ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​សាមញ្ញ​អាច​ពង្រឹង​ភាពស៊ាំ

6 ឆ្នាំ មុន

ប្រព័ន្ធ​ភាពស៊ាំ ជា​បណ្តាញ​អន្តរ​កម្ម​នៃ​សរីរាង្គ កោសិកា និង​ប្រូ​តេ​អុ​ី​ន គឺជា​អ្នក​ការពារ​រាង​កាយ​យ៉ាង​សំខាន់​ប្រឆាំង​នឹង​មេរោគ បាក់តេរី ឬ​សារធាតុ​ផ្សេង​ទៀត ។

ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន

ប្រព័ន្ធ​ភាពស៊ាំ ជា​បណ្តាញ​អន្តរ​កម្ម​នៃ​សរីរាង្គ កោសិកា និង​ប្រូ​តេ​អុ​ី​ន គឺជា​អ្នក​ការពារ​រាង​កាយ​យ៉ាង​សំខាន់​ប្រឆាំង​នឹង​មេរោគ បាក់តេរី ឬ​សារធាតុ​ផ្សេង​ទៀត ។

ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ការ​បរិភោគ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​ទទួល​ដំណេក​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ខ្លាំង​ណាស់ ។ ទោះជា​យ៉ាងណា​ក្តី ក្រៅពី​របប​អាហារ និង​ការ​គេង​មានរឿង តូច​ៗ​ជា​ច្រើន​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។

ខាងក្រោម​នេះ​ជា​ទម្លាប់​សាមញ្ញ​ទាំង​៥​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖

១-​រក្សា​អនាម័យ​រាង​កាយ
ទម្លាប់​សាមញ្ញ​ទី​មួយ​ដែល​ជួយ​ថែរក្សា​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ គឺ​ការ​អនុវត្ត​អនាម័យ​ផ្ទាល់ខ្លួន​ល្អ ។ អនាម័យ​ល្អ​នឹង​ជួយ​បញ្ចៀស​មេរោគ​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្នក និង​បញ្ឈប់​ការ​ឆ្លង​មេរោគ​មុន​ពេល​វា​ចាប់ផ្តើម ។ ស្របគ្នា​នេះ​ដែរ អ្នក​ក៏​មិន​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ​ផង​ដែរ ។

២-​ពិសា​ទឹក​ឱ្យ​បាន​ច្រើន
ទោះបីជា​អ្នក​បរិភោគ​អាហារ​ដែល​ល្អ​ចំពោះ​រាង​កាយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ វា​នឹង​មិន​អាច​ជួយ​រាង​កាយ​របស់​អ្នក​បាន​ច្រើន​នោះ​ទេ ប្រសិនបើ​អ្នក​ពិសា​ទឹក​មិន​គ្រប់គ្រាន់ ។ អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹក គឺ​នៅ​ពេល​រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ វា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។ ទឹក​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាង​កាយ និង​ធានា​ថា​កោសិកា និង​សរីរាង្គ​របស់​អ្នក​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​មុខងារ​វា​ឱ្យ​បាន​ត្រឹមត្រូវ​។

៣-​សើច ខ្លាំង​ៗ
ខណៈ​ពេល​ដែល​កំហឹង និង​ទុក្ខ​ព្រួយ​អាច​ប៉ះពាល់​ដល់​សុខភាព តែ​ការ​សើច​មាន​ឥទ្ធិពល​ផ្ទុយ​ពី​នេះ ។ សំណើច​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​មានការ​ការពារ​បាន​ល្អ​ប្រសើរ​ជាង​មុន​ចំពោះ​ជំងឺ ផ្សេង​ៗ ។

៤-​សុទិដ្ឋិនិយម
ការ​មាន​សុទិដ្ឋិនិយម និង​ការ​រីករាយ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​គួរ​ប្រាថ្នា​ដើម្បី​ទទួល​បាន​សុខភាព​ល្អ ។ ប្រព័ន្ធ​ភាពស៊ាំ​ក៏​ទទួល​ឥទ្ធិពល​ជា​ច្រើន​ពី​ការ​គិត និង​អារម្មណ៍​របស់​យើង​ផង​ដែរ ។ សុទិដ្ឋិនិយម​អាច​ជួយ​ពង្រឹង​មុខងារ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ ។ ស្របគ្នា​នេះ​ដែរ អ្នក​ដែល​មាន​បុគ្គលិកលក្ខណៈ​ជា​មនុស្ស​សុទិដ្ឋិនិយម​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​គាំងបេះដូង​ក្នុង​អត្រា​មួយ​ដ៏​ទាប ។

៥-​ដើរ​ប្រចាំ​ថ្ងៃ
ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​វិធី​ដ៏​សំខាន់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ។ ប្រសិនបើ​អ្នក​មិន​មាន​ពេលវេលា​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ ការ​ដើរ​ប្រចាំ​ថ្ងៃ​រយៈពេល​៣០​នាទី គឺជា​អ្វី​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ​ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ ។ ការ​ដើរ​មាន​លក្ខណៈ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​គ្រប់​កម្រិត​សម្បទា ៕