រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូកៀរគ្នាដួលបោកក្បាលសន្លប់បន្តិច ដឹងខ្លួនវិញកន្ទ្រាក់ដៃកន្ទ្រាក់ជើងដោយសារតែមានជម្ងឺប្រចាំកាយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ទុលមុខវត្តតិក្ខប្បញ្ញោ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះខាងលើមិនបានស្គាល់ឈ្មោះ ដែលរស់នៅភូមិត្រពាំងអញ្ចាញ១ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក Today ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ១DO-៥០៧៤ ជិះគ្នា២នាក់ បើកដោយនារីរងគ្រោះឌុបក្មេងប្រុសជំទង់ម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញម៉ូតូនារីរងគ្រោះ ជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង ជិះតិចៗអែបកៀន ដែលស្របជាមួយម៉ូតូបង្ក ម៉ាក Viva ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់មិនចាំស្លាកលេខ ហើយបានបត់ស្តាំចូលតាមក្លោងទ្វារវត្តតិក្ខប្បញ្ញោ បានកៀរម៉ូតូរងគ្រោះ បណ្តាលឲ្យដួលបោកនឹងថ្នល់ដួលសន្លប់នារីរងគ្រោះម្នាក់ និងស្រាលម្នាក់ ចំណែកម៉ូតូបង្កមិនដួល បានបើករត់យ៉ាងលឿនបាត់ស្រមោល ។ ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលជនរងគ្រោះដួល គឺមិនធ្ងន់ធ្ងរប៉ុន្មានទេ គឺដោយនារីរងគ្រោះ មិនបានពាក់មួកសុវត្ថិភាពបណ្តាលឲ្យបោកក្បាលបណ្តាលឲ្យនារីរងគ្រោះ មានអាការកន្ទ្រាក់ដៃកន្ទ្រាក់ជើង និងប្រកាច់ បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបាននិយាយថា នារីរងគ្រោះមានជំងឺប្រព័ន្ធប្រសាទ ដែលតែងតែប្រកាច់ជាញឹកញយដូចមនុស្ស ស្គន់ជាន់ ។
ក្រោយពេលកើតហេតុសាច់ញាតិឃើញមានអាការប្រកាច់ដូចសព្វដង ក្រុមគ្រួសាររបស់នារីរងគ្រោះបានលើកដាក់លើរ៉ឺម៉កម៉ូតូដឹកយកទៅផ្ទះ ដើម្បីធ្វើចលនាឲ្យបានធូរស្រាលឡើងវិញ ដោយមិនបានដឹកយកទៅមន្ទីរពេទ្យទេ ចំណែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅភ្លាមៗផងដែរ ៕
ចែករំលែកព័តមាននេះ