ខេត្តឧត្តរមានជ័យ ៖ លំនៅឋានមួយខ្នងទំហំ ៦គុណ៧ម៉ែត្រ សាងសង់អំពីឈើដំបូលប្រក់ស័ង្កសី ក្រាលក្តា ជញ្ជាំងក្តា ត្រូវបានអគ្គិភ័យឆាបឆេះហ្មត់ ដែលបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ ហេតុការណ៍នេះកើតឡើងនៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ស្ត្រីមេមាយកូន៤ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះលំនៅឋានឈ្មោះ សៀង គន្ធា អាយុ៣៧ឆ្នាំ មានកូន៤នាក់ ស្រី២នាក់ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុខ្លួន និងកូនៗបាននាំកូនតូចធំទៅស៊ីឈ្នួលធ្វើការឱ្យគេ ដោយពុំមានមនុស្សនៅនឹងផ្ទះនោះទេ ហើយចំណែកភ្លើងធូកទាន នឹងភ្លើងចង្ក្រានក៏ពុំមានដែរ ។ ស្ត្រីមេមាយកូន៤ដដែលបានអះអាងបញ្ចាក់ថា ការឆេះនេះដំបូងអ្នកភូមិជិតខាងបានឃើញឆេះចេញពីចំណុចដែលដាក់សូឡាឆ្លងចរន្តភ្លើងសូឡាបណ្តាលឱ្យឆេះ រួមទាំងទ្រព្យសម្បត្តិដូចជាស្រូវចំនួន៦បេ អង្ករចំនួន១បេ ទូរទស្សន៍ចំនួន១គ្រឿង បាស់ចំនួន១គូ សូឡា និងអាគុយ១ លុយចំនួន៣០ម៉ឺនរៀល ព្រមទាំងសំភារៈដែលប្រើប្រាសផ្សេងៗទៀតត្រូវបានឆេះហ្មត់ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយបានឱ្យដឹងថា នៅពេលកើតមានគ្រោះអគ្គិភ័យកើតឡើងលើលំនៅឋានស្ត្រីមេមាយរូបនេះ អ្នកភូមិជិតខាង រួមទាំងកម្លាំងនគរបាលបាននាំគ្នាជួយពន្លត់ដែរ តែមិនរលត់ដោយសារតែភ្លើងឆាបឆេះលឿនពេក ទើបមិនអាចជួយពន្លត់បាន ៕
ចែករំលែកព័តមាននេះ