ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍ពិតនាយហុងដា ក្រោយ​សម្តែង​ជាមួយអតីតប្រពន្ធ «ឃ្មឹប»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ហុងដា បាន​ប្រកាស​ជំហរ ​មិន​ភ្ជាប់​ចំណង​ស្នេហ៍​វិញ​ទេ ជាមួយ​នាង​ឃ្មឹ​ប ជា​អតីត​ភរិយា​របស់​លោក បើ​ទោះបីជា​បាន​សម្តែង​កំប្លែង​រួម​ក្រុម​ជា​ថ្មី​វិញ​ ក៏​ដោយ ។

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ​ហុងដា បាន​ប្រកាស​ជំហរ ​មិន​ភ្ជាប់​ចំណង​ស្នេហ៍​វិញ​ទេ ជាមួយ​នាង​ឃ្មឹ​ប ជា​អតីត​ភរិយា​របស់​លោក បើ​ទោះបីជា​បាន​សម្តែង​កំប្លែង​រួម​ក្រុម​ជា​ថ្មី​វិញ​ ក៏​ដោយ ។

ការ​ប្រកាស​របស់​នាយ​ហុងដា នេះ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចាប់​ដៃគូ​សម្តែង​រួម​គ្នា​ជា​ថ្មី​នៅ​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន កាលពី​ពេលថ្មី​ៗ​កន្លង​ទៅ ។ ចំណុច​នេះ​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​វិភាគ និង​សន្និដ្ឋាន​ថា អ្នក​ទាំង​ពីរ​អាច​នឹង​ទទួល​គ្នា​ជា​ប្តី​ប្រពន្ធ​វិញ ។ នាយ​ហុងដា បាន​បដិសេធ​ថា នាយ និង​នាង ឃ្មឹ​ប មិន​អាច​ចាប់ផ្តើម​ស្នេហ៍​ជា​ថ្មី​ឡើង​វិញ​ទេ ព្រោះ អ្វី​ៗ​វា​បាន​កន្លង​ផុត និង​ហួស​និស្ស័យ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ហើយ ។

នាយ​ហុង ដា បញ្ជាក់​ថា «​ពេល​គេ​ឃើញ​យើង​សម្តែង​រួម​គ្នា​ជា​ថ្មី​នេះ​ប្រាកដ​ណាស់​នឹង​មាន​អ្នក​យល់​ច្រឡំ ខណៈ​ពេល​ដែល​ខ្ញុំ និង​នាង​ឃ្មឹ​ប គឺ​មិន​អាច​ដូច​ដើម​ឡើយ ប៉ុន្តែ​បំណាច់នឹង​រាប់អាន​គ្នា​ហើយ​នោះ យើង​មិន​ត្រូវ​ស្អប់​គ្នា​នោះ​ទេ ។ តាម​ពិត​ទៅ​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​ហៅ​នាង​ឃ្មឹ​ប មក​សម្តែង​រួម​ក្រុម​ផង​ដែរ​កាលពី​ពេល​ខ្ញុំ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ដោយសារ​តែ​ខ្ញុំ​អាណិត​ចង់​ជួយ​រូប​នាង​ដើម្បី​បាន​លុយ​មក​ចិញ្ចឹម​កូន​ផង ។

ដោយឡែក​ការ​សម្តែង​រួម​ក្រុម​នា​ពេល​នេះ​ក៏​មិនមែន​ជា​រឿង​អ្វី​ដែល​ចម្លែក​ដែរ គឺ​ដោយសារ​តែ​យើង​បាន​រាប់អាន​គ្នា ហើយ​នាង​ឃ្មឹ​ប មាន​ជីវភាព​ក្រខ្សត់​ផង​នោះ ទើប​យើង​មិន​ជួយ​មិន​បាន ។ មុន​នឹង​អនុញ្ញាត​ឲ្យ​នាង​ឃ្មឹ​ប ចូលរួម​សម្តែង​ក្នុង​ក្រុម​ជា​ថ្មី​ឡើង​វិញ​នេះ​ដែរ រូប​ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​មេក្រុម​គឺ​នាយ​កុយ​ផង​ដែរ ក្នុង​នោះ​នាយ​កុយ ក៏​បាន​សម្តែង​ការ​អាណិតអាសូរ​នៅ​ពេល​ដែល​នាង ឃ្មឹ​ប បាន​សុំ​រូប​លោក​សម្តែង​ជា​ថ្មី​» ។

បើ​តាម​នាយ​ហុងដា ក្នុង​នាម​ជា​កូនក្រុម​ម្នាក់ នាយ​មិន​អាច​អារកាត់​រឿង​នេះ​ជាមួយ​នាយ កុយ ដែល​ជា​មេក្រុម​ឡើយ ព្រោះ អ្វី​ៗ​សម្រេច​លើ​មេក្រុម ។ នាយ​កុយ មើលឃើញ​ពី​ជីវភាព​ក្រខ្សត់​របស់​នាង​ឃ្មឹ​ប ក៏​អាណិត​ឲ្យ​នាង​ចូលរួម​សម្តែង​វិញ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ចំពោះ​មុខ ។

នាយ​ហុងដា មិន​មានចិត្ត​ទោម​ទស្ស​អ្វី​ជាមួយ​នាង​ឃ្មឹ​ប ដែល​ចូលរួម​សម្តែង​ជាមួយ​គ្នា​នេះ​វិញ​ទេ ព្រោះ​លោក​យល់​ថា នេះ​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​អ្នក​រាប់អាន​គ្នា និង​ជា​អ្នកសិល្បៈ​ដូច​គ្នា ប៉ុន្តែ​បើ​និយាយ​ពី​ការ​ត្រូវរ៉ូវ​ជា​ប្តី​ប្រពន្ធ​ឡើង​វិញ​នោះ គឺ​មិន​អាច​ទៅ​រួច​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ នាយ​ហុងដា ឆ្លៀត​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់ ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​ដែល​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​រូប​នាយ ក្នុង​ពេល​ដែល​ភរិយា​របស់​នាយ​ស្លាប់ ៕