ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ទិញ​លក់​ដីធ្លី​តំបន់​អរិយ​ក្សត្រ​ស្ងប់ស្ងាត់ ខណៈ​អាជ្ញាធរ​ថា​នឹង​អាច​ឡើងថ្លៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ពី​គម្រោង​ស្ថាបនា​ស្ពាន​ចំនួន​៣​ខ្សែ​ភ្ជាប់​ទៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ សកម្មភាព​ទិញ​លក់​ដីធ្លី​បាន​ចាប់ផ្ដើម​កម្រើក​មួយ​រយៈពេល​ខ្លី ប៉ុន្ដែ​បច្ចុប្បន្ន​នេះ សកម្មភាព​ទាំងនោះ​ហាក់ដូចជា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​ពី​គម្រោង​ស្ថាបនា​ស្ពាន​ចំនួន​៣​ខ្សែ​ភ្ជាប់​ទៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ សកម្មភាព​ទិញ​លក់​ដីធ្លី​បាន​ចាប់ផ្ដើម​កម្រើក​មួយ​រយៈពេល​ខ្លី ប៉ុន្ដែ​បច្ចុប្បន្ន​នេះ សកម្មភាព​ទាំងនោះ​ហាក់ដូចជា​ស្ងប់ស្ងាត់​ទៅ​វិញ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នកជំនាញ​អចលនវត្ថុ​នៅ​កម្ពុជា ស្រប​ពេល​ដែល​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ លើក​ឡើង​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជុំវិញ​នោះ​អាច​នឹង​ល្អ​ប្រសើរ ហើយ​ឡើង​ខ្ពស់​ទ្វេ​ដង​ថែម​ទៀត ខណៈ​ការ​អភិវឌ្ឍ​ទីក្រុង​បាន​ផ្ដើម​ងាក​ទៅ​ប៉ែក​ខាងកើត​នៃ​រាជធានី ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Advance បានឱ្យ​ដឹង​ថា សកម្មភាព​ទិញ​លក់​ដីធ្លី​នៅ​តំបន់​អរិយ​ក្សត្រ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០១៧​នេះ វា​មិន​ខុស​ពី​ស្ថានភាព​ទិញ​លក់​ដីធ្លី​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ទេ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​កាលពីមុន​ៗ ។

លោក​និយាយ​ថា ៖ « បើ​ធៀប​នឹង​កាលពី ពីរ​បី​ឆ្នាំ​មុន តំបន់​អរិយ​ក្សត្រ​ពេល​នេះ វា​មាន​សភាព​ស្ងប់ស្ងាត់ មិន​មានការ​ទិញ​លក់​ច្រើន​ណាស់ណា​ទេ ហើយ​ក៏​គ្មាន​គម្រោង​ថ្មី​ៗ​ណាមួយ​កើតឡើង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែរ គឺ​មាន​តែ​គម្រោង​ចាស់​ៗ​ដូច​ជា​ការ​ពុះ​ដី​ឡូត៍ និង​ការ​ប្រកាស​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​មួយ​ចំនួន​ប៉ុណ្ណោះ » ។

លោក​បន្ត​ថា បើ​ក្រឡេក​មើល​មួយ​ភ្លែត​តំបន់​នោះ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ត្រូវការ​ឆ្លងទន្លេ ដូចនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​តំបន់​នោះ​មិន​ត្រូវប៉ាន់​ដូច​តំបន់​ជាយ​រាជធានី​មួយ​ចំនួន ។ កន្លង​មក មាន​តែ​ព័ត៌មាន​ពី​ការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​ឆ្ពោះទៅ​អរិយ​ក្សត្រ តែ​ជាក់ស្ដែង​យ៉ាងណា​នោះ នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​ផ្លូវការ​នៅឡើយ ហើយ​ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ថា នឹង​ត្រូវ​សាងសង់​នៅ​ពេល​ណា​ជាក់លាក់​នៅឡើយ​ដែរ ។

លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន ដីធ្លី​នៅ​តំបន់​អរិយ​ក្សត្រ​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​ទីតាំង និង​សណ្ឋាន​ដី ។ ជាក់ស្ដែង បើ​ដី​នៅ​ជាប់មាត់​ទន្លេ និង​លក្ខណៈ​ជា​ដី​ភូមិ វា​មាន​តម្លៃ​ចន្លោះ​ពី​១០០​ទៅ​២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ហើយ​ដី​ចូល​ទៅ​ក្នុង និង​ជា​លក្ខណៈ​ដីចម្ការ​នោះ វា​មាន​តម្លៃ​ត្រឹម​ជុំវិញ​៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ​។ ចំណែក​ដី​ចុះ​ទៅ​កាន់តែ​ជ្រៅ វា​មាន​តម្លៃ​ត្រឹម​៥​ទៅ​១០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ក្នុង​១​ម៉ែត្រកា​រ៉េ ។

ទោះបី​យ៉ាងណា លោក​និយាយ​ថា ៖ «​តម្លៃ​នេះ​គ្រាន់តែ​ជា​ការ​វាយតម្លៃ​បឋម ដោយសារ​តែ​អរិយ​ក្សត្រ​ជា​តំបន់​មួយ​ធំ​ដែរ ដូចនេះ តម្លៃ​របស់​វា​មិន​ដូច​គ្នា​នោះ​ទេ » ។

លោក​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត បើសិនជា​មានការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​ត​ភ្ជាប់​ពី​អរិយ​ក្សត្រ​មក​ជ្រោយចង្វា ឬ​ទៅ​ល្វាឯម ផ្លូវជាតិ​លេខ​១ វា​នឹង​ធ្វើ​ឱ្យ​តំបន់​នោះ​មាន​សន្ទុះ​តម្លៃ​ឡើង​មួយ​កម្រិត​ទៀត ពីព្រោះ​បើ​មាន​ស្ពាន​ឆ្លងកាត់ នឹង​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​តំបន់​នេះ ។ ដូច្នេះ តម្លៃ​ដី​វា​នឹង​ត្រូវ​ឡើងថ្លៃ​នៅ​ក្នុង​កម្រិត​ណាមួយ​ជា​មិន​ខាន ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Founder Appraisal បានឱ្យ​ដឹង​ថា តំបន់​អរិយ​ក្សត្រ បើ​មើល​មែនទែន​ទៅ វា​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ប៉ុន្មាន​ទេ ហើយ​បើសិនជា​មាន​ស្ពាន​ឆ្លង​ឆ្ពោះទៅ​អរិយ​ក្សត្រ វា​នឹង​ធ្វើ​ឱ្យ​តំបន់​នោះ​កាន់តែ​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ ។

លោក​ឧកញ៉ា​បន្ត​ថា នៅ​ពេល​នេះ ដីធ្លី​នៅ​ជាយក្រុង​ចាប់ផ្ដើម​មាន​តម្លៃ​ហើយ ពីព្រោះ​ដី​នៅ​កណ្ដាល​ក្រុង​ចាប់ផ្ដើម​ចង្អៀត ដូចនេះ ការ​អភិវឌ្ឍ​ក៏​រីកសាយ​ទៅ​កាន់​ជាយ​ៗ​ក្រុង ហើយ​ប៉ែក​ខាងកើត​នៃ​រាជធានី ក៏​ជា​កន្លែង​ត្រូវប៉ាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ផង​ដែរ ។ ជាក់ស្ដែង វិនិយោគិន​បរទេស​ចាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍ​នៅ​តំបន់​ប៉ែក​ខាង​កើតជា​បណ្ដើរ​ៗ​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា ការ​រីក​ចម្រើន​ទៅ​លើ​វិស័យ​អចលនទ្រព្យ មាន​សំណង់ និង​ដីធ្លី​ជាដើម វា​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ដូច​ជា ការ​មក​បណ្ដាក់ទុន​វិនិយោគ​ពី​បរទេស និង​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ផង​ដែរ បើ​ពុំនោះ​ទេ ក៏​គ្មាន​វិនិយោគិន​ណា​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។

បើ​តាម​ប្រសាសន៍​របស់​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ឧសភា ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ជ្រោយចង្វា​ប៉ែក​ខាងកើត នឹង​ឡើងថ្លៃ​ទ្វេ​ដង​នៅ​អំឡុង​៥​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​នៅ​តំបន់​នោះ​មានការ​អភិវឌ្ឍ​ជា​បណ្ដើរ​ៗ ដូច​ជា​សំណង់​លំនៅ​ឋាន និង​អគារ​ខុន​ដូ ជាដើម ៕