្ថុ មក​ក្លាយជា​មនុស្ស​ល្បី​មួយ​រូប​នៅ​លើ​វិ​ថី​សិល្បៈ​ទៅ​វិញ​។

ប្រាកដ​ណាស់ នៅ​ពេល ពូ​ណុ​យ មានឱកាស​ទទួល​បានការ​ការ​សម្តែង​ត្រឹមតែ​មួយ Show ប៉ុណ្ណោះ ស្រាប់តែ​លោក​ក៏​ទទួល​បានការ​ចាប់អារម្មណ៍ ហើយ​លោក​ត្រូវ​បាន​គេ​ទាក់ទង​អោយ​សម្តែង​ជា​បន្តបន្ទាប់ រហូត​ដល់​លោក​អាច​ដោះស្រាយ​បំណុល​ដែល​ជំពាក់​ប្រមាណ​ជា ៣០០០០​ដុល្លា​អោយ​អស់​ត្រឹម​មួយ​រយៈពេល​ខ្លី​។

ពូ​ណុ​យ បាន​បន្ត​ថា ឪពុក​ម្តាយ​របស់​លោក​ពុំ​បាន​លក់​ដី​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ លោក​បាន​ដោះស្រាយ​បំណុល​នោះ​ដោយ​ខ្លួន​លោក​ផ្ទាល់​អោយ​រួចរាល់​ផង​ដែរ​។ យ៉ាងណាមិញ ពូ​ណុ​យ បាន​ផ្តាំផ្ញើ​ទៅ​មហាជន​អ្នកគាំទ្រ​ថា «​សូមកុំ​យក​គំរូ​តាម​លោក ពេល​មាន​លុយ​ត្រូវ​ចេះ​ចាយ បែរជា​ចាយវាយ​មិន​ចេញ​គិត​។ សូម​បងប្អូន​ចាយវាយ​លុយកាក់​ឱ្យ​បាន​ត្រឹមត្រូវ កុំ​ចាំ​ដល់​ពេល​ជំពាក់​គេ ទើប​គេចវេស ហើយ​ស្តាយក្រោយ​»​។

ជា​ចុង​ក្រោយ ពូ​ណុ​យ សូម​អរគុណ​ជា​ខ្លាំង​សម្រាប់​អ្នកគាំទ្រ ដែល​បាន​ជួយ​គាំទ្រ​លោកតា​មរយៈ​ការ​គាំទ្រ​នេះ គឺ​លោក​អាច​ដោះស្រាយ​បំណុល​បាន​ទាំងស្រុង ជា​ពិសេស​លោក​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ ទិញ​ឡាន និង​ជួប​ជ្រោមជ្រែង​គ្រួសារ​របស់​លោក​អាច​ល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ