ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដៅ​លែង​បាន​…​មាន​តែ​លេង​ធម៌​ក្តៅ​ទើប​រាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​អំពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​នៅ​តែ​ជា​បញ្ហា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​នៅឡើយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាសរឹត​បន្ដឹង

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​អំពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​នៅ​តែ​ជា​បញ្ហា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​នៅឡើយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាសរឹត​បន្ដឹង និង​វិធានការ​ថ្មី​ក្នុង​ការ​ត្រួតពិនិត្យ​ល្បឿន​អ្នក​បើក​របរ​តាម​រយៈ​កាមេរ៉ា​ចាប់​ល្បឿន​តាម​ដងផ្លូវ​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ដន៍​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមេសា ឆ្នាំ​២០១៧ កាលពី​ពេល​ថ្មី​នេះ​ៗ​នា​ទីស្ដីការក្រសួង​សាធារណការ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​កំពុង​តែ​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ក្នុង​ការ​ទិញ​កាមេរ៉ា​ចាប់​ល្បឿន​អ្នកបើកបរ​ដោយ​សម្ងាត់​ឱ្យ​បាន​ច្រើន​គ្រឿង​បន្ថែម​ទៀត​ដើម្បី​បំពាក់​នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​ក្នុង​រាជធានី​-​ខេត្ដ​ទូ​ទាំង​ប្រទេស ។

លោក​បាន​បញ្ជាក់​ថា «​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​បើក​របរ​លើស​ល្បឿន​កំណត់​បាន​កើតឡើង​ដដែល​ៗ​ដែល​ទាមទារ​ការ​ចូលរួម​ទាំងអស់​គ្នា​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​ការ​គោរព​ច្បាប់​ការ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ដើម្បី​ទទួល​បាន​នូវ​សុវត្ថិភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​» ។

លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹង​ថា វិធានការ​ថ្មី​ក្នុង​ការ​ត្រួតពិនិត្យ​ល្បឿន​ដោយ​សម្ងាត់​បាន​ដំណើរការ​យ៉ាង​សកម្ម​ដោយ​រក​ឃើញ​រថយន្ដ​បើកបរ​ល្មើស​ល្បឿន​ចំនួន​២.៣០៥​គ្រឿង ក្នុង​ខែមេសា កន្លង​មកនេះ និង​កំពុង​ចាត់ការ​កោះហៅ​ម្ចាស់​រថយន្ដ​មក​បង់ប្រាក់​ពិន័យ ។

លោក​ជំទាវ​បាន​បន្ថែម​ថា ក្នុង​ខែមេសា ឆ្នាំ​២០១៧​នេះ​ផង​ដែរ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចុះ បញ្ជី​យានយន្ដ​សរុប​ចំនួន​៣១.១៧៤​គ្រឿង ក្នុង​នោះ​រថយន្ដ​៤.៩៥៦​គ្រឿង ម៉ូតូ​២៦.២១៨ គ្រឿង ផ្ដល់​ប័ណ្ណបើកបរ​សរុប​៤៥៩.៩៧៧​ប័ណ្ណ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​បាន​ចំនួន​១២.៤១២​គ្រឿង និង​ផ្ដល់​ប័ណ្ណ​អាជីវកម្ម​២.២៩៥​គ្រឿង ។

ចំណែក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​លើក​ឡើង​ថា ក្នុង​ខែមេសា​កន្លង​មក នេះ​គ្រោះថ្នាក់​ចរចរ​ដោយសារ​ការ​បើកបរ​លើស​ល្បឿន​កំណត់​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ខែ​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៧​នេះ ។

លោក​បាន​អះអាង​ថា បច្ចុប្បន្ន​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​មាន​កាមេរ៉ា​ចាប់​ល្បឿន ប្រមាណ​ជាង​១០០​គ្រឿង​រួច​ហើយ​សម្រាប់​ប្រើប្រាស់​ចាប់​យានយន្ដ​បើកបរ​លើស​ល្បឿន​កំណត់​ដែល​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នឹង​ទិញ​បន្ថែម​កាមេរ៉ា​ជាង​១០០​គ្រឿង​ទៀត​ដើម្បី​ដាក់​បំពាក់​តាម​ផ្លូវជាតិ​មាន​ចំនួន​ជាង​៨០​គោលដៅ ៕