ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង៣៨​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ​និង​ជំងឺអេដស៍​ នៅ​ទូ​ទាំង​ពិភពលោក

1 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ លោក សុខា រ៉ា​ម អភិបាលរង​ខេត្តស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ ​បាន​មាន​ប្រសាសន៍​ថា…

ខេត្តស្វាយរៀង​ ៖ លោក សុខា រ៉ា​ម អភិបាលរង​ខេត្តស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ ​បាន​មាន​ប្រសាសន៍​ថា បើ​យោង​តាម​ស្ថិតិ​ចុង​ក្រោយ​របស់ UNAIDS មនុស្ស​ជាង៣៨​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍ ​និង​ជំងឺអេដស៍​ នៅ​ទូ​ទាំង​ពិភពលោក ហើយ​មនុស្ស​ជាង៤០​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ ដែល​ទាក់ទង​នឹង​ជំងឺអេដស៍ ចាប់តាំងពី​ការ​ចាប់ផ្តើម ​នៃ​ការ​រីក​រាលដាល ​នៃ​មេរោគ​អេ​ដស៍​ ។ ខណៈ​មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃនេះ កំពុង​ទទួល​បានការ​ព្យាបាល​ ដោយ​ថ្នាំ​ប្រឆាំង​មេ​រោ​គេ​អ​ដស៍ ​។

ការ​ថ្លែង​បែប​នេះ​ របស់​អភិបាលរង​ខេត្តស្វាយរៀង ខណៈ​ដែល​លោក តំណាង​អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ទិវា ពិភពលោក​ប្រយុទ្ធ នឹង​ជំងឺអេដស៍​ ១​ធ្នូ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ រក្សា​ការសន្យា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ “​មិន​ទាន់​បញ្ចប់​ទេ​” នៅ​វិទ្យាល័យ​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ​។

ពិធី​នេះ ​មានការ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត អ៊ុ​ក វិជ្ជា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ​សើ​ស្បែក ​និង​កាមរោគ​ លោក​វេជ្ជ​ឈឹ​ម សា​រ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី​ដែល​ពាក់ព័ន្ធ​ចំនួន​ ៦៥០នាក់ផង​ដែរ ​។

លោក​អភិបាលរង​ខេត្ត​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្ត ឬ​សង្ស័យ​បាន​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍​ ត្រូវ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ ដោយ​រក្សា​ការ​សម្ងាត់​ នៅ​តាម​សេវា​សាធារណៈ សេវា​អង្គការ​សង្គម​ស៊ី​វិល សេវា​ឯកជន ដើម្បី​អាច​សម្រេចចិត្ត​ទៅ​ទទួល​សេវា​ថែទាំ និង​ព្យាបាល​បន្ត​បាន​ទាន់​ពេលវេលា ​។ ​ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ទាំងឡាយ ត្រូវ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ ឱ្យ​បាន​យ៉ាងតិច ៤​ដង និង​ទៀងទាត់ តាម​ការ​ណែនាំ​របស់​បុគ្គលិក​ពេទ្យ ដើម្បី​សុខភាព​មាតា និង​ទារក ជា​ពិសេស​អាច​ជួយ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​អេ​ដស៍ និង​មេរោគ​ស្វាយ​ពី​ម្តាយ​ទៅ​ទារក​ផង​ដែរ ​។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សា​រ៉ាត់ ​នាយក​ប្រចាំ​តំបន់​អាស៊ី អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ មូ​និ​ធិ​ថែ​រទាំ​សុខភាព​អេ​ដស៍ (AHF) ប្រារព្ធ​ទិវា​ពិភពលោក អេ​ដស៍​ឆ្នាំ ២០២២ ក្រោម​ប្រធានបទ “​មិន​ទាន់​បញ្ចប់​ទេ​” ដើម្បី​រំលឹក​ដល់​មេដឹកនាំ​ពិភពលោក ស្ថាប័ន​សុខភាព​សាធារណៈ​ពិភពលោក និង​សង្គម​ស៊ី​វិល ថា​ការងារ​ជា​ច្រើន​នៅ​តែ​មាន ប្រសិនបើ​យើង​ធ្វើ មួយ​ថ្ងៃ​បញ្ចប់​ការ​រីក​រាលដាល ​នៃ​ជំងឺអេដស៍​ ។ របាយការណ៍​បង្ហាញ​ថា​ ពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​ថ្មី និង​អត្រា​មរណៈ ​។

លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​អ្នកតស៊ូ​មតិ ​ក្នុង​ប្រទេស​ទាំងអស់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ ការ​ធ្វើតេស្ត និង​ការ​ព្យាបាល​មេរោគ​អេ​ដស៍​ នៅ​ទូ​ទាំង​ពិភពលោក ដើម្បី​ពន្យឺត​អត្រា​ឆ្លង​មេរោគ​អេ​ដស៍​ថ្មី​ ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​ការពារ​សមិទ្ធផល ដ៏​មាន​តម្លៃ​ ដែល​យើង​បាន​ធ្វើ​កន្លង​មក ​។ យើង​បាន​ជោគជ័យ ជា​យូរ​មក​ហើយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​ យើង​ត្រូវ​តែ​ថែរក្សា​សមិទ្ធផល​ពីពេល​នេះ​តទៅ​ទៀត ។

សូម​បញ្ជាក់​ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ AHF ជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ធំ ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​បច្ចុប្បន្ន​អង្គការ​កំពុង​ផ្តល់​ការ​ព្យាបាល ថែទាំ និង​សេវាកម្ម​ដល់ មនុស្ស​ជាង ១.៤៧​លាន​នាក់ នៅ​ក្នុង​៤៥​ប្រទេស​ទូ​ទាំង​ពិភពលោក ដូច​ជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន កា​រា​បៀ​ន តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អឺរ៉ុប​ខាងកើត​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ