ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច មាន​តម្លៃ​សរុប​៦១​លាន​ដុល្លារ ដែល​បាន​ទទួល​ពី​មូលនិធិ​របស់​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច មាន​តម្លៃ​សរុប​៦១​លាន​ដុល្លារ ដែល​បាន​ទទួល​ពី​មូលនិធិ​របស់​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​កសិកម្ម ដោយ​ចុះហត្ថលេខា​កាលពីដើម​ឆ្នាំ​នេះ ។

គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច A.I.M.S នឹង​ចាប់ផ្តើម​អនុវត្ត​ផ្អែក​តាម​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ចុះហត្ថលេខា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អភិវឌ្ឍន៍​អន្តរជាតិ សម្រាប់​វិស័យ​កសិកម្ម​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ។ គម្រោង​នេះ​មាន​រយៈពេល​៦​ឆ្នាំ ដែល​មាន​ទឹកប្រាក់​សរុប​៦១​លាន​ដុល្លារ​អា​មេ​រិ​ក រួម​បញ្ចូល​អ្នក​ទទួលផល​ក្នុងស្រុក និង​ការ​ចែករំលែក​ពី​វិស័យ​ឯកជន ១៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច នៅ​ថ្ងៃ​ទី​២៣ ឧសភា​នេះ ដោយ​មានការ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ផ្ញើ​ជូន​ក្រុម​អ្នក​សារព័ត៌មាន​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា បញ្ជាក់​ថា សិក្ខាសាលា​ដែល​គ្រោង​រៀបចំ​ឡើង​នេះ នឹង​នាំ​យក​នូវ​បទ​បង្ហាញ និង​កិច្ច​ពិភាក្សា​របស់​ភាគី​ពាក់ព័ន្ធ​ពេញ​មួយ​ថ្ងៃ ទៅ​លើ​របៀប​ដែល​គម្រោង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​កសិកម្ម​សម្រាប់​កសិករ​ខ្នាត​តូច រួម​ទាំង​កសិករ​ក្រីក្រ និង​យុវជន តាម​រយៈ​ការ​វិនិយោគសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ។

សេចក្តីជូនដំណឹង​ដដែល​ឲ្យ​ដឹង​ថា ៖ «​តាម​រយៈ​សិក្ខាសាលា​នេះ​ដែរ សិក្ខាកាម​ដែល​ចូលរួម​នឹង​សិក្សា​ពី​កាលានុវត្តភាព​សម្រាប់​ធ្វើ​កិច្ចសហការ​ជាមួយ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច ហៅ​កាត់ A.I.M.S » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា កសិកម្ម​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន​ផង និង​ទទួល​បាន​តម្លៃបន្ថែម​កាន់តែ​ច្រើន​ផង ព្រោះ​បើ​កសិករ​ផលិត​គ្មាន​ទីផ្សារ តើ​ត្រូវ​រក​ទីផ្សារ​ឯណា ? ហើយ​កន្លង​មក រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​បាន​គិតគូរ​ជំហាន​ថ្មី តាម​រយៈ​ការ​រក​ទីផ្សារ​ឲ្យ​បានជា​មុន ហើយ​ផលិត​តាម​តម្រូវការ​ទីផ្សារ ជា​ជាង​ពេល​ផលិត​បាន​ហើយ គ្មាន​ទីផ្សារ​ពិតប្រាកដ ។

លោក​បន្ត​ថា ៖ « ប្រសិនជា​ធ្វើស្រែ​មិន​បាន​ផល មិនសូវ​ចំណេញ ហេតុ​អ្វី​យើង​មិន​គិត​ពី​ការ​ផលិត​ដំណាំ​ផ្សេង​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ និង​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ពិតប្រាកដ » ៕