ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង កែវ សុ​បញ្ញា លាតត្រដាង​ការ​ពិត​នៅ​ពីក្រោយ​ការ​ចង់បាន​កូន​មុន​រៀប​ការ

1 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះជា​ប្រឈម​មុខ​នឹង​ការ​រិះគន់​ដែល​អាច​កើត​មាន​ក្តី តែ​កញ្ញា កែវ សុ​បញ្ញា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស នៅ​តែ​មិន​បោះបង់​ចោល​នូវ​គំនិត​មួយ នោះ​គឺ​គម្រោង​នៃ​ការយ​កកូន បើ​ទោះបីជា​តារាចម្រៀង​រូប​នេះ មិន​ទាន់

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ប្រឈម​មុខ​នឹង​ការ​រិះគន់​ដែល​អាច​កើត​មាន​ក្តី តែ​កញ្ញា កែវ សុ​បញ្ញា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស នៅ​តែ​មិន​បោះបង់​ចោល​នូវ​គំនិត​មួយ នោះ​គឺ​គម្រោង​នៃ​ការយ​កកូន បើ​ទោះបីជា​តារាចម្រៀង​រូប​នេះ មិន​ទាន់​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ​ក្តី​។

កញ្ញា កែវ សុ​បញ្ញា ដែល​បាន​និង​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ និង​ត្រូវ​បាន​គេ​ស្គាល់​ដំបូង នៅ​ពេល​កញ្ញា​ចូលរួម​ប្រឡងប្រជែង​កម្មវិធី​ប្រឡង​ចម្រៀង​កន្លង​មក​នោះ បាន​លាតត្រដាង​ការ​ពិត​នៅ​ពីក្រោយ​ការ​ចង់បាន​កូន​មុន​រៀប​ការ​ថា ដោយសារ​តែ​កត្តា​សុខភាព ដូច្នេះ​កញ្ញា​ត្រៀម​នឹង​យក​បុត្រ​ជាមួយនឹង​គូ​ដណ្តឹង​របស់​នាង មុន​គម្រោងការ​រៀប​ការ​។

កញ្ញា កែវ សុ​បញ្ញា បាន​ទម្លាយ​មូលហេតុ​ទៀត​ថា កញ្ញា ចង់បាន​កូន​នៅ​ក្នុងឆ្នាំនេះ​តែ​ម្តង ដោយ​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ជុំវិញ​បញ្ហា​ទាំង​អស់នេះ ដោយ​អ្នកគាំទ្រ​ខ្លះ​ពោល​ថា គេ​មិន​ទាន់​បាន​ស្គាល់​មុខ​បុរស​ដែល​ជា​គូ​ដណ្តឹង​របស់​នាង​ផង តែ​បែរជា កែវ សុ​បញ្ញា ចង់បាន​កូន​ទៅ​វិញ​។

តា​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កែវ សុ​បញ្ញា បាន​ស្រាយ​ច​ម្ង​ល់​ដោយ​បាន​ពន្យល់​ថា នា​ពេល​បច្ចុប្បន្ន​នេះ កញ្ញា​មាន​គូ​ដណ្តឹង​ហើយ ដោយ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​កាលពី​ពេល​កន្លង​ទៅ ដោយ​រៀបចំ​ឡើងជា​លក្ខណៈ​គ្រួសារ​ធម្មតា ព្រោះ​កាលពី​កញ្ញា​បាន​ភ្ជាប់ពាក្យ​នោះ គឺ​អំឡុង​ពេល​កូ​វី​ដ ដូច្នេះ​បាន​ភ្ជាប់ពាក្យ​ដោយ​គ្រាន់តែ​ជា​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយពេល​នោះ​មិន​បាន​កៀរ​គង​អ្នកសិល្បៈ​អោយ​ចូលរួម​កុះករ​នោះ​ទេ​។

កែវ សុ​បញ្ញា បាន​បន្ត​ថា សុំ​ទោស​សម្រាប់​អ្នកសិល្បៈ​ដែល​មិន​អញ្ជើញ​អោយ​ចូលរួម​ដូច្នេះ ព្រោះ​ស្ថាន​ភាព​ពេល​នោះ​គឺ​លំបាក​ខ្លាំង ដូច្នេះ​កញ្ញា សូម​អធ្យាស្រ័យ​ផង​។ បើ​ទាក់ទង​ជាមួយ​ការ​ចង់បាន​កូន​មុន​ពេល​រៀប​ការ ដោយសារ កញ្ញា​មាន​បញ្ហា​សុខភាព ព្រោះតែ​កញ្ញា​មាន​ដុំ​ម្យ៉ាង​នៅ​ក្នុង​ស្បូន ដូច្នេះ​កញ្ញា​ប្រឈម​នឹង​បញ្ហា​អត់​កូន ហេតុ​ដូចនេះ​ហើយ ទើប​បានជា​កញ្ញា​ប្រញាប់​ចង់បាន​កូន​ដូច្នេះ​។

កែវ សុ​បញ្ញា បាន​បន្ថែម​ទៀត​ថា កញ្ញា​ធ្លាប់​មាន​ម្តង​ដែរ ប៉ុន្តែ​វា​មិន​នៅ ត្រង់​ចំណុច​នេះ​កញ្ញា​មានការ​សោកស្តាយ ក៏​ដូច​ជា​អាក់អន់​ស្រ​ពាន់​ចិត្តជា​ខ្លាំង​។ ចំណែក​រៀមច្បង​នៅ​ក្នុង​សិល្បៈ​ក៏​មានការ​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​អោយ​យក​កូន​មុន​រៀប​ការ​ផង​ដែរ ប្រសិនបើ​កញ្ញា​មាន​អាយុ​ច្រើន នោះ​បញ្ហា​នៃ​ការ​ប្រឈម​កើត​មាន​កាន់តែ​ខ្លាំង ដោយ​នា​ពេល​នេះ​កញ្ញា កែវ សុ​បញ្ញា មាន​អាយុ​៣១​ឆ្នាំ​ហើយ​។

កញ្ញា កែវ សុ​បញ្ញា បន្ត​ទៀត​ថា កញ្ញា​ក៏​មិន​ចង់​រំលង​ប្រពៃណី​នោះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​សុខភាព​ទើប​កញ្ញា​ធ្វើ​ដូច្នេះ ហេតុ​ដូចនេះ​សូមអ្នក​គ្រាំ​ទ្រ សូមកុំ​ធ្វើការ​រិះគន់​សម្រាប់​រូប​កញ្ញា កញ្ញា​ក៏​មិន​ចង់​ជួប​បញ្ហា​ចឹ​ង​ដែរ​។ ជុំវិញ​បញ្ហា​ទាំង​អស់នេះ កញ្ញា​ក៏​បាន​ភ្ជាប់ពាក្យ​រួច​មក​ហើយ គ្រាន់តែ​មិន​ទាន់​រៀប​ការ ដោយ​កញ្ញា​អាច​នឹង​មាន​រៀប​ការ​នៅ​ដើមឆ្នាំ​២០២៤​។

គួរ​រលឹក​ផង​ដែរ​ថា តារា​ស្រី​រូប​នេះ បាន​ប្រឡូក​ក្នុង​សិល្បៈ​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ ដោយ​កាលនោះ​កញ្ញា​បាន​ឈ្នះ​ពានរង្វាន់​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ក្នុង​កម្មវិធី អាយ​ដល​បេះដូង​ខ្មែរ​។ លុះ​មក​ដល់​ឆ្នាំ​២០១៤ ទើប​កញ្ញា​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី The Voice Cambodia ផង​ដែរ បើ​ទោះបីជា​កញ្ញា​មិន​បាន​ពាន ក៏​កញ្ញា​មានឈ្មោះ​បោះ​សម្លេង និង​មានការ​គាំទ្រ​ជា​ច្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

ជា​ចុង​ក្រោយ កញ្ញា កែវ សុ​បញ្ញា សុំ​កុំអោយ​មហាជន​មានការ​រិះគន់​រាល់​បញ្ហា​ទាំង​អស់នេះ ដោយ​សុំ​ជា​ការ​លើកទឹកចិត្ត​មក​វិញ និង​ជំនួស​ដោយ​ការ​គាំទ្រ កែវ សុ​បញ្ញា ជូនពរ​អោយ​មហាជន​មាន​សុខភាព​ល្អ និង​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​អោយ​ជួប​តែ​សុខ​សុវត្ថិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ