ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ចំណងដៃ​ចិន​ថ្មី​មួយ​តម្លៃ​57​លាន​ដុល្លារ​ចាប់ផ្តើម​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំណងដៃ​ចិន​ថ្មី​មួយ គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម និង​ឆ្ពោះទៅ​កាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ចាប់ផ្តើម​សាងសង់​ហើយ ។

រាជធានី​ភ្នំពេញ ៖ ចំណងដៃ​ចិន​ថ្មី​មួយ គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឆ្លងកាត់​ទន្លេមេគង្គ​ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម និង​ឆ្ពោះទៅ​កាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ចាប់ផ្តើម​សាងសង់​ហើយ ។

លោក នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ថា ការ​សាងសង់​ស្ពាន​នេះ​បាន​ចាប់ផ្តើម​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​ការ​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ​ពេល​ណា​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ​។ លោក​បន្ត​ថា ស្ពាន​នេះ​មាន​ទទឹង​១៣,៥០​ម៉ែត្រ បណ្តោយ​១.១៣១​ម៉ែត្រ និង​មាន​ផ្លូវ​ត​ភ្ជាប់​តួ​ស្ពាន​សរុប​ប្រវែង​៣.៨៦៩​ម៉ែត្រ ហើយ​គ្រោង​ចំណាយ​ថវិកា​សាងសង់​៥៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ស្ពាន​នេះ​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​កា​រត​ភ្ជាប់​រវាង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យសេដ្ឋកិច្ច​ខ្លាំង ជា​ពិសេស នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ការ​ធ្វើ​ចរាចរ​។ លោក​បន្ត​ថា ៖ « ស្ពាន​នេះ​ក៏​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ ព្រោះ​នៅ​ពេល​មាន​ផ្លូវ ស្ពាន​ខ្វាត់ខ្វែង វា​នឹង​ជួយ​សម្រួលការ​ដឹក​ជញ្ជូន និង​ធ្វើ​ដំណើរ ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ » ។

បច្ចុប្បន្ន ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ​នៅ​តំបន់​នេះ គឺ​ប្រើប្រាស់​សាឡា​ង ដែល​បាន​យក​ចេញពី​តំបន់​អ្នក​លឿង ខេត្តព្រៃវែង ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល គឺជា​រឿង​ចាំបាច់​ណាស់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ប្រសិនជា​ចង់​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​កំណើន​រយៈពេល​វែង ត្រូវ​តែ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​វា​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រសិនជា​ហេដ្ឋារចនាសម្ព័ន្ធ​យើង​មាន​បញ្ហា ។ លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​មាន​កំណើន ប៉ុន្តែ​ដើម្បី​រក្សា​បាន​កំណើន​រយៈពេល​វែង និង​លោត​ភ្លោះ​ទៅ​មួយ​គន្លាក់​ទៀត ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ចាំបាច់​បំផុត ។
របាយការណ៍​របស់​ធនាគារពិភពលោក ដែល​ពិនិត្យ​លើ​វឌ្ឍនភាព​សេដ្ឋកិច្ច​កម្ពុជា និង​ចេញផ្សាយ​កាលពីដើម​ស​ប្តា​ហ៍​នេះ ក៏​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​ដើម្បី​សម្រេច​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង ក្នុង​នោះ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណ​ភាព ជា​ផ្នែក​មួយ​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​បន្ទាន់​ផង​ដែរ ៕