ខេត្តស្ទឹងត្រែង ៖ ជម្លោះស៊ីសាច់ហុតឈាមមួយបានកើតចេញពីផ្ទះមួយខ្នង រវាងឪពុកក្មេក និងកូនប្រសាប្រុសអត់ខាន់ស្លាដែលករណីជម្លោះនោះបានឈានដល់ការប្រើអំពើហិង្សា ទាញយកកាំបិតបន្ទោះ និងកាំបិតប៉័ងតោកាប់ចាក់ប្រហារគ្នាយ៉ាងសាហាវបំផុតបណ្តាលឱ្យឪពុកក្មេកត្រូវ៧កាំបិតបន្ទោះ ឯកូនប្រសាចិត្តភ្លើងត្រូវ១កាំបិតប៉័ងតោរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់ ។
មន្ត្រីនគរបាលយុត្តិធម៌ក្រុងស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ករណីជម្លោះនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២ មីនា ត្រង់ចំណុចមុខផ្ទះក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដែលឪពុកក្មេកឈ្មោះសាន សូត្រ អាយុ៦២ឆ្នាំ រីឯកូនប្រសាឈ្មោះអ៊ុំ សុខុម អាយុ៤៥ឆ្នាំ ។ ទាំងឪពុកកេ្មក និងកូនប្រសារស់នៅក្នុងផ្ទះជាមួយគ្នា ។
លោកតា សាន សូត្រ វ័យ៦២ឆ្នាំ ដែលត្រូវកូនប្រសាចាក់ត្រូវ៧កាំបិត បានរៀបរាប់ថា មូលហេតុបង្កឱ្យមានជម្លោះរហូតឈានដល់ការចាក់កាប់បង្ហូរឈាមគ្នានេះ ដោយសារកូនប្រសាអត់ខាន់ស្លារូបនោះ ក្រោយពីរត់ឡើងមកយកកូនស្រីគាត់ឈ្មោះសាន ចាន់ណង អាយុជាង២០ឆ្នាំ ដោយពុំបានរៀបការឬសែនព្រេនអ្វីបន្តិចសោះ រួចមក រយៈពេល១ឆ្នាំក្រោយកូនស្រីគាត់ក៏បានកើតកូនប្រុសមួយ ។ ចាប់តាំងពីបុរសរូបនោះឡើងមករស់នៅជាមួយកូនស្រីគាត់ ដោយមិនចាំបាច់ចំណាយលុយអស់១សេននោះ ពួកគេទាំងពីរនាក់ប្តីប្រពន្ធចេះតែមានការរកាំរកូសឈ្លោះប្រកែកគ្នាជានិច្ច ពុំសូវបានសុខនឹងគ្នាទេ ។ ដោយឃើញសភាពបែបនេះ ក្នុងនាមគាត់ជាឪពុក-ម្តាយ មិនសប្បាយចិត្តសោះ ហើយក៏បាននិយាយទៅកាន់កូនថា បើពួកឯងនៅតែយ៉ាងនេះសូមចែកផ្លូវគ្នាទៅ ។ ចាប់តាំងពីពេលនោះមក កូនប្រសារូបនោះ ក៏បានចុះចេញពីផ្ទះចោលប្រពន្ធកូនខ្ចីអស់រយៈពេល៥ទៅ៦ខែ យូរៗលបចូលផ្ទះម្តង ហើយមកដៀលត្មះពួកគាត់ជាឪពុក-ម្តាយក្មេកយ៉ាងចាស់ដៃ ដោយគ្មានស្គាល់បាបបុណ្យអ្វីឡើយ ។
លុះមកដល់ល្ងាចថ្ងៃទី៣ មីនា កូនប្រសានេះបានមករករឿងគាត់ម្តងទៀត ខណៈដែលគាត់កំពុងអង្គុយបិតឫស្សីនៅមុខផ្ទះ ។ នៅពេលនោះដោយសារទ្រាំមិនបាននឹងទង្វើរបស់កូនប្រសា គាត់ក៏បានយកកាំបិតប័ុងតោជន្លគេពីចម្ងាយ កុំឱ្យមកជិតគ្រួសារគាត់ទៀត ស្រាប់តែកូនប្រសាអត់ខាន់ស្លានោះយកដំបងស្ទុះមករងកាំបិតដែលគាត់ជន្លនោះ ហើយបានវាសកាំបិតចេញពីដៃគាត់ ទើបបណ្តាលឱ្យកាំបិតប៉័ងតោនោះមុតរូបគេត្រូវឆ្អឹងជំនីរផ្នែកខាងស្តាំ១កាំបិតទៅ ។ បន្ទាប់មកកូនប្រសាគាត់បានយកកាំបិតបន្ទោះនោះមកចាក់រូបគាត់ផ្ទួនៗគ្នាចំនួន៧កាំបិត ចំក្បាល ដៃ និងខ្លួន បណ្តាលឱ្យរងរបួសជាទម្ងន់។
អ្នកភូមិបាននិយាយថា ទាំងឪពុកក្មេក និងកូនប្រសាចិត្តខ្លាំងដូចគ្នា ហើយអ្វីដែលធ្វើឱ្យឪពុកក្មេកខឹងនឹងកូនប្រសាខ្លាំងនោះ ក៏ព្រោះតែបុរសនោះបានឡើងមកយកកូនស្រីគាត់ដោយមិនគោរពទៅតាមប្រពៃណីអ្វីទាំងអស់ បានន័យថា ឡើងមកយកនៅពេលដែលលោកតាជាឪពុកក្មេកនោះមិននៅផ្ទះជិត១ឆ្នាំ គឺនៅតែម្តាយដែលជាស្ត្រីវ័យចំណាស់មិនហ៊ានតបតនឹងកូនប្រសាដែលស៊ីនំអត់ឱ្យលុយនេះឡើយ ។ ហើយនៅពេលដែលឪពុកមកផ្ទះវិញ អង្ករបានក្លាយជាបាយទៅហើយ ទើបធ្វើឱ្យគាត់នឹកហួសចិត្តខ្មាសអ្នកជិតខាង និងបង្កើតឱ្យមានការក្តៅក្រហាយក្នុងចិត្តជារៀងរាល់ថ្ងៃ ។ ទោះបីជាបែបណា កូនស្រីគាត់ក៏ជាអ្នកបង្កឱ្យមានភាពអពមង្គលនេះមួយផ្នែកដែរ ដោយសារតែស្នេហាបំពានតម្រារបស់ខ្លួន ។
លោកវរសេនីយ៍ត្រីហែល វ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ជុំវិញករណីនេះមិនទាន់ដឹងថា អ្នកណាខុស អ្នកណាត្រូវនៅឡើយទេ តែតាមព័ត៌មានរបស់អ្នកភូមិបានឱ្យដឹងថា ឈ្មោះអ៊ុំ សុខុម ជាកូនប្រសានេះ គឺមិនដែលចុះសម្រុងនឹងអ្នកក្នុងភូមិទេ ហើយសំណុំរឿងនេះលោកបានបញ្ជូនទៅឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដោះស្រាយហើយ ៕
ចែករំលែកព័តមាននេះ