ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ម្ចាស់​ជ័យ​លា​ភី​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០២២​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

«​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​» (CSFF) បាន​រៀបចំ​កម្មវិធី​បិទ​មហោស្រព​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុមុខ ដោយ​មានការ​ចូលរួម​ពី​គណៈមេប្រយោគ ដៃគូ​សហការ​ផ្សេង​ៗ និង​សមិទ្ធ​ករ​ភាពយន្ត ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ «​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​» (CSFF) បាន​រៀបចំ​កម្មវិធី​បិទ​មហោស្រព​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុមុខ ដោយ​មានការ​ចូលរួម​ពី​គណៈមេប្រយោគ ដៃគូ​សហការ​ផ្សេង​ៗ និង​សមិទ្ធ​ករ​ភាពយន្ត ក៏​ដូច​ជា​តួ​សម្តែង​ជា​ច្រើន​រូប​ផង​ដែរ​។

ក្នុង​ពិធី​បិទ​នេះ កម្មវិធី​ក៏​បាន​ប្រកាស​ពី​ភាពយន្ត​ខ្នាត​ខ្លី​ដែល​បាន​ជាប់​ជ័យ​លា​ភី​ផង​ដែរ ដោយនៅ​ក្នុង​នោះ​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត បាន​ទៅ​លើ​រឿង «​សំលេង​រាត្រី​» ដោយ​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ចំនួន​៤​លាន​រៀល​។ សម្រាប់​ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត​ឆ្នើម​បន្ទាប់ បាន​ទៅ​លើ​រឿង «​ថ្ងៃ​រះ​ក្នុង​ចិត្ត​» ទទួល​បាន​ទឹកប្រាក់​២​លាន​រៀល​។ រង្វាន់​ពី​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក បាន​ទៅ​លើ​រឿង «​កញ្ញា អតិថិជន​» ទទួល​បាន​ទឹកប្រាក់ ១,២​លាន​រៀល​។ ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​ក្នុងស្រុក បាន​ទៅ​លើ​រឿង «​ពលី​» ទទួល​បាន​ប័ណ្ណ​ស​សើរ ។

ដោយឡែក​សម្រាប់​ភាពយន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត បាន​ទៅ​លើ​រឿង «Curupira and the Machine of Destiny» ទទួល​បាន​ទឹកប្រាក់​១,២​លាន​រៀល​។ រង្វាន់​ពី​ទស្សនិកជន​ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ បាន​ទៅ​លើ​រឿង «Lili Alone» និង​ទទួល​បាន​ប័ណ្ណសរសើរ​ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​ក្នុង​អន្តរជាតិ បាន​ទៅ​លើ​រឿង «Domar» ទទួល​បាន​ប័ណ្ណសរសើរ​។

លោក ស៊ុំ ស៊ី​ថែ​ន ប្រធាន​មហោស្រព​ឆ្នាំ​នេះ​បាន​ធ្វើការ​បូក​សរុប​ចំនួន​ទស្សនិកជន​ដែល​បាន​ចូលរួម​មក​មើល​ភាពយន្ត​ខ្លី​ៗ នៅ​សាលចតុមុខ ដែល​មហោស្រព​បាន​ធ្វើការ​ជ្រើសរើស​ទាំង​៥៥​រឿង ចំនួន​៤​ថ្ងៃ​ដែល​មាន​ចំនួន ៥០០ នាក់ និង​ការ​ផ្សព្វផ្សាយ តាម​រយៈ​បណ្តាញ​សង្គម​ដែល​ទទួល​បានការ​ចូល​ចិត្ត (likes) បន្ថែម ១ ៣៤៩​នាក់​, អ្នក​ចាប់អារម្មណ៍ (reaches) ១៦៣ ៧២៧​នាក់ គិត​ពី​ថ្ងៃ​ទី​០៨ ខែមីនា (​ថ្ងៃ​បើក​ទទួល​រឿង​ប្រកួត​) រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។ លោ

ក ស៊ុំ ស៊ី​ថែ​ន បាន​លើក​ឡើង​ថា កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក្រោម​ការ​ចូលរួម​ពី​បណ្តា​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ជាមួយនឹង​ទស្សនីយភាព​ដ៏​អស្ចារ្យ គឺ​ការ​បញ្ចាំង​នូវ​ភាពយន្ត​ខ្លី «​ភាសា​របស់​ម៉ែ​» ដោយ​លោក ភូ ហង្ស​បាប​ទី​ស្ត និង ភាពយន្ត​ខ្លី​ល្អ​បំផុត​ប្រចាំឆ្នាំ​២០២២ គឺ​រឿង «​សំលេង​រាត្រី​»​។

លោក​បញ្ជាក់​ថា តាំង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី​មហា​ស្រព​ភាពយន្ត​ខ្លី​ចតុមុខ លើក​ទី​១១ ឆ្នាំ​២០២២ នេះ ពួក​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​បណ្តា​ដៃគូ​ទាំងអស់ និង​សាធារណជន ដែល​បាន​គាំទ្រ​ពួក​យើង ហើយ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​លើកទឹកចិត្ត​ដល់​ផលិតករ សមិទ្ធ​ករ​ជំនាន់​ក្រោយ និង​ជួយ​ជម្រុញ​ឱ្យ​ភាពយន្ត​ខ្មែរ​មាន​សន្ទុះ​កើនឡើង និង​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​មហាជន​។

មហោស្រព​ឆ្នាំ​នេះ​ផ្ទាល់ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ​នៅ​ចុងខែ​វិច្ឆិកា​ចាប់ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៨ នៅ​ទីតាំង​៣​កន្លែង ៖ សាលសន្និសីទ ចតុមុខ រោង​ភាពយន្ត Legend Premium Noro Mall និង Major Phnom Penh Sorya ដោយ​មានការ​ជ្រោមជ្រែង ពី​ស្ថាប័ន​ដូច​ជា ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន អង្គការ Cambodian Children’s Fund, Purin Pictures Foundation, រោង​ភាពយន្ត Legend Cinema, Major Cineplex, Sabay News, EAC, ផលិតកម្ម Kongchak, SG Digital, Frutati និង​អ្នក​រួម​វិភាគទាន​គាំទ្រ​មហោស្រព​ជា​ច្រើន​រូប​។

ទោះ​យ៉ាងណា មហោស្រព​នៅ​តែ​បន្ត​ទទួល​ការ​ចូលរួម​ជា​ថវិកា​បន្ថែម ដើម្បី​ទ្រទ្រង់​ជំនាន់​ទី​១២ នៅ​ឆ្នាំ​២០២៣ ប្រកបដោយ​ភាព​រលូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ