ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលចាប់ខ្លូនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបាន ឆបោកម៉ូតូ មួយគ្រឿង នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ពីសង្សារបស់ខ្លួន ដែលស្គាល់គ្នាតាមហ្វេសប៊ុក ។
មន្ត្រីនគរបាលស្រុកកោធំ បានឱ្យដឹងថាជនសង្ស័យ ដែលបានចាប់ខ្លួនឈ្មោះ ហេង វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងកាត់សក់ ។ បានឆបោកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះ ស៊ាវ ស្រីនាង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ។ នគរបាលបានឱ្យដឹងបន្ថែមថា ជនរងគ្រោះ និងជនសង្ស័យ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ប្រមាណកន្លះខែមកហើយ ។ ដោយជនសង្ស័យ កុហកជនរងគ្រោះថា ជាអ្នករកស៊ីលក់ដូរគ្រឿងអាហារសមុទ្រនៅកំពង់សោម និងគ្មានប្រពន្ធកូននោះទេ ។ ក្រោយមកជនរងគ្រោះដោយលង់ជឿសម្ដីរបស់ជនសង្ស័យក៏បានព្រមធ្វើជាសង្សារជាមួយ នឹងជនសង្ស័យតែម្ដងទៅ ។ លុះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យ ហេង វិសាល បានសុំមកលេងផ្ទះជនរងគ្រោះ ស៊ាវ ស្រីនាង ដោយបានទិញមឹក បង្គា ក្របែល យកមកធ្វើអារហារហូបជាមួយក្រុមគ្រួសារជនរងគ្រោះ រួចក៏ត្រឡប់ទៅផ្ទះវិញ ។ លុះនៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងជនរងគ្រោះម្ដងទៀត ដោយណាត់ជួបគ្នានៅចំណុចវត្តកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា ស៊េរីឆ្នាំ២០១០ ទៅយក ហេង វិសាល រួចបាននាំគ្នាដើរលេងក្នុងវត្តទួលព្រះរាជា រួចហើយបានចូលទៅលេងផ្ទះឈ្មោះ ចាន់ ថន ហៅ រស្មី ត្រូវជាមេជាងសម្អាងការរបស់ ជនរងគ្រោះ នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។ រហូតម៉ោងជាង១២ថ្ងៃ ជនសង្ស័យបានឃើញម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅរបស់ឈ្មោះ ចាន់ ថន ហៅ រស្មី ក៏បានប្រើល្បិចកុហកសង្សារខ្លួនឈ្មោះ ស្រីនាង ថាខ្លួនមានការរវល់ត្រូវប្រញ៉ាប់ទៅភ្នំពេញវិញ ក៏បានឲ្យជនរងគ្រោះខ្ចីម៉ូតូរបស់ឈ្មោះ ចាន់ ថន ហៅរស្មី ជិះវិញ ព្រោះវាមានកញ្ចក់ត្រឹមត្រូវងាយស្រួលជិះចូលក្រុងភ្នំពេញ រួចជនរងគ្រោះក៏បានខ្ចីម៉ូតូមេជាងរបស់ខ្លួនជិះទៅភ្នំពេញជាមួយជនសង្ស័យតែម្ដង ។
នៅពេលដល់ភ្នំពេញជនសង្ស័យ ក៏បានប្រើល្បិចកុហកជនរងគ្រោះទៀតថា ខ្លួនត្រូវការជិះម៉ូតូទៅយកឥវ៉ាន់គេផ្ញើមក ដោយទុកឲ្យឈ្មោះ ស្រីនាង នៅរង់ចាំនៅហាងកាហ្វេមួយកន្លែងក្បែរវិមានឯករាជ្យ ហើយខ្លួនក៏យកម៉ូតូនោះទៅកាច់ស្លាកលេខចោល រួចឡើងតែមស៊េរីឆ្នាំ២០១៥ រួចគេចខ្លួនគេបាត់ ។ ចំណែកជនរងគ្រោះដោយរង់ចាំយូពេកមិនឃើញជនសង្ស័យត្រឡប់មកវិញ ទូរសព្ទ័ទំនាក់ទំនងពុំបាន ដឹងខ្លួនថាចាញ់បោកជនសង្ស័យ ក៏ត្រឡប់មកផ្ទះវិញតែម្ដង ។ រហូតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ទើបមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញស្រុកកោះធំ រួមនិងក្រុមគ្រួសារជនរងគ្រោះបានស្រាវជ្រាវរហូតបានព័ត៌មានថា ជនសង្ស័យនៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ពេលនោះកម្លាំងជំនាញបានសហការណ៍ជាមួយនគរបាលស្រុកស្អាង ចុះឃាត់ខ្លួនឈ្មោះ ហេង វិសាល នៅផ្ទះរបស់គេ ក្នុងភូមិព្រែកពោធិ៍ និងបានដកហូតម៉ូតូដែលជនសង្ស័យឆបោកយកទៅនោះមកវិញ ។-បច្ចុប្បន្នជនសង្ស័យ ហេង វិសាល និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ