ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​នាំ​ប្រតិភូ​អន្តរជាតិ​ជាង​១២០​នាក់ ទៅ​ទស្សនកិច្ច ​នៅ​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ កម្ពុជា​គ្រោង​រៀបចំ​ទស្សនកិច្ច​ ជូន​ប្រតិភូ​អន្តរជាតិ ​ដែល​មក​ចូលរួម «​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​» ទៅ​កាន់​គោលដៅ​ឆ្នេរសមុទ្រ​កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​មួយ​ចំនួន នៅ​តំបន់ឆ្នេរ…

ខេត្ត​ព្រះ​សីហ​នុ ​៖ កម្ពុជា​គ្រោង​រៀបចំ​ទស្សនកិច្ច​ ជូន​ប្រតិភូ​អន្តរជាតិ ​ដែល​មក​ចូលរួម «​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​» ទៅ​កាន់​គោលដៅ​ឆ្នេរសមុទ្រ​កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​មួយ​ចំនួន នៅ​តំបន់ឆ្នេរ សមុទ្រ​កម្ពុជា ដើម្បី​បង្អួត​គោលដៅ​ទេសចរណ៍កម្រិត​ខ្ពស់​របស់​ខ្លួន និង​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក ​នា​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ ។

ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ ដែល​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក និង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្ដម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុន​ឡុ​ង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និងឯកឧត្ដម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ​។

សន្និបាត​ឆ្នេរសមុទ្រ ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក​នេះ​ នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២ អម​ជាមួយ​ពិធីបុណ្យ​សមុទ្រ​ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​នឹង​ទទួល​ប្រតិភូ​អន្តរជាតិ​សរុប​ជាង​១២០​នាក់ ​នៅ​ទូ​ទាំង​ពិភពលោក​ ។

នៅ​ក្នុង​អង្គប្រជុំ​ត្រៀម​ការងារ​ទាំងនោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ជំរុញ​ក្រុមការងារ​បច្ចេកទេស​ ត្រូវ​រៀបចំ​ឱ្យ​មាន​ទស្សនកិច្ច ទៅ​កាន់​គោលដៅ​ទេសចរណ៍​ប្រណីត ​នៅ​តាម​គោលដៅ​ឆ្នេរសមុទ្រ កោះ និង​សហគមន៍​អេកូ​ទេសចរណ៍ ​។

ឯកឧត្ដម ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​ជំរុញ​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​អំពី​គោលដៅ​សំខាន់​ៗ​ដែល​គ្រោង​នឹង​រៀបចំ​ទស្សនកិច្ច​ជូន​ប្រតិភូ​អន្តរជាតិ​ខាងលើ ក្នុង​នោះ​រួម​មាន​ដូច​ជា​កោះ​រ៉ុ​ង កោះ​ឋានសួគ៌ កោះ​សង្សារ កោះក្របី កោះ​ឫស្សី សហគមន៍​អេកូ​ទេសចរណ៍​ពាម​ក្រសោប នៅ​ខេត្តកោះកុង ក៏​ដូច​ជា​ឆ្នេរសមុទ្រ​នានា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​ ។

ឯកឧត្ដម ជុក ជំនោរ បាន​បន្ត​ថា ប្រតិភូ​ដែល​បាន​បញ្ជាក់​ថា ​នឹង​ចូលរួម​ក្នុង​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ ដែល​ស្អាត​ជាងគេ​លើ​សកលលោក​នេះ គឺ​មាន​មក​ពី​ប្រទេស​វៀតណាម ថៃ ចិន ជប៉ុន កូរ៉េ​ខាងត្បូង ហ្វី​លី​ពី​ន អ៉ី​ស្រា​អែ​ល បារាំង អេ​ស្ប៉ា​ញ ព័រ​ទុ​យ​ហ្កា​ល់ កា​ណា​ដា ប្រេ​ស៉ី​ល ម៉ា​រ៉ុ​ក កូត​ឌី​វ័​រ ម៉ូ​សំ​ប៊ិក សេ​ណេ​ហ្កា​ល់ អង់​ហ្គោ​ឡា និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ការី​បង់ (Caribbean Sea)​។

ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ផ្ដល់​សារសំខាន់​ថា «​ក្នុង​ដំណាក់កាល​ស្ដារ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ គឺ​មាន​តែ​គោលដៅ​ឆ្នេរសមុទ្រ កោះ និង​សហគមន៍​អេកូ​ទេសចរណ៍​នេះ​ទេ ដែល​ដើរតួ​សំខាន់​ក្នុង​ការ​ទាក់ទាញ​ និង​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​»​ ។

ឯកឧត្ដម ថោ​ង ខុន បានឱ្យ​ដឹង​ទៀត​ថា កាលណា​កម្ពុជា​រៀបចំ​ទស្សនកិច្ច​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ទាំងនោះ​បាន​ល្អ នោះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ទាំងមូល​យ៉ាង​ប្រសើរ​បំផុត ពីព្រោះ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​នៅ​លើ​សាកលលោក​ គឺ​មាន​សមាជិក មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ណាស់ ហើយ​ក៏​ដូច​ជាទី​ភ្នាក់ងារ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​បាន​មាន​ប្រសិទ្ធភាព បាន​ន័យ​ថា ប្រសិនបើ​ក្លិប​ឆ្នេរ​នេះ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ទៅ​កាន់​ភ្ញៀវ​ទេសចរ នោះ​នឹង​ជួយ​បង្កើន​ការ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ទៀត ពោល​គឺ​ឱកាស​នេះ​គឺជា​ឱកាស​ពិសេស​ខ្លាំង​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ។

ឯកឧត្ដម​រដ្ឋមន្ត្រី ថោ​ង ខុន និង​ឯកឧត្ដម​អភិបាលខេត្ត គួ​ច ចំរើន លើ​ការ​រៀបចំ​បណ្ដាញ​ទស្សនកិច្ច ពេលវេលា មធ្យោបាយ ការ​ការ​រ​ពារ​សន្តិសុខ ស្បៀងអាហារ ខ្លឹមសារ​ឧទ្ទេសនាម ក៏​ដូច​ជា​ការ​បញ្ជ្រាប​ខ្លឹមសារ​ផ្សព្វផ្សាយ​បន្ថែម​ជូន​ប្រតិភូ​អន្តរជាតិ​ទាំងនោះ​ផង​ដែរ​។

គួរ​ជម្រាប​ថា ព្រឹត្តិការណ៍​នៃ​សន្និបាត​ក្លឹ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ពិធីបុណ្យ​សមុទ្រ​នឹង​បង្ហាញ​ពី​សមត្ថភាព​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លង​មក ទាំង​ការ​គ្រប់គ្រង​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​សមិទ្ធផល​និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ