ប៉ូលិស និងអភិបាលក្រុងញូវយ៉ក លោក BILL DE BLASIO និយាយថា រថយន្តមួយគ្រឿងកាលពីថ្ងៃទី១៨ ឧសភា បានបុករះមនុស្សម្នានៅចិញ្ចើមថ្នល់មួយនៃទីលាន TIMES SQUARE ក្រុងញូវយ៉ក ដោយសម្លាប់យុវនារីម្នាក់អាយុ១៨ឆ្នាំ ហើយធ្វើឱ្យមនុស្ស២២នាក់ទៀតរងរបួស ។ អាជ្ញាធរគិតថា នេះពុំមែនជាអំពើភេរវកម្មមួយឡើយ ។
ប៉ូលិសបញ្ជាក់ថា អ្នកបើករថយន្តនេះកាលពីមុនត្រូវចាប់ខ្លួន២លើក រួចមកហើយ ដោយសារគេបើកបរក្នុងសភាពស្រវឹងស្រា ។ រូបគេជាបុរសអ្នកក្រុងញូវយ៉ក អាយុ២៦ឆ្នាំ មានឈ្មោះថា RICHARD ROJAS ។
ការបើករថយន្តបំបុកមនុស្សនេះកើតមាននាវេលាម៉ោង១៦ម៉ោងសាកលនៅកន្លែងសម្បូរអ្នកទេសចរនោះនៃក្រុងញូវយ៉ក ។ ទីនេះក្នុងមួយថ្ងៃៗមានមនុស្សទៅជាច្រើនរយពាន់នាក់ ។
រថយន្តបង្កហេតុពណ៌ក្រហមក្រោយបុករះមនុស្សម្នាបានទៅបុកជណ្តើរមួយទើបឈប់ ហើយប៉ូលិសអាចចាប់ខ្លួនអ្នកបើកបរ ។
ការប្រកាសពីឧប្បត្តិហេតុនេះនាំឱ្យគេនឹកឃើញដល់ការវាយប្រហារដោយរថយន្តកាំមីញ៉ុងលើមនុស្សម្នានៅទីក្រុងនីស ប្រទេសបារាំង ជាស្នាដៃនៃមនុស្សក្រុមរដ្ឋអ៊ិស្លាមសម្លាប់មនុស្សដល់៨៤នាក់ ហើយមនុស្សប្រមាណជា២០០នាក់រងរបួសកាលពីខែកក្កដា ឆ្នាំ២០១៦ ។ រួចកាលពីថ្ងៃទី២២ មីនា មនុស្ស៥នាក់ស្លាប់នៅក្រុងឡុងដ៍ ហើយ៤៩នាក់ទៀតរងរបួសដោយរថយន្តមួយគ្រឿងបុករះ បណ្តាអ្នកដំណើរលើស្ពាន WESTMINSTER ៕
ចែករំលែកព័តមាននេះ