ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងតំណែងធំ២ ក្រោយសុំចុះចូលជាមួយCPP

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត យ៉ង សាំង​កុមារ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​ព្រះករុណា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា «​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​»…

រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត យ៉ង សាំង​កុមារ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​ព្រះករុណា ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​ជា «​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​» និង​ជា «​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ​»​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ដាច់​ដោយឡែក​មួយទៀត ត្រាស់​បង្គាប់​តែងតាំង ឯកឧត្តម ឡឹ​ក សុធារ តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​។

សូម​បញ្ជាក់​ថា​លោក​បណ្ឌិត យ៉ង សាំង​កុមារ មុន​ត្រូវ​បាន​តែងតាំង​នូវ​មុខ​តំណែង​នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​លោក​បាន​សរសេរ​លិខិតគោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ស្នើ​សុំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជា​ពិសេស​វិស័យ​ស្រូវ​អង្ករ​។ ហើយ​ក្នុង​នោះក៏​មាន​លោក ឡឹ​ក សុធារ បាន​សរសេរ​លិខិតស្នើ​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្នើ​សុំ​បម្រើ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​មានឱកាសចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

ក្រោយ​ពី​សុំ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ វិច្ឆិកា​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​លោក យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធារ ព្រមទាំង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួប​ពិភាក្សា​ការងារ​អស់​រយៈពេល ប្រមាណ២​ម៉ោង​។

ក្រោយ​ជំនួប​ជាមួយ​សម្តេច​តេ​ជោ លោក​បណ្ឌិត យ៉ង សាំង​កុមារ បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​លោក​ថា រូប​លោក និង​សម្តេច​តេ​ជោ មាន​ទស្សនវិស័យ​ដូច​គ្នា ទាក់ទង​នឹង​វិស័យ​កសិកម្ម ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​។លោក​បណ្ឌិត យ៉ង សាំង​កុមារ ដែល​រៀន​ចប់​បណ្ឌិត​ខាង​កសិកម្ម ពី​អា​ល្លឺ​ម៉​ង់ កាលពី​ឆ្នាំ​១៩៩៥ បាន​លើក​បង្ហាញ​ផែនការ​ស្រោចស្រង់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ចំនួន១២​ចំណុច ដោយ​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់ ៥​ឆ្នាំ ដើម្បី​សម្រេច​ផែនការ ដែល​អាច​ជួយ​ដល់​កសិករ​កម្ពុជា​ជាង ១​លាន​គ្រួសារ​។

សូម​រម្លឹក​ផង​ដែរ​ថា លោក យ៉ង់ សាំង​កុមារ ជា​អតីត​ប្រធាន​អង្គការ​កសិកម្ម សេ​ដាក និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មាន​លោក យ៉េ​ង វី​រៈ ជា​ប្រធាន​។ កើត​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​១៩៦៦ លោក​បណ្ឌិត យ៉ង សាំង​កុមារ មានស្រុក​កំណើត​នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ឪពុក​របស់​លោក ជា​គ្រូបង្រៀន ម្តាយ​លោក​ជា​កសិករ​។ លោក​ចេះ​ភាសា​អង់គ្លេស អា​ល្លឺ​ម៉​ង់ និង​បារាំង​។

ទាក់ទង​ការ​សិក្សា លោក យ៉ង សាំង​កុមារ បាន​រៀន​ចប់​ថ្នាក់បណ្ឌិត​កសិកម្ម នៅ​សកល​វិទ្យាល័យ ឡែ​ប​ស៊ិ​ក នៃ​ប្រទេស​អា​ល្លឺ​មង់ នៅ​ឆ្នាំ​១៩៩៥ បន្ទាប់​ពី​ចំណាយពេល​សិក្សា និង​រស់នៅ​ទីនោះ អស់​រយៈពេល​ជិត ១១​ឆ្នាំ (១៩៨៤-១៩៩៥)​។ចំពោះ​ប្រវត្តិ​ការងារ​សំខាន់​ៗ​របស់​លោក យ៉ង សាំង​កុមារ គឺ​លោក​ជា​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ចំការ​ដូង​) ពី​ឆ្នាំ​១៩៩៥-២០០៣​។ នៅ​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៧ លោក​បាន​បម្រើ​ការងារនៅ​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន (JVC) និង​បារាំង (GRET)​។លោក យ៉ង សាំង​កុមារ ជា​ស្ថាបនិក និង​នាយក​/​ប្រធាន​អង្គការ​សេ​ដាក (CEDAC) ពី​ឆ្នាំ​១៩៩៧-២០១៥​។ លោក​ជា​អភិបាល​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ពី​ឆ្នាំ​២០១០-២០១៦​។ លោក​ក៏​ជា​ស្ថាបនិក​ម៉ាស៊ីនកិនស្រូវ​សរីរាង្គ​កសិករ សេ​ដាក និង​សហគមន៍​ទីផ្សារ​កសិផល​ធម្មជាតិ ក្រុមហ៊ុននាំចេញ​កសិផល​សរីរាង្គ។នៅ​ឆ្នាំ​២០១៥ លោក យ៉ង សាំង​កុមារ បាន​លាឈប់​ពី​ប្រធាន​អង្គការ​កសិកម្ម សេ​ដាក ហើយ​ទៅ​ចូលរួម​បង្កើត​គណ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ជាមួយ​លោក យ៉េ​ង វី​រៈ រួម​ទាំង​អតីត​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ទៀត​។

លោក យ៉ង សាំង​កុមារ បាន​រៀប​អាពាហ៍ពិពាហ៍ នៅ​ឆ្នាំ​២០០៦ ហើយ​មានកូន ៣​នាក់ (​ស្រី​២​នាក់ និង​ប្រុស ១​នាក់​)​។ លោក យ៉ង សាំង​កុមារ ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​នឹង​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លា.ប់ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ